សហគ្រាសបច្ចេកវិទ្យារ៉ូបូទូន្មានពីគ្រោះថ្នាក់នៃអាវុធរ៉ូបូដែលអាចសម្លាប់ជនស្លូតត្រង់មិនរើសមុខ
ប្រធានបណ្តាក្រុមសហគ្រាសរ៉ូបូ ជាង១០០នាក់បានសរសេរលិខិតទៅអង្គការសហប្រជាជាតិ សុំអោយពិចារណា និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់បង្កឡើងដោយអាវុធស្វ័យប្រវត្តិដែលគេបំពាក់លើរ៉ូបូ ដែលគេដាក់ងារអោយថា "រ៉ូបូឃាតករ"រឺក៏ "រ៉ូបូពិឃាត"។ មូលហេតុគឺដោយសារប្រភេទអាវុធរ៉ូបូបែបនេះ ដែលគេប្រើក្នុងជម្លោះយោធា អាចសម្លាប់មនុស្សស្លូតត្រង់បានរហ័សបំផុត មិនអាចស្មានដល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៥
មេដឺកនាំសហគ្រាសបច្ចេកវិទ្យារ៉ូបូ បាននាំគ្នាសរសេរលិខិតមួយច្បាប់ ផ្ញើទៅអង្គការសហប្រជាជាតិអោយពិចារណាអោយមែនទែន ពីគ្រោះថ្នាក់នៃបច្ចេកវិទ្យានៃអាវុធស្វ័យប្រវត្តិបំពាក់លើរ៉ូបូ ដែលគេយកទៅប្រើក្នុងជម្លោះប្រដាប់អាវុធ ព្រោះថា អាវុធរ៉ូបូទាំងនេះ អាចត្រូវមេដឺកនាំផ្តាច់ការ រឺក៏ក្រុមភេរវជនយកទៅប្រើសម្លាប់មនុស្សស្លូតត្រង់បាន។ អាវុធរ៉ូបូ មានលក្ខណៈស្វ័យត មានប្រសិទ្ធភាពខ្ពស់។ គេមិនចាំបាច់ប្រើមនុស្សអោយទៅធ្វើសង្គ្រាមទេ។ គេបញ្ជាអាវុធរ៉ូបូទាំងនេះ អោយទៅកំចាត់សត្រូវ ដោយមិនចាំបាច់មានមនុស្សស្លាប់ទេ គឺមានតែខាងភាគីសត្រូវប៉ុណ្ណោះដែលត្រូវរ៉ូបូសម្លាប់។ ប៉ុន្តែ អាវុធរ៉ូបូពិឃាតទាំងនេះមិនបានរើសមុខប្រជាជនស្លូតត្រង់ទេ វាអាចសម្លាប់មនុស្សរហ័សបំផុត ពិបាកស្មានដល់។
ក្នុងចំណោមប្រធានសហគ្រាសរ៉ូបូ រឺសហគ្រាសផលិតឧបករណ៍បច្ចេកវិទ្យាពិសេស ដែលបានសរសេរលិខិតផ្ញើទៅអង្គការសហប្រជាជាតិ គេឃើញមានមហាសេដ្ឋីអាមេរិក លោកអេឡុន ម៉ាស្ក Elon Musk ជាប្រធានសហគ្រាសរថយន្តដើរដោយចរន្តអគ្គិសនី Tesla។ មេដឺកនាំក្រុមសហគ្រាសរ៉ូបូ លើកឡើងពីការទទួលខុសត្រូវរបស់ពួកគេ ក្នុងការប្រកាសសញ្ញាអាសន្ន ពីគ្រោះថ្នាក់របស់រ៉ូបូពិឃាតទាំងនេះ។ ក្រុមអ្នកស្រាវជ្រាវរាប់ពាន់នាក់ ធ្លាប់បានអំពាវនាវអោយហាមឃាត់អាវុធប្រភេទនេះដែរ កាលពីឆ្នាំ២០១៥។ អង្គការសហ ប្រជាជាតិធ្លាប់គិតគូរពីប្រភេទអាវុធរ៉ូបូដែរ ហើយតាមធម្មតា ពេលនេះ ត្រូវបើកកិច្ចប្រជុំរឿងនេះ នៅក្រុងហ្សឺណែវ ប៉ុន្តែ បែរជាលើកពេលប្រជុំនេះ ទៅធ្វើនៅខែវិច្ឆិកាទៅវិញ។
ការប្រកាសអោយមានការប្រុងប្រយ័ត្នពីផលវិបាកអាវុធប្រភេទរ៉ូបូ ធ្វើឡើងដោយក្រុមសហគ្រាសរ៉ូបូ ពេលនេះ គឺធ្វើចំពេលទីក្រុងមែលបួន អូស្ត្រាលីរៀបចំសន្និសីទអន្តរជាតិស្តីពីបច្ចេកវិទ្យាឆ្លាតវៃបែបសិប្បនិម្មិតនេះដែរ។ សន្និសីទនេះបើកធ្វើថ្ងៃចន្ទនេះ ដោយមានអ្នកចូលរួមសន្ធឹកសន្ធាប់រហូត២០០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ