អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រ​ឆាំង និង​រដ្ឋាភិបាល ចោទ​គ្នា​ពី​ការ​មិន​គោ​រព​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា

រយៈ​​ពេល​២១​​ឆ្នាំ​​មក​​នេះ​​ រដ្ឋ​​ធម្មនុញ្ញ​​របស់​​កម្ពុជា​ ត្រូវ​​បាន​​បក្ស​​ប្រឆាំង​ និង​​រដ្ឋាភិបាល​​ចោទ​ប្រកាន់​​គ្នា​​​ថា​​មិន​​បាន​គោ​រព​ត្រឹម​​ត្រូវ​​ទាំង​​ស្រុង​​នៅ​​ឡើយ​​ទេ។​ មន្ត្រី​​​​របស់​​​រដ្ឋាភិបាល​​​ចាត់​​​ទុក​​​ថា ​ច្បាប់​​កំពូល​​​របស់​​​កម្ពុជា​​​មួយ​​​នេះ​​​ត្រូវ​​​បាន​​​គោ​​រព​​​យ៉ាង​​ល្អ ​ចំណែក​​ឯ​បក្ស​​ប្រឆាំង​​ ចាត់​​ទុក​​ថា​​រដ្ឋ​​ធម្មនុញ្ញ​​កម្ពុជា​ នៅ​​មាន​​ការ​​រំលោភ​​បំពាន​​នៅ​​ឡើយ​​។

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញ​នេះ គឺជា​ទិវា​រដ្ឋធម្មនុញ្ញ ហើយ​ទាំង​រដ្ឋាភិបាល ទាំង​បក្សប្រឆាំង នៅតែ​ចង្អុល​ដាក់គ្នា លើ​រឿង​គោរព​រដ្ឋធម្មនុញ្ញ​នេះ។ តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក ម៉ៅ មុនី​វណ្ណ បាន​លើកឡើងថា ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុ​ជា គឺ​ល្អ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​អនុវត្ត​ទាំងស្រុង​នូវ​ស្មារតី​រដ្ឋធម្មនុញ្ញ​នោះទេ។ ពោលគឺ​បក្ស​កាន់អំណាច​មិនបាន​អនុវត្ត​សោះឡើយ ដូចជា​ច្បាប់​អន្តោប្រវេសន៍​ជាដើម។

 
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​គោរព​បាន​យ៉ាង​ល្អ ពោលគឺ​ចាប់តាំងពី​ការកសាង​សន្តិភាព​ក្នុងប្រទេស​កម្ពុជា ដូចជា​ការគោរព​សិទ្ធិមនុស្ស​ជាដើម។ បើទោះបីជា កម្ពុ​ជាមាន​បញ្ហា​វិបត្តិ​នយោបាយ​ប​ន្តិ​បន្តួច​ក៏ដោយ។ លោក​បាន​សង្កត់ធ្ងន់ថា មានតែ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នោះទេ ដែលមាន​សមត្ថភាព​ក្នុងការ​វិនិច្ឆ័យ​ថា​អ្នកណា​រំលោភ​រដ្ឋធម្មនុញ្ញ ឬ​មិន​រំលោភ​រដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់​ជូន​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ គឺជា​ច្បាប់កំពូល ដែល​ត្រូវបាន​បង្កើតឡើង​ក្រោយ​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​ជាង៣ទស្សវត្សរ៍ និង​ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩។ រដ្ឋធម្មនុញ្ញ ដែលមាន​អាយុ២១ឆ្នាំនេះ បានធ្វើ​វិសោធនកម្ម​ចំនួន៦លើក​ហើយ គឺ​នៅ​ឆ្នាំ១៩៩៤ ឆ្នាំ១៩៩៩ ឆ្នាំ២០០១ ឆ្នាំ២០០៥ ឆ្នាំ២០០៦ និង​ឆ្នាំ២០០៨ ។ 

លោក​សុខ ទូច អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា បាន​អះអាងថា​ការអនុវត្ត​លើ​រដ្ឋធម្មនុញ្ញ គឺមាន​តែ២០ភាគរយ​ទេ ពោលគឺ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​គោរព​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​នោះទេ។ ប៉ុន្តែ​គណបក្ស​ទាំងពីរ​បែរជា​នាំគ្នា​គោរព​កិច្ចចរចា​នយោបាយ​ទៅវិញ។ ប្រសិនបើ​គណបក្ស​ទាំងពីរ​ពិតជា​គោរព​រដ្ឋធម្មនុញ្ញ​មែន​នោះ វិបត្តិ​នយោបាយ​របស់​កម្ពុជា មិនអាច​កើតមានឡើង​បានទេ។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​សុខ ទូច។

លោក​បញ្ចា​ក់ថា ដើម្បី​ចៀស​ឲ្យ​ផុត​ចំពោះ​ការមិន​គោរព​រដ្ឋធម្មនុញ្ញ របស់​គណបក្សនយោបាយ​ក្នុងប្រទេស​កម្ពុជា គឺមាន​តែ ឆន្ទៈ​របស់​អ្នក​យោ​បាយ និង​ការសម្រេច​របស់​ប្រជាពលរដ្ឋ​ទេ ព្រោះ​ថាបើ​អ្នកនយោបាយ​មិន​គោរព​រដ្ឋធម្មនុញ្ញ នោះ​ប្រជាពលរដ្ឋ​នឹងមិន​បោះឆ្នោត​គាំទ្រ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ