អានតួអត្ថបទ
ភូមា-សារព័ត៌មាន

ទិន្នានុប្បវត្តន៍​​ឯកជន​៤​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​១​មេសា​២០១៣​

នៅ​ប្រទេស​ភូមា កាសែត​ឯកជន​ចំនួន​៤ បាន​ចាប់​ផ្តើម​បោះពុម្ភ​ផ្សាយ​​ប្រចាំ​ថ្ងៃ​ជា​លើក​ដំបូង​បង្អស់​តាំងពី​កន្លះ​សតវត្សរ៍​មក​ហើយ ក្រោយពី​រដ្ឋាភិបាល​ថ្មី​ភូមា បាន​ខិត​ខំ​បង្កើនការ​ធ្វើ​​កំណែ​​ទម្រង់​​តាំង​ពី​២​ឆ្នាំ​កន្លង​មក​ហើយ​។ ឥឡូវ​រដ្ឋាភិបាលថ្មី​ភូមា បាន​ចូល​ដល់​កំណែ​ទម្រង់​​សារព័តមាន​-ដោយ​បាន​ផ្តល់​អាជ្ញា​បណ្ណ​ដល់​សារព័ត៌មាន​ឯកជន​​ចាប់ពី​ថ្ងៃ​ទី​មួយ​មេសា​ដើម្បី​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ ដោយ​​លុប​ចោល​ដែរ​​ការ​ចាប់ពិរុទ្ធ​លើ​សារព័តមាន​ ក៏ព្រមទាំង​បាន​ដោះលែង​អ្នកកាសែត​ដែល​ជាប់​ឃុំឃាំង​ទៀតផង។​

អ្នកលក់កាសែតនៅតាមចញ្ចើមថ្នល់​និង​តូបលក់កាសែត​នៅទីក្រុងរ៉ង់ហ្គូន​ថ្ងៃចន្ទទី១​មេសា២០១៣
អ្នកលក់កាសែតនៅតាមចញ្ចើមថ្នល់​និង​តូបលក់កាសែត​នៅទីក្រុងរ៉ង់ហ្គូន​ថ្ងៃចន្ទទី១​មេសា២០១៣ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

 

កាសែត​ឯកជន​ចំនួន​១៦ ទើប​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ភូមាឲ្យ​​បោះ​ពុម្ភផ្សាយ​​​​ជា​រៀង​រាល់​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​មេសា​នេះ​ត​ទៅ។​

ប៉ុន្តែ មាន​កាសែត​តែ​៤​ប៉ុណ្ណោះ ដែល​បាន​សម្រេច​​ចេញ​ផ្សាយ​​ទាន់​ពេល​វេលា​នៅ​ថ្ងៃ​​នេះ ។ កាសែត​ទាំង​៤​នោះ មាន The Voice Daily ​ដែលពីមុន ​ជា​ទស្សនាវដ្តី​ដ៏​ល្បីល្បាញ​មួយ​របស់​​ភូមា កាសែត The Golden Fresh Land Daily, កាសែត​The Union Daily ដែល​មាន​និន្នាការ​លំអៀង​ខាង​រដ្ឋាភិបាល និង​កាសែត The Sandard Time Daily។

លោក Aung Soe, អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​កាសែត The Voice Daily ​បាន​គូស​បញ្ជាក់​​ថា ពួក​​គេ​បាន​រៀប​ចំ​ដំណើរ​ការ​ចេញ​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​នេះ​តាំង​ពី​៦​ខែ​មក​ហើយ ដើម្បី​អាច​ចេញ​លក់បាន​ក្នុង​ដំណាក់កាល​ជា​ប្រវត្តិសាស្រ្ត​នេះ។

​អ្នកលក់​កាសែត​ម្នាក់​នៅ​ទីក្រុង​រ៉ង់ហ្គូន បាន​និយាយ​ដោយ​​ក្តីរំភើប​​ថា “​ថ្ងៃ​ទី១​មេសា​នេះ គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​ភូមាទូទៅ ​ទន្ទឹង​រង់​ចាំ​ខ្លាំងណាស់ដើម្បីបាន​​ក្រេប​រស់​ជាតិ​ព័ត៌មាន​ជាថ្មី​ឡើង​វិញ ក្រោយពីត្រូវ​បាន​​របប​សឹក​ចាប់​ពិរុទ្ធ​អស់​ជា​ច្រើន​ទស្សវត្សរ៍​មក​និង​​​​​ដែល​​រដ្ឋាភិបាលថ្មី បាន​សម្រេច​​​លុប​ចោល​​​កាលពី​ខែសីហាមុន”។​ “ប្រជាជន​ភូមា មានចិត្តសប្បាយរីករាយខ្លាំង​​មែន​ទែន​​ដោយ​​បាន​​អាន​​ជាលើកដំបូង​នូវកាសែតដែល​ចេញផ្សាយជារៀង​រាល់​ថ្ងៃ​”-នេះ​ជា​រៀបរាប់​របស់​អ្នកលក់កាសែតដដែលដោយបាន​គូសបញ្ជាក់ទៀតថា ​​​​​The Voice Daily គ្រាន់តែ​ចេញ​ផ្សាយ​​ភ្លាមត្រូវ​បានលក់ដាច់​អស់គ្មានសល់ឡើយ។

សូម​បញ្ជាក់​ថាក្នុងជំនាន់​របប​សឹក គ្មាន​ទេ​កាសែត​ឯកជនគឺ​មាន​តែ​កាសែត​ជាតិ​ប៉ុណ្ណោះ​តាំងពី​ជាង៥០ឆ្នាំមកហើយ។  រាល់​ការ​ចេញ​ផ្សាយ​ឯកជន គឺមានតែ​ម្តង​ទេ​​​ក្នុ​ងមួយសប្តាហ៍​និង​ដោយផ្សាយតែនៅលើ​​ប្រព័ន្ធ​អ៊ីនធ័រនែត​តែ​ប៉ុណ្ណោះ​។​

ចាប់តាំងពីរបបសឹកភូមា​ត្រូវ​បាន​រំលាយ​ចោល​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក រដ្ឋាភិបាលថ្មី បាន​ខិត​ខំបង្កើន​ការធ្វើកំណែទម្រង់ជាច្រើន​នៅក្នុងប្រទេស​​ ជាពិសេស​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​សារព័ត៌មាន ដោយបាន​​ដោះលែង​អ្នកកាសែត​ជា​ច្រើន​ដែល​ជាប់​ឃុំឃាំងនិង​លុបចោល​ការ​ចាប់​ថ្នាក់លើ​សារព័ត៌មាន។ ចាប់អំណើះតទៅ​ ប្រធានបទ​ដ៏រសើប​ខ្លាំង​ដែលពីមុន​​គេ​ពុំហ៊ាន​និយាយ​ដូច​ជា​សកម្មភាព​ការងារ​របស់​លោកស្រី​អ៊ុងសាន់ស៊ូជី ត្រូវបានគេ​ចុះ​ផ្សាយយ៉ាងចំហ​​នៅពេញទំព័រមុខ។ ឧទ្ទាហរណ៍កាសែត The Golden Fresh Land Daily បាន​ជ្រើស​យក​រូប​ថត​​​អតីត​ស្ត្រី​អ្នក​ទោស​នយោបាយ​ម្នាក់​ដែល​ឥឡូវ​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​ភូមា​​(លោកស្រី​អ៊ុងសាន់ស៊ូជី​) ដាក់​នៅ​លើ​ទំព័រមុខ​របស់​ខ្លួន​​សំរាប់​ការ​ចេញ​ផ្សាយ​កាសែត​លើក​ដំបូង​នៅ​ថ្ងៃ​នេះ​។

ក៏ប៉ុន្តែ ទោះបីជាមានការវិវឌ្ឍន៍យ៉ាងនេះក៏ដោយក្តី យោងតាម​អង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន​ ​Reporters Sans frontière ​ ប្រទេសភូមាជាប់លេខ​​១៥១ ក្នុង​ចំណោម ប្រទេស​១៧៩​ទូទាំង​ពិភព​លោក នៅក្នុង​វិស័យ​សេរីភាព​សារព័ត៌មាន​ក្នុងឆ្នាំ ២០១៣ នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ