អានតួអត្ថបទ
កម្ពុជា

តុលាការ​សម្រេច​ឲ្យ​សកម្មជន​គណបក្សសង្គ្រោះជាតិ​ទាំង ៥នាក់​ និង​អតីត​ព្រះសង្ឃ ​៣អង្គ​ នៅក្រៅឃុំ​

តុលាការ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​មេសា​នេះ បាន​បើក​សវនាការ សម្រេច​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥នាក់ រួម​ទាំង​លោក​មាជ​សុវណ្ណារ៉ា និង​អតីត​ព្រះសង្ឃ ៣អង្គ បាន​នៅ​ក្រៅ​ឃុំ។ ការ​ដោះលែង នឹង​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​នេះ​តែ​ម្តង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ចោទ​ពី​បទ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១។

លោក​មាជ សុវណ្ណារ៉ា ដែល​ត្រូវបាន​ដោះលែងឲ្យ​នៅក្រៅឃុំបណ្តោះអាសន្ន ហើយ​ត្រូវបាន​ទទួលការស្វាគមពីមេបក្សសង្គ្រោះជាតិទាំងពីរ។
លោក​មាជ សុវណ្ណារ៉ា ដែល​ត្រូវបាន​ដោះលែងឲ្យ​នៅក្រៅឃុំបណ្តោះអាសន្ន ហើយ​ត្រូវបាន​ទទួលការស្វាគមពីមេបក្សសង្គ្រោះជាតិទាំងពីរ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥រូប ដែល​ជាប់​ពន្ធនាគារ​ព្រៃស ដោយ​រួម​មាន លោក​មាជ សុវណ្ណារ៉ា ជា​ដើម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​មេសា​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដោយ​ត្រូវ​បង់​ប្រាក់​តម្កក់​ទុក ១០ លាន​រៀល។ នេះ​បើ​តាម​លោក អំ សំអាត អ្នក​តាម​ដាន​សវនាការ និង​ជា​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។  

លោក អំ សំអាត បាន​បញ្ជាក់​ថា អតីត​ព្រះសង្ឃ ៣​អង្គ ដែល​រួម​មាន​ទាំង​អតីត​ព្រះសង្ឃ សឺង ហាយ ផង ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ទី ១៤​មេសា។ តាម​លោក អំ សំអាត ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥រូប រួម​នឹង​អតីត​ព្រះសង្ឃ ៣​អង្គ នឹង​ត្រូវ​ដោះ​លែង នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ តែ​ម្តង។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា នេះ​គឺ​ជា​វប្បធម៌​សន្ទនា​ដ៏​ល្អ​មួយ រវាង​គណបក្ស​ទាំង​ពីរ ព្រោះ​ការ​ដោះលែង​សកម្មជន​ដី​ធ្លី សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​ព្រះសង្ឃ​ជា​បន្ត​បន្ទាប់ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចរចា​ត្រូវ​រ៉ូវ​គ្នា ក្នុង​ការ​បង្កើត​គ.ជ.ប ថ្មី កាល​ពី​ថ្ងៃ​ទី​៩​មេសា​កន្លងទៅ។
សូម​រម្លឹក​ជូន​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥រូប ដែល​រួម​មាន លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន​ចំនួន ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ ។ ដោយ​ឡែក អតីត​ព្រះសង្ឃ ៣​អង្គ​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បាតុកម្ម ហើយ​តុលាការ​ចោទប្រកាន់ ពី​បទ​ចូលរួម​ជាមួយ​សមាគម​ជន​ទុច្ចរិត និង​ព្រះសង្ឃ សឺង ហាយ ត្រូវ​បាន​ចោទ​មួយ​ករណី​ទៀត គឺ​បានគ្រោង​ស្បង​ចីពរ និង​ប្រើប្រាស់​ឆាយា ដោយ​មិន​មាន​ទឹក​ត្រា។

គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​មាន​ការ​ចរចា​បង្កើត​ចេញ​នូវ​គ.ជ.ប​ថ្មី កាល​ពី​ថ្ងៃទី ៩​មេសា​រួច​មក តុលាការ​បាន​សម្រេច​ដោះលែង​ជា​បន្ត​បន្ទាប់​នូវ​សកម្មជន​ដីធ្លី និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង សរុប​ចំនួន ១៩ នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ។ ក្នុងនោះ ស្ត្រី​សកម្មជន​ដីធ្លី ១០ នាក់ ត្រូវ​បាន​ដោះលែង កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី១១មេសា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ