សាលដីកាតុលាការឡាអេថ្ងៃ១១វិច្ឆិកា ជាការសាកល្បងសមត្ថភាពដោះស្រាយបញ្ហាព្រះវិហារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៥
នៅថ្ងៃទី១១វិច្ឆិកាខាងមុខនេះ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនឹងប្រកាសសាលដីកាស្តីពីការបកស្រាយឡើងវិញសាលក្រមឆ្នាំ ១៩៦២ ទាក់ទងនឹងជម្លោះប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ។ នៅមុនការប្រកាសសាលដីកានេះ ភ្នំពេញនិងបាងកកបានត្រៀមលក្ខណៈជាស្រេចដោយភាគីនីមួយៗអះអាងថានឹងថែរក្សាចំណងទាក់ទងល្អជាមួយគ្នាជាពិសេសគឺរក្សាសន្តិភាពតាមព្រំដែនបើទោះបីជាលទ្ធផលនៃសាលដីកានេះយ៉ាងណាក៏ដោយ។ នេះជាសញ្ញាល្អមួយ ប៉ុន្តែ ការជំរុញឲ្យភាគីថៃអនុវត្តសាលដីកាតុលាការគឺជាកិច្ចការដែលកម្ពុជាមិនអាចមើលរំលងបានឡើយពីព្រោះនេះជាគន្លឹះឈានទៅបញ្ចប់បញ្ហាព្រះវិហារ។
ពីរសប្តាហ៍មុនការប្រកាសសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ រដ្ឋមន្ត្រីការបរទេសកម្ពុជាថៃ បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទដើម្បីត្រៀមលក្ខណៈទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់ជាយថាហេតុ។ មុននេះបន្តិច នាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានសន្យាដែរថានឹងមិនឲ្យផ្ទុះសង្គ្រាមជាមួយគ្នាជាថ្មីទៀតឡើយបើទោះបីជាសាលដីកានោះមានអត្ថន័យយ៉ាងណាក៏ដោយ។
ទាំងនេះត្រូវគេមើលឃើញថា ជាសញ្ញាល្អមួយក្នុងការត្រៀមលក្ខណៈទុកជាមុនដើម្បីទប់ទល់សភាពការណ៍ពីព្រោះសំណុំរឿងព្រះវិហារគឺជាប្រធានបទដ៏រសើបខ្លាំងណាស់ក្នុងទំនាក់ទំនងកម្ពុជានិងថៃ។
ជាការពិតណាស់ ភាពពុះកញ្ជ្រោលច្បាស់ជានឹងកើតមានពេញបន្ទុកនៅក្នុងប្រទេសថៃបន្ទាប់ពីការប្រកាសសាលដីកានេះពីព្រោះសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេត្រូវគេរំពឹងថានឹងផ្តល់ប្រយោជន៍ដល់កម្ពុជា។ តាមពិតទៅសាលក្រមឆ្នាំ ១៩៦២ ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងការតទល់ជាមួយថៃមានលក្ខណៈច្បាស់លាស់រួចទៅហើយ គ្រាន់តែថាភាគីថៃយកទៅបកស្រាយដើម្បីទាញយកប្រយោជន៍តែប៉ុណ្ណោះ។
ដូច្នេះ ការបកស្រាយសាលក្រមនេះឡើងវិញវានឹងគ្មានអ្វីប្លែកពីន័យដើមទេ ពោលគឺវាគ្រាន់តែជាការបញ្ជាក់ឡើងវិញឲ្យភាគីទំនាស់បានយល់អត្ថន័យពិតប្រាកដរបស់វាតែប៉ុណ្ណោះ។ ប្រសិនបើដូច្នោះមែន ក្រុមជ្រុលនិយមថៃច្បាស់ជានឹងមិនសប្បាយចិត្តឡើយ ហើយពួកគេនឹង ដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងបាងកកឲ្យប្រឆាំងសាលដីកានោះជាមិនខាន។ ភាពតានតឹងជាយថាហេតុនៅតាមព្រំដែនក៏អាចនឹងកើតមានដែរ។ ក្នុងន័យនេះ ការត្រៀមលក្ខណៈជាមុនរបស់រដ្ឋាភិបាលទាំងពីរគឺជារឿងមិនអាចចៀសវាងបាន។
យ៉ាងណាក៏ដោយចុះ ការទប់ស្កាត់មិនឲ្យមានសង្គ្រាមតាមជាយដែនគឺជាការល្អមួយហើយពីព្រោះគ្មានអ្នកណាទទួលបានផលចំណេញពីសង្គ្រាមនេះទេ។ ប៉ុន្តែ អ្វីដែលកម្ពុជាគួរប្រុងប្រយ័ត្ននោះគឺធ្វើយ៉ាងណាកុំឲ្យការទប់ស្កាត់មិនឲ្យមានសង្គ្រាមក្លាយជាលេសដើម្បីគេចវេសមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការពីសំណាក់ភាគីថៃ។
ពិតហើយថា ការកសាងព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ គឺជាបំណងប្រាថ្នារបស់គ្រប់ប្រទេសលើលោក ជាពិសេសជាក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់កម្ពុជាក្នុងនាមជាប្រទេសដែលឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាម។ ដូច្នេះ ជំហរទន់ភ្លន់របស់រដ្ឋាភិបាលក្រុងភ្នំពេញជាមួយប្រទេសជិតខាងគឺជានយោបាយការទូតដ៏ឆ្លាតវៃមួយក្នុងបរិបទដែលកម្ពុជាត្រូវការអភិវឌ្ឍន៍ប្រទេសជាងសង្គ្រាម និងក្នុងនាមជាប្រទេសទន់ខ្សោយជាងប្រទេសជិតខាង។
ក៏ប៉ុន្តែ ជំហរទន់ភ្លន់គួរបង្កប់ដោយភាពម៉ឺងម៉ាត់ដើម្បីកុំឲ្យភាពទន់ភ្លន់ក្លាយជាទន់ជ្រាយទៅវិញ។ សូមកុំភ្លេចថា ភាពទន់ជ្រាយវានឹងធ្វើឲ្យប្រទេសជិតខាងកេងចំណេញពីកម្ពុជារៀងរហូត។ ការបាត់បង់ទឹកដីជាបន្តបន្ទាប់ពីមហានគរមកនៅត្រឹមកូនប្រទេសតូចមួយដូចបច្ចុប្បន្ន គឺជាលទ្ធផលនៃភាពទន់ជ្រាយរបស់អ្នកនយោបាយខ្មែរដែលជាទូទៅពូកែតែតតាំងជាមួយគ្នាឯងជាងជាមួយសត្រូវពីខាងក្រៅ។
ងាកមកមើលបញ្ហាព្រះវិហារវិញ ការដាក់ពាក្យប្តឹងទៅតុលាការក្រុងឡាអេឲ្យបកស្រាយសាលក្រមឆ្នាំ ១៩៦២ ឡើងវិញមិនមែនជារឿងចៃដន្យទេ។ គោលដៅធំបំផុតរបស់កម្ពុជាគឺចង់ឲ្យតុលាការអន្តរជាតិប្រាប់ភាគីថៃឲ្យច្បាស់អំពីផ្ទៃដីទំហំ ៤,៦ គីឡូម៉ែតក្រឡាថាជាកម្មសិទ្ធិរបស់អ្នកណា? ដូច្នេះ ការបញ្ចៀសសង្គ្រាមមិនមែនជាគោលដៅតែមួយគត់របស់កម្ពុជាទេ តែការថែរក្សាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រដោយធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតគោរពសេចក្តីសម្រេចរបស់តុលាការគឺជាបេសកកម្មដ៏សំខាន់មួយទៀត។
ដើម្បីសម្រេចគោលដៅនេះ វាទាមទារឲ្យកម្ពុជាត្រៀមលក្ខណៈឲ្យបានល្អផងដែរក្នុងការធ្វើនយោបាយការទូតជាមួយសហគមន៍អន្តរជាតិទាំងមូល។ នៅក្នុងយុគសម័យថ្មីនេះ សមរភូមិការទូតក៏ជាកត្តាស្លាប់រស់មួយដែរក្នុងការឈានទៅទទួលជោគជ័យដោយមិនបាច់ប្រើសមរភូមិយោធា។
ដូច្នេះ សាលដីកាតុលាការក្រុងឡាអេដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១១ វិច្ឆិកានេះ ពិតជាវិញ្ញាសាសាកល្បងម្តងទៀតអំពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រះវិហារជាមួយប្រទេសថៃ។ ភាពឈ្លាសវៃខាងនយោបាយការទូតគឺជាស្ពានឈានទៅរកជោគជ័យរបស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ