អានតួអត្ថបទ
កម្ពុជា-ថៃ

លោក​ហ៊ុនសែន ​អំពាវនាវ​ឲ្យ​ថៃ​បង្រួញ​ជម្លោះ​និង​​ថែ​​រក្សា​​សន្តិភាព​​ជា​មួយ​​កម្ពុជា​

ខណៈ​ដែល​កម្ពុជា និង​ថៃ កំពុង​តតាំង​ក្តី លើ​សំណុំរឿង ស្នើសុំ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​នៅ​តុលាការ​ឡាអេ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រមុខ​រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ផ្ទាល់មាត់ ឲ្យថៃបំព្រួញទំនាស់ ហើយ​បន្តថែ​រក្សា​សន្តិភាព​​ជាមួយ​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​កត់សម្គាល់​ជាពិសេស​ចំពោះ​ទំនាក់​ទំនង​​ល្អ នៅ​ពេល​បុណ្យចូលឆ្នាំថ្មី​កន្លងមកនេះ ដែលប្រជាជន និង​អាជ្ញាធរ​សមត្ថកិច្ច នៅ​តាម​​ព្រំដែន​ប្រទេស​ទាំង​ពីរ បាន​ជួបជុំ សប្បាយ​រួម​គ្នា​។​

លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន​
លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន​ REUTERS/Alexander
ផ្សាយពាណិជ្ជកម្ម

 ​ក្នុង​ពិធី​សម្ពោធ​អគារសាលាខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា និង​ថៃ កំពុង​តែ​ស្ថិត​នៅក្នុង​តុលាការ នៅ​ទីក្រុង​ឡាអេ តែ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ រួមទាំង​អាជ្ញាធរ​សមត្ថកិច្ច បែរ​ជា​រាំលេង​ជាមួយគ្នា នៅឯ​ព្រំដែន ក្នុង​ពេល​បុណ្យចូលឆ្នាំ រយៈពេល ៣ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃ​ទី​១៦​មេសា​។


​លោកនាយក​រដ្ឋមន្ត្រី បាន​បន្តថា ទំនាក់ទំនង​ជិតខាង​ល្អ​រវាង​ខេត្ត និង​ខេត្ត កងទ័ព នគរបាល សមត្ថកិច្ច​នៅ​តាម​ព្រំដែន​កម្ពុជា និង​ថៃ មាន​ការសប្បាយ​រីករាយ​ជាមួយគ្ន ជា​រឿង​ល្អ​ណាស់​។ បើទោះបីជា​ប្រទេស​ទាំង​ពីរ មាន​រឿង​ជាមួយ​គ្នា តែ​លោក​នាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជា និង​ថៃ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​ក៏​ប្រើ​ផ្លូវ​ច្បាប់​នៅ​តុលាការ​។

កម្ពុជានិងថៃ ក៏​មិន​ត្រូវ​ទុកឲ្យ​ចំណុចតូចនៃ​ជម្លោះ​​​មួយក្លាយទៅជា​ជម្លោះ​ទូ​ទាំង​ព្រំដែន ហើយ​​ម្យ៉ាង​ទៀតកុំឲ្យ​បញ្ហា​នៃ​ជម្លោះ​ដ៏​តូច​មួយ​នេះ ក្លាយទៅជា​ជម្លោះ​គ្រប់​វិស័យទាំង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម ទេសចរណ៍ វប្បធម៌ ឬ​វិស័យ​ដទៃ​ផ្សេងៗ​ទៀតដែល​វា​នាំ​ដល់​ការ​បំផ្លាញ​​ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​ការពេញចិត្ត​នឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​អាជ្ញាធរ​​សមត្ថកិច្ច​កម្ពុ​ជា និង​ថៃ ដែល​បាន​ឆ្លងដែន ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ជាមួយគ្នាកន្លងមក​ថ្មីៗ​នេះ​។
​ជាមួយ​​នឹង​ការលើកឡើង​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់ ថាសន្តិភាព ជា​កត្តា​សំខាន់​​ណាស់ដែល​ត្រូវ​ខិតខំ​ថែរក្សា​ឲ្យបានទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេសនិង​ទាំង​ជាមួយ​ប្រទេស​ជិតខាងជាពិសេស​ជាមួយ​ប្រទេស​ថៃ​។ ​ថៃ និងកម្ពុជា ដែលកំពុងតែ​តទល់​គ្នា នៅ​ឯ​តុលាការ​ទី​ក្រុងឡាអេ ជុំវិញ​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ