អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េ​ទាំងពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​ពិនិត្យ​មើល​ទៅ​លើ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ទាំង​ពីរ។

អគ្គមគ្គទេសក៍​កូរ៉េខាងជើង Kim Jung-Il និង​លោក Hu Jintao ប្រធានាធិបតី​ចិន
អគ្គមគ្គទេសក៍​កូរ៉េខាងជើង Kim Jung-Il និង​លោក Hu Jintao ប្រធានាធិបតី​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​ស្មារតី​ថ្នាក់​ដឹកនាំ​ចិន​សព្វ​ថ្ងៃ ឧបទ្វីប​កូរ៉េ​ត្រូវ​តែ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ចិន។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​បុរាណកាល ត​រហូត​ដល់​ឆ្នាំ​១៨៩៥ កូរ៉េ​តែង​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចក្រភព​ចិន មុន​នឹង​ធ្លាក់​បន្តិច​ម្តង​ៗ​ទៅ​ក្នុង​កណ្តាប់​ដៃ​ជប៉ុន​ដែល​លេប​យក​ឧបទ្វីប​ទាំង​មូល​មក​កាន់កាប់ នៅ​ឆ្នាំ​១៩១០។ កូរ៉េ​បន្ត​ឃ្លាត​ចេញ​ពី​ឥទ្ធិពល​ចិន នៅ​ឆ្នាំ​១៩៤៥។ កាល​នោះ ក្រោយ​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​ហើយ សហរដ្ឋអាមេរិក​និង​សហភាព​សូវៀត​ពុះ​ចែក​កូរ៉េ​ជា​ពីរ។ កូរ៉េ​ខាង​ជើង ក្លាយ​ជា​កុម្មុយនិស្ត​ស្តាលីននិយម(Stalinisme)ផ្គត់ផ្គង់​ដោយ​សូវៀត។ កូរ៉េ​ខាង​ត្បូង​វិញ បែរ​ទៅ​រក​លោក​ខាង​លិច ការពារ​និង​ទ្រទ្រង់​ដោយ​សហរដ្ឋ​អាមេរិក។

នៅ​ឆ្នាំ​១៩៤៩ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​កាល​ណោះ​ជា​ប្រទេស​កុម្មុយនិស្ត​ថ្មី​ថ្មោង​ផ្តើម​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយកូរ៉េ​ខាង​ជើង​វិញ តែ​ជា​ទំនាក់ទំនង​ដែល​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​រៀម​ច្បង​សូវៀត។ ចំណង​មេត្រី​ភាព​រវាង​ចិន​និង​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​សឹង​ក្លាយ​ជា​បងប្អូន​ឈាម​ជ័រ​តែ​មួយ ជា​ពិសេស​នៅ​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣។ កាលនោះ កង​ទ័ព​ចិន​និង​កង​ទ័ព​កូរ៉េ​ខាង​ជើង​កៀក​ស្មា​គ្នា​ប្រយុទ្ធ​ទប់​ទល់​នឹង​កង​កម្លាំង​អន្តរជាតិ ដឹកមុខ​ដោយ​អាមេរិក​ដែល​មក​ជួយ​កូរ៉េ​ខាង​ត្បូង។

សព្វ​ថ្ងៃ​នេះ ជា​ពិសេស​តាំង​ពី​សហភាពសូវៀត​បាន​រលត់​រលាយ​និង​សង្គ្រាម​ត្រជាក់​បាន​ចប់​បាត់​ទៅ ចិន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កូរ៉េ​ខាង​ជើង។ មូលហេតុ​ទី​មួយ​គឺ​មក​ពី​កូរ៉េ​ខាង​ជើង​ដែល​លែង​ទទួល​បាន​ជំនួយ​ពី​ម៉ូស្គូ​តាំង​ពី​ឆ្នាំ​១៩៩១​មក ធ្លាក់​ខ្លួន​ក្រ​ហើយ​ពឹង​ពាក់​សឹង​ទាំង​ស្រុង​ទៅ​លើ​ចិន នៅ​លើ​វិស័យ​សេដ្ឋកិច្ច។ មូលហេតុ​ទី​ពីរ​គឺ​មក​ពី នៅ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៩៤ និង​លើក​ទី​ពីរ​តាំង​ពី​ឆ្នាំ​២០០២​មក កូរ៉េ​ខាង​ជើង ដែល​ត្រូវ​សហគមន៍​អន្តរជាតិជាពិសេស​អាមេរិក​ស្តី​បន្ទោស អាច​ពឹង​ផ្អែក​ទៅ​លើ​តែ​ប្រទេស​ចិន​មួយ​គត់ ដើម្បី​ចេញ​រួច​ពី​ភាព​ឯកា នៅ​លើ​ឆាក​អន្តរជាតិ។
តាំង​ពី​ទសវត្សរ៍​ទី​៩០​មក​ទល់​សព្វ​ថ្ងៃ ថ្នាក់​ដឹក​នាំ​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ឧបទ្វីប​កូរ៉េ ពីព្រោះ​ការ​ថមថយ​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​ក្នុង​ឧបទ្វីប​នេះ ដាក់​ប្រទេស​ចិន​ឲ្យ​ប្រឈម​មុខ​គ្នា​ផ្ទាល់​តែ​ម្តង​ជាមួយ​សហរដ្ឋអាមេរិក។ អ្វី​ដែល​ចិន​និង​អាមេរិក​បាន​និង​កំពុង​បន្ត​ឃ្លាំ​មើល គឺ​ទំនាក់ទំនង​ល្អ​ជាង​កាល​សម័យ​សង្គ្រាម​ត្រជាក់ រវាង​កូរ៉េ​ខាង​ជើង​និង​កូរ៉េខាង​ត្បូង។ នៅ​ឆ្នាំ​១៩៩១ កូរ៉េ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ទទួល​កិច្ច​ព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​ស្តី​ពី​ការ​មិន​ឈ្លាន​ពាន​គ្នា​ទៅ​វិញ​ទៅ​មក ស្តី​ពី​ការ​បង្កើត​ឡើង​នូវ​«ទូរស័ព្ទ​ក្រហម​»មួយ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​អាច​ទូរស័ព្ទ​ទាក់ទង​គ្នា​បាន ពេល​មាន​ភាព​អាសន្ន​កើត​ឡើង។

ការ​សម្រួល​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​បាន​បោះ​មួយ​ជំហាន​ធំ​ទៅ​មុខ​នៅ​ឆ្នាំ​២០០០ នា​ឱកាស​ជំនួប​កំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Dae Jung និង​អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង​Kim Jung-Il។ ក៏​ប៉ុន្តែ ក្រោយ​មក កូរ៉េ​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំ​ជា​ថ្មី ដោយហេតុតែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ហេតុអ្វី​បាន​ជា​ចិន​និង​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ម៉្លេះ​ទៅ​លើ​កិច្ចសន្ទនា​រវាង​កូរ៉េ​ទាំង​ពីរ? ការ​ពិត ទាំង​ចិន​ទាំង​អាមេរិក​បារម្ភ​ក្រែង​នៅ​ទី​បំផុត កូរ៉េ​ទាំង​ពីរ​បង្រួបង្រួម​គ្នា​ឲ្យ​ទៅ​ជា​ប្រទេស​តែ​មួយ​វិញ។ ក្តី​បារម្ភ​តែ​មួយ​ដូច​គ្នា ប៉ុន្តែ​មូលហេតុ​ពីរ​ខុស​គ្នា។ ចំពោះ​អាមេរិក បើ​សិន​ជា​កូរ៉េ​ទាំង​ពីរ​ក្លាយ​ជា​ប្រទេស​តែ​មួយ​វិញ នោះ​បញ្ហា​នៃ​វត្តមាន​ទាហាន​អាមេរិក​៧០០០០នាក់ នៅ​កូរ៉េ​ខាង​ត្បូង​និង​នៅ​ជប៉ុន​នឹង​ចោទ​ឡើង។ ចំពោះ​ចិន​វិញ ការ​ដែល​កូរ៉េ​ទាំង​ពីរ​អាច​ក្លាយ​ជា​ប្រទេស​តែ​មួយ​វិញ នៅ​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន គឺ​ជា​គ្រោះថ្នាក់​មួយ​ជាយថាហេតុ។ ពីព្រោះ ប្រទេស​កូរ៉េ​តែ​មួយ​ដែល​មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង​៧០​លាន​នាក់ និង​ដែល​ដឹក​នាំ​ដោយ​របប​នយោបាយ​សេដ្ឋកិច្ច​សេរី​និយម​មួយ នឹង​អាច​ក្លាយ​ជា​មហា​អំណាច​តំបន់​មួយ​យ៉ាង​លឿន​រហ័ស ក្លាយ​ជា​គូប្រជែង​មួយ​របស់​ចិន នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ឡើយ។

យុទ្ធសាស្រ្ត​របស់​ថ្នាក់​ដឹក​នាំ​ចិន គឺ​ទាញ​កូរ៉េ​ខាង​ត្បូង​ឲ្យ​ឃ្លាត​ចេញ​បន្តិច​ម្តងៗ​ពី​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ន័យ​នេះ តាំង​ពី​ឆ្នាំ​២០០២​រហូត​មក​ដល់​ការ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​របស់​លោក​អូបាម៉ា ចិន​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឡើយ ពីព្រោះ​ការ​ទូត​ប្រកប​ដោយ​ហិង្សា​របស់​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ធ្វើ​ឲ្យ​សាធារណមតិ​កូរ៉េ​ខាង​ត្បូង​ស្អប់​អាមេរិក​ខ្លាំង​ឡើងៗ។ ជា​ញឹកញយ ពួក​យុវជន​កូរ៉េ ចុះ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ទាមទារ​ឲ្យ​ទ័ព​អាមេរិក​ចាក​ចេញ​ពី​ទឹក​ដី​គេ។
ជា​ទូទៅ ពួក​គេ​យល់​ឃើញ​ថា​មាន​តែ​ចិន​ទេ​ដែល​អាច​កែ​តម្រង់​កូរ៉េ​ខាង​ជើង និង​អាច​ជួយ​រក្សា​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​បាន។

ម្យ៉ាង​វិញ​ទៀត កត្តា​សេដ្ឋកិច្ច​ក៏​កំពុង​ទាញ​ចិន​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​ខិត​ចូល​ជិត​គ្នា​ដែរ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ដាក់​ទុន​រក​ស៊ី នៅ​ប្រទេស​ចិន ដូច​ជា​នៅ​ណង់កាំង(Nankin)ជា​ដើម។

ដោយ​ឡែក កត្តា​វប្បធម៌​ក៏​ជួយ​ទាញ​ចិន​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​ខិត​ចូល​ជិត​គ្នា​ដែរ។ ជនជាតិ​កូរ៉េ​ខាង​ត្បូង​ច្រើន​ឡើងៗ បែរ​ទៅ​រក​គោលការណ៍​ខុងជឺ​និយម(Confucianisme) ដែល​ជា​ឫស​គល់​រួម​នៃ​វប្បធម៌​ចិន​និង​វប្បធម៌​កូរ៉េ ហើយ​តាំង​ពី​ឆ្នាំ​២០០៣​មក និស្សិត​ភាគ​ច្រើន​នៃ​សកល​វិទ្យាល័យ​ជាតិ​នៅ​ទីក្រុងសេអ៊ូល ចូលចិត្ត​រៀន​ភាសា​ចិន​ជាង​ភាសា​អង់គ្លេស។ ថ្មីៗ​កន្លង​ទៅ​នេះ ការ​ស្ទាបស្ទង់​មតិ​មួយ​ថែម​ទាំង​បាន​បង្ហាញ​ថា ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​ធំ ចង់​ឃើញ​ប្រទេស​ខ្លួន​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​ចិន ជា​ជាង​ជា​មួយ​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ