អានតួអត្ថបទ
ចិន-ហ្វីលីពីន

សមុទ្រចិនខាងត្បូង៖« ឧប្បត្តិហេតុ​ថ្មី​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​ម៉ានីល »

ភាព​តានតឹង​បាន​កើត​មាន​ជាថ្មី​ទៀត​រវាង​ប្រទេស​ចិន និង​ហ្វីល្លីពីន បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កងម៉ារីន​ហ្វីល្លីពីន និង​នាវា​នេសាទ​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​កាល​ពី​ថ្ងៃ​អង្គារ ទី១០ មេសា​ម្សិលមិញ។ គួរ​ជម្រាបជូន​ថា ក្រៅ​ពី​​រវាង​ចិន និង​ហ្វីល្លីពីន ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

ទូកនេសាទចិន​ដែល​កងម៉ារីន​ហ្វីល្លីពីន​ឃាត់ទុក
ទូកនេសាទចិន​ដែល​កងម៉ារីន​ហ្វីល្លីពីន​ឃាត់ទុក
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​ជាថ្មី​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ទី១០ មេសា​ម្សិលមិញ នៅ​ម្តុំ​កោះ Scarborough ដែល​ចិន​ហៅ​ថា កោះ Huangyan។ ក្នុង​ពេល​ដែល​នាវា​របស់​កងម៉ារីន​ហ្វីល្លីពីន​បាន​ចេញ​ប្រតិបត្តិការ​ព័ទ្ធ​ចាប់​នាវា​នេសាទ​ចិន​ចំនួន ៨គ្រឿង​ដែល​បាន​ចូល​មក​នេសាទ​នៅ​ម្តុំ​នោះ ក៏​ស្រាប់​មាន​អន្តរាគមន៍​ភ្លាមៗ ពី​នាវា​ឃ្លំាមើល​ដែនសមុទ្រ​របស់​ចិន។ គឺ​នៅ​ពេល​នោះ​ឯង ដែល​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ហាក់​ដូច​ជា​ជាប់​គំាង​មួយ​កន្លែង និង​បាន​ឡើង​តានតឹង​មួយ​កម្រិត​នៅ​ថ្ងៃ​នេះ។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​ហ្វីល្លីពីន​ឲ្យ​ដឹង​ថា ស្ថានការណ៍​កំពុង​បន្ត​ជាប់​គំាង​នៅ​ឡើយ រហូត​មក​ដល់​ព្រឹក​មិញ​នេះ។ កាល​ពី​យប់​ថ្ងៃ​អង្គារ ទី១០ មេសា​ម្សិលមិញ ពោល​ក្រោយ​ពី​ឧប្បត្តិហេតុ​ភ្លាម លោក​រដ្ឋមន្រ្តី​ការបរទេស​ហ្វីល្លីពីន​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​អគ្គរដ្ឋទូត​ចិន​ប្រចំា​ទីក្រុង​ម៉ានីល ដោយ​បញ្ជាក់​ប្រាប់​អ្នកការទូត​ចិន​រូប​នោះ​ថា តំបន់​ដែល​នាវា​នេសាទ​ចិន​បាន​ចូល​មក​នោះ គឺ​ជា​ដែនទឹក​របស់​ប្រទេស​ហ្វីល្លីពីន។ នៅ​ព្រឹកមិញ​នេះ​ទៀត ក្រសួង​ការបរទេស​ហ្វីល្លីពីន​ក៏​បាន​កោះហៅ​រូប​អគ្គរដ្ឋទូត​ចិន​ប្រចំា​ទីក្រុង​ម៉ានីល​ឲ្យ​ចូល​ជួប​ដើម្បី​រក​ដំណោះស្រាយ​តាម​ផ្លូវទូត។

នៅ​ក្នុង​ជំនួប​នោះ លោក​អគ្គរដ្ឋទូត​ចិន​បែរ​ជា​បាន​ជម្រុញ​ហ្វីល្លីពីន​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​មាន​ជម្លោះ និង​បាន​បញ្ជាក់​ថា កោះ Scarborough ដែល​ចិន​ហៅ​ថា កោះ Huangyan និង​ដែនទឹក​នៅ​ជុំ​វិញ គឺ​ជា​កម្មសិទ្ធិ​របស់​ចិន និង​ជា​តំបន់​ប្រពៃណី​របស់​ក្រុមអ្នកនេសាទ​ចិន។ ទន្ទឹម​គ្នា​នេះ ទីក្រុង​ប៉េកំាង​ក៏​បាន​លើក​យក​ឯកសារ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ជា​ច្រើន​មក​សំអាង ដើម្បី​បញ្ជាក់​ថា កោះ Huangyan គឺ​ជា​របស់​ចិន។

គួរ​ជម្រាបជូន​ថា ក្រៅ​ពី​ជា​ផ្លូវទឹក​យុទ្ធសាស្រ្ត​រវាង​អាស៊ីបូព៌ា មជ្ឈិម​បូព៌ា និង​ទ្វីប​អឺរ៉ុប នៅ​ក្រោម​បាត​សមុទ្រ​ចិន​ខាងត្បូង​ក៏​សម្បូរ​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន​ដែរ។ ចំណែក​នៅ​ក្នុង​ទឹក​វិញ ក៏​សម្បូរ​ត្រី​ដែល​ក្រុម​អ្នកនេសាទ​ចិន វៀតណាម និង​ហ្វីល្លីពីន​នំា​គ្នា​ចូល​ទៅ​នេសាទ តែ​ត្រូវ​បាន​ឆ្មំា​សមុទ្រ​របស់​ប្រទេស​នីមួយៗ​ចាប់​ទៅ ចាប់​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ