អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​កំ​ណត់​តម្លៃ​សេ​វា​សា​ធារ​ណៈ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ដើម្បី​លុប​បំបាត់​លុយ​ក្រោម​តុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​យុទ្ធ​ប្រ​ឆាំង​អំពើ​ពុក​រលួយ​និង​លើក​កម្ពស់​សេវា​កម្ម​សា​ធា​រណៈ ​រដ្ឋា​ភិបាល​បាន​សម្រេច​កំ​ណត់​តម្លៃ​សេ​វា​កម្ម​ការ​ងារ​ផ្សេង​ៗ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ មាន​ន័យ​ថា ​រាល់​ការ​បង់​ថ្លៃ​សេ​វា​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​តម្លៃ​ដែល​កំណត់​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ។ វិធាន​ការ​ដែល​ត្រូវ​បាន​អនុ​វត្ត​ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ​២០១៣ មក​នោះ​ត្រូវ​បាន​គេ​រំ​ពឹង​ថា​អាច​លុបបំបាត់​ការ​ទារ​លុយ​ក្រៅ​ផ្លូវ​ការ​ពី​សំ​ណាក់​មន្ត្រី​រដ្ឋ​បាល​មូល​ដ្ឋាន។ ប៉ុន្តែ ការ​កំ​ណត់​​តម្លៃ​ត្រូវ​គេ​មើល​ឃើញ​ថា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ដើម្បី​បំបាត់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទាល់​តែ​មន្ត្រី​សាធារ​ណៈ បំ​ពេញ​ការ​ងារ​ដោយ​ភាព​ស្អាត​ស្អំ​និង​ចេះ​ស្អប់​ខ្ពើម​អំ​ពើ​ពុក​រលួយ​។

មន្ត្រី​នៅ​តាម​មូល​ដ្ឋាន​ជួប​ប្រ​ជុំ​គ្នា​នៅ​សាលាឃុំគគីរ ខេត្តកំពង់ចាម
មន្ត្រី​នៅ​តាម​មូល​ដ្ឋាន​ជួប​ប្រ​ជុំ​គ្នា​នៅ​សាលាឃុំគគីរ ខេត្តកំពង់ចាម © ណាវិន​-RFI
ផ្សាយពាណិជ្ជកម្ម

 

កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរ​បស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ឲ្យ​មន្ត្រី​សាធារណៈ​បម្រើ​ពលរដ្ឋ​ឲ្យ​បានល្អ​និង​មាន​ប្រសិទ្ធភាព​គឺជា​រឿង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ រហូត​មក​ទល់​ពេលនេះ អំពើ​ពុក​រលួយ​ក្នុង​សេវា​សាធារណៈ​បានក្លាយ​ទៅជា​ទម្លាប់​ធម្ម​តា​មួយ​ទៅហើយ។ អ្នក​ដែល​ត្រូវការ​សេវា​សា​ធារណៈ​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​សុទ្ធតែ​ត្រូវ​ចំណាយ​ប្រាក់​ក្រៅផ្លូវការ​ទៅ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ការងារ​នោះ​ទើប​អាច​ទទួលបាន​ឯកសារ​ចាំបាច់​នានា​ដែល​ពួកគេ​ត្រូវការ។

នេះ​ជា​ទម្លាប់​ដុះ​ស្លែ​មួយ​ដែល​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ក្រី​ក្រ​​ដែល​គ្មាន​លទ្ធភាព​បង់ប្រាក់​ក្រៅផ្លូវការ។ ដើម្បី​លុប​បំបាត់​ទម្លាប់​ដែល​ពិបាក​កែ​មួយ​នេះ រដ្ឋាភិបាល​បានចេញ​តារាង​តម្លៃ​សេវាកម្ម​នានា​ឲ្យ​រដ្ឋ​បាល​មូលដ្ឋាន​អនុវត្តតាម។ តារាង​តម្លៃ​នេះ​នឹង​ត្រូវគេ​បិទ​នៅ​គ្រប់កន្លែង​បម្រើ​សវា​ដល់​ប្រជា​ពលរដ្ឋ​ជាពិសេស​នៅ​ថ្នាក់​មូល​ដ្ឋាន។ វិធានការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការលុបបំបាត់​អំពើ​ពុក​រលួយ ប៉ុន្តែ វា​មិន​គ្រប់​គ្រាន់​ទេ​សម្រាប់​លាង​សម្អាត​រដ្ឋបាល​ធា​រណៈ​នៅ​កម្ពុជា។

ដើម្បី​គាស់​រំលើង​អំពើ​ពុក​រលួយ គេ​គួរ​គប្បី​ស្វែង​យល់​អំពី​ឫសគល់​របស់​វា។ ឫសគល់​នៃ​អំ​ពើពុករលួយ​កំពុង​ជ្រកកោន​យ៉ាង​ស្ងៀមស្ងាត់​នៅក្នុង​ជម្រៅ​នៃ​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ។ ជាទូទៅ មន្ត្រី​សាធារណៈ​តែងមាន​ទម្លាប់​ស្វែងរក​លាភសក្ការៈ​ពីមុខ​នាទី​របស់ខ្លួន។ ខុសពី​វិស័យ​ឯកជន​ដែល​គេ​ខិតខំ​បម្រើ​សវាក​ម្ម​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ទាក់ទាញ​អតិ​ថិជន​ឲ្យ​មក​ប្រើ​សេវា​របស់គេ​ឲ្យ​បាន​ច្រើន ប៉ុន្តែ នៅក្នុង​វិស័យ​សាធា​រណៈ​វិញ មន្ត្រី​អ្នក​ផ្តល់​សេវា​កម្ម​តែង​បង្ក​ភាពស្មុគស្មាញ​ដល់​ប្រជា​ពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​ទម្លាក់​លុយ។ នេះ​ជា​ឫសគល់​សំខាន់​ទី១។

ចំណែក​អ្នក​មាន​លុយ​ខ្លះ​វិញ​ក៏​ចូលចិត្ត​ប្រើ​ទឹក​លុយ​ដើម្បី​ឲ្យ​មន្ត្រី​សាធារណៈ​បម្រើសេវា​កម្ម​ឲ្យ​ខ្លួន​ឲ្យ​បាន​ឆាប់​តាមចិត្ត​ចង់។ នេះ​ជា​ឫសគល់​សំខាន់​ទី២។ ដោយ​សារ​តែ​ផ្នត់​គំនិត​សូក​និង​ស៊ីសំណូក​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​មនុស្ស​ខ្មែរ​យ៉ាង​ដូច្នេះ​ហើយ​បានជា​សេវាកម្ម​សា​ធារណៈ បានក្លាយ​ជាទី​កន្លែង​តថ្លៃ​គ្នា​ដូចជា​ទំនិញ។ នេះ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​រាល់​អាជីវកម្ម​និង​សេវាកម្ម​របស់​រដ្ឋ​មិនអាច​ប្រៀប​នឹង​វិស័យ​ឯក​ជន​បានឡើយ។

ប៉ុន្តែ ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​គ្មាន​ជម្រើស​និង​មិន​អាច​ចៀស​វាង​បាន​ទើប​ពួកគេ​នៅតែ​បន្ត​ប្រើ​ប្រាស់​សេវាកម្ម​សាធារណៈ​ទាំង​ទឹកចិត្ត​មួហ្មង។ដូច្នេះ ការ​កំ​ណត់​តម្លៃ​និង​បិទ​ផ្សាយ​ជា​សាធារណៈ​ជា​វិធី​ល្អ​ម្យ៉ាង​ហើយ ប៉ុន្តែ វិធានការ​នេះ​នឹង​គ្មាន​ប្រសិទ្ធ​ភាព​ឡើយ​ប្រសិនបើ​គ្មាន​ចំណាត់ការ​ផ្សេងទៀត​អម​ជាមួយ​ទេនោះ​ពីព្រោះ​ទោះ​បីជា​តារាង​តម្លៃ​ត្រូវបាន​បិទ​ជាប់​នឹង​ជញ្ជាំង​ក៏ដោយ ក៏​មន្ត្រី​សាធារណៈ​នៅតែ​អាច​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់ប្រាក់​ក្រៅផ្លូវការ​បាន​ដដែល។

វិធី​ដែល​ពួកគេ​ប្រើ​គឺ​ភាព​ព្រងើយកន្តើយ​សោះ​អង្គើយ​ដាក់​អតិថិជន​ឬ​ការបង្ក​លក្ខណៈ​លំ​បាក​ផ្សេងៗ​តាម​របៀប​ការិយា​ធិប​តេយ្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​សេវាកម្ម​ខាត​ពេលវេលា។ ទីបំផុត ពួកគេ​ក៏​បង្ខំចិត្ត​ប្រើ​លុយ​ក្រោម​តុ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ដដែល​ដើម្បី​ទទួល​បាន​សេ​វាកម្ម​ងាយ​ស្រួល។

សរុប​មក​វិញ ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​សម្រាប់​ប្រ​យុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​សវា​កម្ម​សាធារណៈ​គឺ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មនុស្ស​ពី​ទម្លាប់​សូកប៉ាន់​ឲ្យ​ទៅជា​ការ​ទម្លាប់​ស្អប់ខ្ពើម​ឬ​ខ្មាសអៀន​អំ​ពើ​ពុក​រលួយ។ ក្នុង​ន័យ​នេះ ជា​បឋម រដ្ឋ​ត្រូវ​ផ្តល់​ប្រាក់ខែ​សមរម្យ​ដល់​មន្ត្រី​រាជ​ការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​រស់​ដោយ​សេចក្តីថ្លៃថ្នូរ។ បន្ទាប់មកទៀត ការពង្រឹង​ក្រម​សីលធម៌​របស់​មន្ត្រី​សាធា​រណៈ​និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​គឺជា​ច​ន្ទល់ពីរ​ទៀត​មិន​អាច​ខ្វះ​បាន។

ម្យ៉ាង​ទៀត ប្រព័ន្ធ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ចាំបាច់។ ប្រព័ន្ធ​ត្រួតពិនិត្យ​ប្រកប​ដោយ​សុវត្ថិភាព​មានន័យថា​ជា​ក្រុម​ការ​ងារ​មួយ​ដែល​មាន​តួ​នាទី​ត្រួតពិនិត្យ​ការអនុវត្ត​របស់​មន្ត្រី​មូលដ្ឋាន​យ៉ាងពិត​ប្រាកដ​គឺ​មិនមែន​គ្រាន់តែ​ក្រុម​ការ​ងារ​ដែល​ទៅ​ទទួល​ប្រាក់​សំណូក​ពី​មន្ត្រី​ថ្នាក់ក្រោម​រួចហើយ​មក​រាយការណ៍​បំភាន់​ថ្នាក់លើ​ដូចដែល​ក្រុមអធិ​ការ​កិច្ច​ខ្លះ​ធ្លាប់​បានធ្វើ​កាលពី​កន្លងទៅ​នោះឡើយ។ ប្រសិនបើ​កត្តាចាំបាច់​ទាំងនេះ​មិនអាច​បំពេញ​បានទេ តារាង​តម្លៃ​សេវាកម្ម​ដែល​បិទ​ជាប់​នឹង​ជញ្ជាំង​នោះ​គ្រាន់តែ​ជា​ក្រដាស​ដែល​គ្មាន​អ្នកណា​យក​ភ្នែក​មើល​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ