អានតួអត្ថបទ
កម្ពុជា

មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ត្រូវ​បាន​តែង​តាំង​ជាទី​ប្រឹក្សា​ និង​អនុរដ្ឋ​លេខាធិ​ការ​តាម​ក្រសួង​រដ្ឋ​

បើទោះបីជា​គណបក្សហ្វ៊ុនស៊ិនប៉ិច មិន​ទទួលបាន​អាសនៈ​នៅក្នុង​សភា​ក៏ដោយ ក៏ប៉ុន្តែ​ មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៅក្នុង​គណបក្ស​រាជានិយម​មួយ​នេះ នៅតែមាន​មុខមាត់​ទទួលបាន​តំណែង​នៅក្នុង​រដ្ឋាភិបាល​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ ពួកគេមិន​មាន​តួនាទី​ទទួលខុស​ត្រូវ​អ្វី នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះទេ។

លោក ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
លោក ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជា​អតីត​ឧបនាយករដ្ឋមន្ត្រី នៅក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន នៅក្នុង​អាណត្តិ ទី៤ បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មាន​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​មួយចំនួន​ នឹងត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណតិ្ត​​ទី៥នេះ តែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា និង​ជា​អនុ​រដ្ឋលេខា នៅតាម​ក្រសួង​នានា​របស់​រដ្ឋ។

បើតាម​លោក​ញឹក ប៊ុនឆៃ មន្ត្រី​ទាំងអស់នោះ​គ្រាន់តែ​ទទួល​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល និង​​ជា​អនុរដ្ឋលេខាធិការ​នៅតាម​ក្រសួង​របស់​រដ្ឋ​តែប៉ុណ្ណោះ ហើយ​ពួកគេ​ពុំមាន​តួនាទី​ទទួល​ខុសត្រូវ​​អ្វី នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះទេ។

គួររំលឹកថា លោក ញឹក ប៊ុនឆៃ ដែល​កាលពី​ថ្ងៃទី១ ខែតុលា​កន្លងទៅ​នេះ ត្រូវបាន​ព្រះ​មហាក្សត្រ​បានចេញ​ព្រះរាជ​ក្រិ​ត្យ​តែងតាំង​ឲ្យ​ក្លាយជា​ទីប្រឹក្សា​របស់លោក ហ៊ុន សែន ដែលមាន​​ឋានៈ​ស្មើនឹង​ឧបនាយករដ្ឋមន្ត្រី នៅក្នុង​អាណត្តិ​ទី៥នេះ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ មិនបាន​បញ្ជាក់​ប្រាប់ថា​មាន​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​ប៉ុន្មាន​រូប​ពិតប្រាកដ​នោះទេ ដែល​ត្រូវបានតែងតាំង​នោះ។ ប៉ុន្តែ ​ព្រះរាជក្រិត្យ​តែងតាំង​ដល់​មន្ត្រី​ទាំងអស់នោះ​ នឹង​ចេញ​ជា​ផ្លូវការ​នៅក្នុង​ស​ប្តា​ហ៏​នេះ។

យោងតាម​លោក ញឹក ប៊ុនឆៃ ការដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ទទួល​យក​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច ធ្វើជា​ទីប្រឹក្សា​នៅតាម​ក្រសួង គឺ​ដោយយោង​ទៅលើ​សមាជរ​បស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ខែមីនា ពី​មុនពេល​បោះឆ្នោត ​និង​​​ដោយ​សារ​តែ​មន្ត្រី​គណបក្ស ហ្វ៊ុនស៊ីនប៉ិច​ នៅតែ​ជា​ដៃគូ​​ចូលរួម​នៅ​គ្រប់​សកម្មភាព​នានា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាដដែល។

គួរ​បញ្ជាក់ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជា​គណបក្ស​ទទួល​បាន​ជ័យជម្នះ នៅក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​១៩៩៣ ធ្លាប់ជា​គណបក្ស​​​គូប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ មិនយូរប៉ុន្មាន គណបក្ស​រាជានិយម​មួយ​នេះ​បានប្រែក្លាយ​ទៅជា​គណបក្ស​ដែល​មាន​សម្ព័ន្ធភាព​ស្អិតល្មួត ជាមួយ​គណបក្ស​ប្រជាជន​វិញ  ហើយ​បាន​បន្ត​ធ្លាក់ចុះ​ប្រជា​ប្រិយភាព​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​ជា​បន្តបន្ទាប់ រហូតដល់​មិន​ទទួលបាន​សូម្បី​តែមួយ​អាសនៈ​នៅក្នុង​សភា​នៅក្នុង​អាណត្តិ​ទី៥នេះ។
 

កន្លងមក អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​គណបក្សប្រឆាំង​ តែងតែ​រិះគន់​ចំពោះ​រដ្ឋាភិបាល​ទៅ​លើក​ការតែងតាំង​ឲ្យ​មាន​ទីប្រឹក្សា​យ៉ាងច្រើន​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា ដោយបាន​ហៅ​ការតែងតាំង​នេះ​ថា ជាការ​អត់​ប្រយោជន៍ ដែល​ធ្វើ​ឲ្យ​ចំណាយ​ថវិកាជាតិ​ច្រើន​ មិន​ចំ​ទិសដៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ