អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​​និង​​​រាជ​​រដ្ឋាភិបាល​​កំពុង​​រួមគ្នា​​ប្រឆាំង​​អំពើ​​ពុករលួយ​​

ស្រប​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បើក​យុទ្ធនាការ​ ទទួល​មន្ត្រី​ជាប់​កាតព្វកិច្ច​ឲ្យ​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិអង្គការ​សង្គម​ស៊ីវិល​ពីរ​ដែល​ធ្វើការ​ពាក់ពន្ធ័​នឹង​តម្លាភាព​បាន​ប្រកាស​រួម​កម្លាំង​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ អង្គការ​តម្លាភាព​កម្ពុជានិង​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​និង​គណនេយ្យភាព​សង្គមបាន​ប្រកាស​ថានឹង​កសាង​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។រហូត​ដល់​ចុង​សប្តាហ៍​នេះមាន​មន្ត្រី​ជិត​២ម៉ឺន​នាក់​ហើយ​ដែល​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ។

អង្គការ​សង្គម​ស៊ីវិល​​​និង​​រាជ​រដ្ឋាភិបាល​កំពុង​​​​រួប​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ
អង្គការ​សង្គម​ស៊ីវិល​​​និង​​រាជ​រដ្ឋាភិបាល​កំពុង​​​​រួប​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា ​ហាក់​ដូច​ជា​កំពុង​មាន​សកម្មភាព​គគ្រឹក​គគ្រេង ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទាំង​ក្នុង​រាជ​​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។ ជាក់ស្តែង អង្គការ​សង្គម​ស៊ីវិល​ពីរ​ បាន​ប្រកាស​ជា​ឧឡា​រឹក​អំពី​ការ​រួប​រួម​គ្នា ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​អំពើ​ពុករលួយ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​រួមគ្នា​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ អង្គការ​តម្លាភាព​កម្ពុជា និង​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​និង​គណនេយ្យភាព​សង្គម បាន​អះអាង​ថា ពួកគេ​បាន​បង្កើត​យុទ្ធសាស្ត្រ​បី​ឆ្នាំ​ ដើម្បី​​អភិវឌ្ឍ​​សមត្ថភាព​ការងារ​ផ្ទៃ​ក្នុង និង​រួម​កម្លាំង​ជាមួយ​ភាគី​ពាក់​ពន្ធ័​ផ្សេងៗ ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព។

ក្នុង​ឆ្នាំ​២០១៣​នេះ សង្គម​ស៊ីវិល​នឹង​ផ្តោត​ទៅ​លើ​ការ​ផ្តល់​ចំណេះដឹង​ដល់​សមាជិក​ទាំង៣១ របស់​ខ្លួន​ ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ក៏​ដូចជា​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ប្រឆាំង​អំពើ​ពុករលួយ។ ក្រៅ​ពីនោះ យុទ្ធនាការ​តស៊ូ​មតិ​ថ្មីៗ​ជាច្រើន​នឹង​ត្រូវ​បង្កើត​ឡើង​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​អះអាង​ថា​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យភាព​សង្គម ​គឺ​ជា​យន្តការ​ដ៏​ល្អ​ប្រសើរ​សម្រាប់​បញ្ជ្រាប​គម្រោង​ នៅ​ទូទាំង​ប្រទេស។ លោក​សង្ឃឹម​ថា តាម​រយៈ​បណ្តាញ​ដ៏​រឹងមាំ​របស់​ខ្លួន សម្ព័ន្ធ​នេះ​អាច​ផ្ញើ​សារ​ស្តី​ពី​អំពើ​ពុករលួយ​បាន​កាន់​តែ​ទូលំទូលាយ ​និង​ឆាប់​រហ័ស​ជាង​មុន​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។

ការ​ប្រកាស​ចង​សម្ពន្ធ័​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​​រាជ​រដ្ឋាភិបាល ​កំពុង​ប្រកាស​ឲ្យ​មន្ត្រី​ជាប់​កាតព្វកិច្ច​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​ជា​លើក​ទី២។ ពួក​គេ​មាន​ពេល​ពេញ​មួយ​ខែ​មករា​នេះ ​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។ គិត​ត្រឹម​ចុង​សប្តាហ៍​នេះ មាន​មន្ត្រី​ប្រមាណ​ជា ២​ម៉ឺន​នាក់​ហើយ​ក្នុង​ចំណោម​ជិត​៣​ម៉ឺន​នាក់​ ដែល​បាន​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល។

កាល​ពី​ឆ្នាំ​២០១២ កម្ពុជា​ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​ផ្តល់​ចំណាត់ថ្នាក់​អំពើ​ពុករលួយ​លេខ​១៥៧ ក្នុង​ចំណោម​១៧៦ ប្រទេស។ ទោះបី​ជា​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ ​២០១១បន្តិច​មែន ប៉ុន្តែ​ចំណាត់​ថ្នាក់​បង្ហាញ​ថា កម្ពុជា​នៅ​តែ​មាន​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង​នៅ​ឡើយ ​ដែល​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ