អានតួអត្ថបទ
កម្ពុជា

ព្រឹត្តិការណ៍​ចុងក្រោយ​របស់​សម្តេច​ឪ​ត្រូវ​បាន​ចងក្រង​

ក្រុមហ៊ុន​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ បាន​ចង​ក្រង​ឯកសារ​​ ស្តីពី​​ព្រះ​រាជពិធី​បុណ្យ​ព្រះបរមសព​សម្តេច​ឪ ជា​សៀវភៅ សំឡេង និង​រូបថត ដើម្បី​រម្លឹក​ពីគុណូបការៈ​ និង​ស្នា​ព្រះហស្ត​របស់​ព្រះ​មហាវីរ​ក្សត្រ។ ដោយឡែក​ព្រះបរម​រាជវាំង​ក៏​បាន​ផលិត​ជីវ​ប្រវត្តិ​ផ្លូវការ ​របស់​សម្តេចឪ​ផង​ដែរ ​ដើម្បី​ចែក​ផ្សាយ​ក្នុង​ព្រះ​រាជពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើ​ង ​ថ្ងៃ​ទី​៤​ កុម្ភៈ​ ខាងមុខ​នេះ។

សម្តេច​តា​​និង​សម្តេច​យាយ​​ ជួប​​ជាមួយ​ឧត្តមសេនីយ៍​បារាំង​ លោក ដឺហ្គោល​ និង​ភរិយា នៅ​ប្រទេស​បារាំង កាល​​ពី​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ​​១៩៦៤
សម្តេច​តា​​និង​សម្តេច​យាយ​​ ជួប​​ជាមួយ​ឧត្តមសេនីយ៍​បារាំង​ លោក ដឺហ្គោល​ និង​ភរិយា នៅ​ប្រទេស​បារាំង កាល​​ពី​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ​​១៩៦៤ AFP
ផ្សាយពាណិជ្ជកម្ម

សៀវភៅ​​ដែល​មាន​ចំណងជើង​ថា «ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​ ឥស្សរជន​អមតៈ» ត្រូវ​បាន​គេ​ចែក​ផ្សាយ​ដាក់​លក់​ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។ សៀវភៅ​កម្រាស់​១៨៥​ទំព័រ​ជា​អត្ថបទ និង​កម្រង​រូបភាព​ជា​ច្រើន ដែល​បង្ហាញ​តាំង​ពី​ការ​យាង​ព្រះ​បរមសព​ពី​ប្រទេស​ចិន ​រហូត​ដល់​ថ្ងៃ​រម្លឹក​ខួប​១០០​ថ្ងៃ​នៃ​ការ​សោយ​ទីវង្គត​នៃ​អង្គ​សម្តេច​ឪ​ ដែល​ត្រូវ​បាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​នោះ។

លោក ​អាង គឹមអៀង ប្រធាន​ទី​ភ្នាក់ងារ​ទេសចរ Great Angkor Tour គឺ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ចងក្រង​សៀវភៅ​អនុស្សាវរីយ៍​នេះ​ឡើង។ ដោយ​មាន​ការ​សហការ​​ការ​ជាមួយ​ក្រុម​អ្នក​កាសែត​អាជីព​មួយ​ក្រុម សៀវភៅនេះ​នឹង​បង្ហាញ​ឡើង​វិញនូវ​ទស្សនៈ​ និង​សារ​រំលែក​ទុក្ខ​របស់​មេ​ដឹកនាំ​កំពូល​របស់​ជាតិ មេដឹកនាំ​នៅ​ក្នុង​ពិភពលោក ចំពោះ​ព្រះ​បរមសព​ព្រះ​រតនកោដ្ឋ។

លោក អាង គឹមអៀង ​បាន​ពន្យល់ថា ហេតុ​ដែល​ធ្វើ​អោយ​លោក​មាន​គំនិត​ចងក្រង​សៀវភៅ​អនុស្សាវរីយ៍​​នេះឡើង គឺ​ដោយសារ​តែ​លោក​បាន​ឃើញ​ចំណាប់​អារម្មណ៍​របស់​មេ​ដឹកនាំ​ទូទាំង​ពិភពលោក​ បាន​ផ្តោត​មក​លើ​តួអង្គ​សម្តេច​ឪ​យ៉ាង​សំខាន់ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​បាន​សំដែង​ទឹកចិត្ត​សោក​ស្តាយ​ព្រះអង្គ​ជា​ពន់ពេក ​ហើយ​ថា​រាជ​​រដ្ឋាភិបាល​ក៏​បាន​ចំណាយ​ថាមពល គិត​គូរ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សោយ​ទីវង្គត​របស់​សម្តេច​ឪ។ រូបភាព​ទាំង​នេះ​ហើយ​ដែល​លោក​គិត​ថា ត្រូវ​ចងក្រង​ទុក​ជា​អនុស្សាវរីយ៍ និង​ចូលរួម​ចំណែក​ជាមួយ​រាជ​​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​រំលឹក​ពី​គុណូបការៈ និង​ស្នាព្រះហស្ត​របស់​សម្តេច​ឪ។

លោក គឹម ហាក់​ ឯណោះវិ​ញ ដែល​ជា​អ្នក​ថត​រូប​អាជីព លោក​នឹង​រៀបចំ​ពិធី​ពិពណ៌​រូបថត ព្រម​ទាំង​ធ្វើ​សៀវភៅ​កម្រង​រូបថត ​ស្តី​ពី​ការ​សោយ​ទី​វង្គត​របស់​ព្រះ​មហាវីរ​ក្សត្រ​ដែរ។ លោក គឹម ហាក់ ​ដែល​បាន​ប្រមាញ់​រូប​តាំង​ពី​ថ្ងៃ​ដែល​ព្រះបរម​សព​ត្រូវបាន​យាង​មក​ពី​ប្រទេស​ចិន​ដូចគ្នា​នោះ បាន​ពន្យល់​ថា ក្នុង​នាម​លោក​ជា​អ្នក​ថតរូប​អាជីព​ម្នាក់ លោក​បាន​អោយ​តម្លៃ​ខ្លាំង​ទៅ​លើ​ព្រឹត្តិការណ៍​នេះ។ ព្រឹត្តិការណ៍​ដែល​លោក​ហៅ​ថា ថ្នាក់​ជាតិ និង​ជា​ប្រវត្តិសាស្ត្រ។ ក្នុង​ចំណោម​រូបភាព​ដែល​លោក​ថត​បាន​រយៈ​ពេល​៣​ខែ​មក​នេះ លោក​នឹង​ត្រូវ​ជ្រើស​រើស​យក​តែ​ជាង​២០​រូប​ប៉ុណ្ណោះ ដើម្បី​ដាក់​តាំង​ពិពណ៌​ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ក្រុមហ៊ុន Audio for Success ក៏​បាន​ចងក្រង​ព្រះ​ជីវ​ប្រវត្តិ​របស់​អង្គ​សម្តេច​តា​ជា​សំឡេង រួម​បញ្ចូល​ទាំង​កម្រង​បទ​ចម្រៀង​ដែល​ជា​ព្រះ​រាជនិពន្ធ និងព្រះ​សូរ្យសៀង​របស់​ព្រះ​អង្គ​ផ្ទាល់​ផង។

មិន​ថា​តែ​ក្រុម​ហ៊ុន​ឯកជន​ទេ រាជ​រដ្ឋាភិបាល​រឹត​តែ​ត្រូវ​បង្កើត​វត្ថុ​អនុស្សាវរីយ៍​ ជាមួយ​សម្តេចតា​ទៅ​ទៀត។ ក្រោយ​ពី​បាន​ផ្សព្វផ្សាយ​បទ​ចំរៀង​មួយ​បទ​រួច​ហើយ កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​ ក្រដាស​ប្រាក់​១០០០​រៀល ​ប្រភេទ​ថ្មី ដែល​មាន​រូប​ព្រះឆាយាលក្ខណ៍​របស់​សម្តេច​តា និង​បុស្បុក​ដែល​ដឹក​ព្រះមឈូស​ពី​ប្រទេស​ចិន ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ដាក់​អោយ​ចរាចរ​សម្រាប់​ការ​ប្រើប្រាស់​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ