អានតួអត្ថបទ
ចិន-រុស្ស៊ី

លោក​ពូទីន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុងពេល​កំពុង​មាន​ភាពតានតឹង​ជាមួយ​លោក​ខាងលិច

ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ដែលនឹង​ប្រព្រឹត្តទៅ ថ្ងៃទី២០​និង២១ឧសភា ពី ក្នុង​ចំណោម​ឯកសារ ដែល​គ្រោង​ចុះហត្ថលេខា គឺ​មាន កិច្ចព្រមព្រៀង ស្តីអំពី​ការលក់ ឧស្ម័ន​រុស្ស៊ី​ទៅឲ្យ​ចិន។ សម្រាប់​រុស្ស៊ី កិច្ចព្រមព្រៀង​នេះ សំខាន់ណាស់ ដ្បិត​វា​មានន័យថា រុស្ស៊ី​បែរមុខ​ទៅរក​ទីផ្សារ​អាស៊ីវិញ ជាពិសេស សហភាពអឺរ៉ុប​ដែលតែង​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី ចេះតែ កំញើញ ដាក់ទណ្ឌកម្ម​រុស្ស៊ី បូកទាំង​វិស័យថាមពល​ផង ដោយមកពី​វិបត្តិ​នៅអ៊ុយក្រែន។ ។

លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថតឯកសារ)
លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថតឯកសារ) REUTERS/Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

 

តាមវិមានក្រេមឡាំង​ប្រកាសឲ្យដឹង សម្រាប់​ទស្សនកិច្ច​លើកនេះ របស់​លោក ប្រធានាធិបតី​រុស្ស៊ីពូទីន នៅ​ប្រទេសចិន ភាគីរុស្ស៊ី​បានត្រៀមទុក​ឯកសារ​ចំនួន ៤៦ច្បាប់ ដែល ពីក្នុងនោះ ច្បាស់ជា​នឹង​ទទួល​ការចុះ​ហត្ថលេខា គឺ​ប្រមាណ ៣០ច្បាប់។ ពីក្នុងនោះ សំខាន់ ជាងគេ សម្រាប់​រុស្ស៊ី គឺកិច្ចព្រមព្រៀង​ដែល​ប្រមើលលក់​ឧស្ម័នធម្មជាតិ​រុស្ស៊ី ទៅឲ្យ​ចិន ក្នុង​បរិមាណ ៣៨.០០០លាន ម៣ ក្នុង១ឆ្នាំៗ សម្រាប់​អំឡុងពេល​៣០ឆ្នាំទៅមុខ។ នេះគឺ​បន្ថែម ទៅលើ ប្រេងឆៅ ដែល​ចិនទិញ​ពីរុស្ស៊ី ១ឆ្នាំៗ ក្នុង​បរិមាណ ១៥លានតោន រហូតដល់​ឆ្នាំ២០៣០ សម្រាប់ តម្រូវការ​នៃសេដ្ឋកិច្ច​ខ្លួន ដែល​កំពុង​អភិវឌ្ឍ ដោយចង្វាក់​យ៉ាងលឿន។

ប៉ុន្តែ បញ្ហាដែលចោទ គឺពាក់ព័ន្ធ​នឹង តម្លៃឧស្ម័ន ដែល​ភាគីរុស្ស៊ី ជាអ្នក​លក់​ចង់បានថ្លៃ រីឯ ភាគីចិន ដែល​ជាអ្នកទិញ ចង់បាន​ថោក ម៉្លោះហើយ​បានជា​ចិនតថ្លៃ​យ៉ាងស្វិតស្វាញ។
មិនមែន​ចៃដន្យទេ ដែល​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​យក្សរុស្ស៊ី​ខាងឧស្ម័ន Gazprom លោក Alexei Miller ក្នុង​សម្ភាសន៍​តាមកាណាល់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី បង្ហើបឲ្យដឹង​ថា គ្រប់ឃ្លា ទាំងអស់​នៃកិច្ចព្រមព្រៀង​នោះ មានត្រៀមទុក​រួចរាល់​ទៅហើយ លើកលែង​តែ ប្រឡោះ ដែល​ចែងអំពី​តម្លៃ គឺមិនទាន់​បំពេញទៅដោយ​តួលេខ​អ្វីណាទេ។ បើជាលទ្ធផល នៃ​កិច្ចចរចា ធ្វើដោយ​លោកប្រធានាធិបតី​រុស្ស៊ីពូទីន ជាមួយនឹង​សមភាគីចិន លោក ស៊ី ជីងពីង មានការ ចុះសម្រុងគ្នា​ដាច់ស្រេច​ជាស្ថាពរ នោះ ឯកសារ​សមស្រប​នឹងទទួល​ការចុះហត្ថលេខា។

ទាំងចិន ទាំងរុស្ស៊ី តែងចាត់ទុក សហប្រតិបត្តិការ​ទ្វេភាគី ថា មានន័យ​ជាយុទ្ធសាស្ត្រ។ ក្នុងសម្ភាសន៍​ទៅប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់ចិន មុននឹង​ចេញដំណើរ ទៅ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេសចិន លោក​ប្រមុខរដ្ឋ​រុស្ស៊ីពូទីន ហៅ​ប្រទេសចិន ថា​ជា​មិត្ត​ដ៏កក់ក្តៅ​បំផុត​របស់រុស្ស៊ី ហើយ​ការពង្រីក​ទំនាក់ទំនង ជាមួយ​មហាប្រទេសនេះ​នៃ​ទ្វីបអាស៊ី គឺ​ជា​អាទិភាព​នៃ​នយោបាយ ក្រៅប្រទេស​របស់​រុស្ស៊ី។ តាមលោកពូទីន សហប្រតិបត្តិការ​រុស្ស៊ី-ចិន ឥឡូវ ឡើងដល់ ដំណាក់ថ្មី​នៃ​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។

លោកពូទីន ក៏លើកឡើង​ដែរថា រុស្ស៊ីនិងចិន ដាក់ទិស​ដូចគ្នា បង្កើន​ទំហំផ្តោះប្តូរ​ពាណិជ្ជកម្ម ទ្វេភាគី ពី ៩០.០០០ លានដុល្លារ​បច្ចុប្បន្ននេះ ឲ្យឡើង​ដល់ ១០០.០០០ លានដុល្លារ ក្នុង ឆ្នាំក្រោយ ហើយ​ទៅទល់​ឆ្នាំ២០២០ គឺឲ្យស្ទុះ​ដល់២០០.០០០ លានដុល្លារ​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ