អានតួអត្ថបទ
កូរ៉េ​ខាងជើង

កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​ក្នុងពេល​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ជិត ចំនួន ៤ដើម ដោយ​បាញ់​ចេញ​ពី​ឆ្នេរ​ប៉ែក​ខាង​កើត ឆ្ពោះ​ទៅ​ទីសមុទ្រ។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង។ ការ​សាកល្បងមីស៊ីល​នេះ​ទំនង​ជា​ត្រូវ​ធ្វើឡើង ដើម្បី​ជា​ការ​តបត​ទៅនឹង​សមយុទ្ធ ដែល​កងទ័ព​កូរ៉េ​ខាងត្បូង​កំពុង​ធ្វើ​ជាមួយ​អាមេរិក។

ការបាញ់សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី តែងតែ​ត្រូវ​បាន​កូរ៉េ​ខាងជើង​រៀបចំ​ធ្វើ​ជាច្រើន​លើក​មក​ហើយ កាលពីពេល​កន្លងមក
ការបាញ់សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី តែងតែ​ត្រូវ​បាន​កូរ៉េ​ខាងជើង​រៀបចំ​ធ្វើ​ជាច្រើន​លើក​មក​ហើយ កាលពីពេល​កន្លងមក REUTERS/Lee Jae-Won
ផ្សាយពាណិជ្ជកម្ម

 

មីស៊ីល​ទាំង ៤ ដើម ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង កាលពីថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ប្រភេទ​មីស៊ីល​រយៈចម្ងាយ​ជិត ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ជា ២០០​គីឡូម៉ែត្រ។ នេះ​បើ​យោងតាម​ការអះអាង​របសឮ​​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង ដែល​បាន​បញ្ជាក់​ផងដែរ​ថា កងទ័ព​កូរ៉េ​ខាង​ត្បូង​រក្សា​ការ​ប្រុងប្រយ័ត្ន និង​ត្រៀមខ្លួន​ជាប់ជានិច្ច ដើម្បី​ចាំ​ទប់ទល់​នឹង​ទង្វើ​បង្ក​ហេតុ​ណាមួយ​ពី​សំណាក់​កូរ៉េ​ខាង​ជើង។

គេ​សង្កេតឃើញ​ថា ការ​បាញ់​សាកល្បងមីស៊ីល​រយៈចម្ងាយ​ជិត​ដោយ​កូរ៉េ​ខាងជើង មិនមែន​ជា​រឿង​ចម្លែក​នោះទេ។ កន្លងមក របបដឹកនាំ​ក្រុងព្យុងយ៉ាង​តែងតែ​យក​ការ​បាញ់​សាកល្បងមីស៊ីល​នេះ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ រវាង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ ដូច្នេះ ការ​បាញ់​សាកល្បង​មីស៊ីល​នៅ​ពេលនេះ ក៏​ទំនង​ជា​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធប្រចាំឆ្នាំ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​កូរ៉េ​ខាងត្បូង នៅពេលនេះ​ដែរ។

កាលពី​យប់ថ្ងៃ​ចន្ទ ថ្ងៃ​ដែល​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​បើក​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក ទូកល្បាត​របស់​កូរ៉េ​ខាង​ជើង​បាន​បើក​ឆ្លងចូល​មក​ក្នុង​ដែនទឹក​របស់​កូរ៉េ​ខាង​ត្បូង​ជាច្រើន​លើក។ ការ​បាញ់​សាកល្បង​មីស៊ីល កាលពីថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​សកម្មភាព​មួយ​បន្ថែម​ទៀត ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ កាន់តែ​តានតឹង​ខ្លាំងឡើង​ថែមទៀត ក្នុងពេល​ដែល​សមយុទ្ធប្រចាំឆ្នាំ​កូរ៉េ​ខាង​ត្បូង-អាមេរិក ត្រូវ​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី១៨ ខែមេសា។

ក៏ប៉ុន្តែ សាស្រ្តាចារ្យ​ម្នាក់ នៅ​សកលវិទ្យាល័យ​កូរ៉េ​ខាង​ត្បូង ហើយ​ដែល​មាន​ជំនាញ​លើ​កិច្ចការ​កូរ៉េ​ខាង​ជើង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា កូរ៉េ​ខាង​ជើង​ទំនង​ជា​នឹង​បញ្ឈប់​ត្រឹម​ការ​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ជិត​នេះ ដោយ​​មិន​​ធ្វើ​ទង្វើ​ណាមួយ​ ដែល​នាំ​ឲ្យ​ភាពតានតឹង​កាន់តែរាលដាល​ធំជាង​នេះ​ទៀត​ទេ ដោយសារ​តែ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាងមិនចង់​បាត់បង់​ផលប្រយោជន៍ ដែល​ខ្លួន​អាច​ទាញ​យក​ពី​ភាពធូរស្រាល ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង ក្រោយ​ពី​​ខ្លួន​បាន​សុខចិត្ត​ធ្វើ​សម្បទាន អនុញ្ញាត​ឲ្យ​មាន​ជំនួប​ រវាង​សាច់ញាតិ​កូរ៉េ ដែល​បែក​គ្នា​តាំង​ពី​សម័យ​សង្រ្គាម​រួចទៅហើយ។

ទោះជាយ៉ាងណា​ក៏ដោយ បើ​គេ​ពិនិត្យ​មើល​ទៅលើ​មេរៀន​ពី​អតីតកាល អ្វី​ដែល​គេ​អាច​ដឹង​ច្បាស់ គឺ​ត្រង់​ថា មិនមាន​អ្នកណា​អាច​ស្មានទុក​ជាមុន​បាន​នោះទេ​ អំពី​សកម្មភាព​របស់​កូរ៉េ​ខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ