អានតួអត្ថបទ
កម្ពុជា

ជម្លោះ​ដីធ្លី ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​​ស្ទើរ​ពេញ​មួយ​ថ្ងៃ

ស្ទើរតែ​​​ពេញ​​​មួយ​​ថ្ងៃ​នេះ ​ប្រជាពលរដ្ឋ​​ប្រមាណ​៤០០​នាក់​ បាន​​ឈរ​​បិទ​​ផ្លូវ​​ជាតិ​​លេខ​៧៦ ​អា ​ដែល​​ភ្ជាប់​​ចរាចរណ៍​​ពី​​ខេត្ត​​ក្រចេះ​ទៅ​កាន់​​ខេត្ត​​មណ្ឌលគិរី​។​ ប្រជាពល​រដ្ឋ​ ​បិទ​ផ្លូវ​​តវ៉ា​​នោះ ​ដើម្បី​​ជំរុញ​​ឲ្យ​​អាជ្ញាធ​​ររដ្ឋាភិបាល​​ស្វែង​រក​​ដំណោះស្រាយ​​ក្នុង​​ជម្លោះ​​ដីធ្លី​​រវាង​​ក្រុមហ៊ុន​និង​​ប្រជាពលរដ្ឋ​ ពិសេស​​ក្រុម​​ប្រជាពលរដ្ឋ​ ទាមទារ​​ឲ្យ​​អាជ្ញាធរ​រ​ដ្ឋា​ភិបាល​ចាប់​ខ្លួន​​សន្តិសុខ​​ក្រុមហ៊ុន ​ធី ធី វ៉ា​យ​ ដែល​​បាន​​បាញ់​​ប្រជាពលរដ្ឋ​ របួស​ ៤ ​នាក់​ក្នុង​​ជម្លោះ​​ដីធ្លី​​នៅ​​ព្រឹក​​មិញ​។​​

ពលរដ្ឋ​បុរីកីឡា​រត់​ចេញ​ពី​កន្លែង​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​រាជធានីភ្នំពេញ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨​មករា​ ឆ្នាំ​២០១២​
ពលរដ្ឋ​បុរីកីឡា​រត់​ចេញ​ពី​កន្លែង​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​រាជធានីភ្នំពេញ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨​មករា​ ឆ្នាំ​២០១២​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

សកម្មជន​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​ចុះទៅ​សង្កេតការណ៍​ដល់​កន្លែង​កើតហេតុ បាន​សម្តែង​ការសោកស្តាយ ចំពោះ​ទង្វើ​របស់​ក្រុម​សន្តិសុខ​ការពារ​ក្រុមហ៊ុន ធី​ធី​វ៉ា​យ ( T.T.Y. ) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី​។ សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ បាន​បាញ់កាំភ្លើង​អាកា លើ​ក្រុម​ប្រជាពលរដ្ឋ​តវ៉ា កាលពី​ព្រឹក​ម៉ោង​ប្រមាណ ១១ ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១២​។

​សកម្មជន​សិទ្ធិមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចា​ប់ជនដៃ​ដល់​មក​ផ្តន្ទាទោស ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ញឹកញាប់​ថា មិនឲ្យ​មាន​កម្លាំង​ប៉ូលិស​ទាហាន ទៅ​ការពារ​ក្រុមហ៊ុន​ឯកជន​ទេ​។

​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃនេះ ពលរដ្ឋ​បាន​បិទផ្លូវ ៧៦ អា ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ ចាប់​ជន​ដៃ​ដល់​​មក​ផ្តន្ទាទោស​។ នៅ​ព្រឹក​មិញ ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន ឈូស​ឆាយ​​ដី​ដាំដំឡូង​មី ដែល​មាន​ជម្លោះ​យូរ​ឆ្នាំ​មក នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន ធី​ធី​វ៉ា​យ សំអាងថា ខ្លួន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​បាន​ឈូសឆាយដី ដែល​ប្រជាពលរដ្ឋ​ដាំដំឡូង​មី​រាប់សិប​ហិកតា​។​

ការផ្តល់​ដី​សម្បទា​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍភាគច្រើន បាន​បង្ក​ជម្លោះ​ជាមួយ​​ប្រជា​ពលរដ្ឋ​។​ ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ​លើ​ដី​របស់​ពលរដ្ឋ​។ ក៏ប៉ុន្តែ​ការតវ៉ា​របស់​ពលរដ្ឋ ត្រូវ​បង្ក្រាប និង​មាន​អ្នកខ្លះ ត្រូវបាន​ចាប់ឃុំខ្លួន​ផងដែរ​។

​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី នៅ​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ ក្រុម​ពលរដ្ឋ​បុរី​កីឡា២០ នាក់ ដែល​អាជ្ញាធរ​ចាប់​ឃុំ​ឃាំង កាលពី​ថ្ងៃ​ទី​១១​មករា ក៏​បាន​ឡើង​ផ្លោះ​របង រត់ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ​ផងដែរ​។ ក្រុម​ពលរដ្ឋ​បុរី​កីឡា ដែល​ត្រូវ​ក្រុមហ៊ុន​ផាន​អ៊ី​មិច និង​អាជ្ញាធរ ឈូសឆាយ កម្ទេច​ផ្ទះ កាលពី​ថ្ងៃ​ទី​៣​មករា បាន​ទាមទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ស្ថានទូត​នានា តែ​ត្រូវ​អាជ្ញាធរ ចាប់​យក​ទៅ​ឃុំឃាំង​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ឬ​មណ្ឌល​ព្រៃ​ស្ពឺ ដែល​ជា​កន្លែង​ផ្ទុក​អ្នកសុំទាន និង​អ្នក​គ្មាន​ជម្រក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ