អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​បញ្ឈប់​ការវាយប្រហារ​ដោយប្រើ​យន្តហោះ Drones

ដូច​ដែល​បាន​គ្រោង​ទុក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ទទួល​ជួប​លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន Sharif នា​ថ្ងៃពុធ ទី២៣ តុលា​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីតោន។ កិច្ចសន្ទនា​រវាង​លោក​អូបាម៉ា និង​លោក Sharif បាន​ផ្តោត​សំខាន់​លើ​ប្រធានបទ​នយោបាយ ពិសេស​ទាក់ទង​នឹង​ការ​វាយប្រហារ​របស់​យន្តហោះ​អាមេរិកំាង​គ្មាន​មនុស្ស​បើកបរ​លើ​ទឹកដី​ប៉ាគីស្ថាន។ ជា​ថ្មី​ម្តង​ទៀត លោក​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ស្នើ​ឲ្យ​អាមេរិក​បិទបញ្ចប់​នូវ​ទង្វើ​វាយប្រហារ​ដែល​លោក Sharif ចាត់ទុក​ថា ជា​ការ​រំលោក​បំពាន​លើ​អធិបតេយ្យ​របស់​ប៉ាគីស្ថាន។

លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Sharif និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា
លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Sharif និង​លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ រឿងរ៉ាវ​ជុំវិញ​ការ​វាយប្រហារ​លើ​ដែនដី​ប៉ាគីស្ថាន​ពី​សំណាក់​យន្តហោះ​អាមេរិក​គ្មាន​មនុស្ស​បើកបរ ដែល​គេ​ហៅ​ថា Drones នោះ គឺ​ជា​រឿងវិវាទ​ច្រំដែល និង​មាន​រយៈពេល​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ​រវាង​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​អ៊ីស្លាម៉ាបាត។ ជា​ថ្មី​ម្តង​ទៀត និង​ឆ្លៀត​ឱកាស​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif បាន​ស្នើ​ឲ្យ​អាមេរិក​បិទបញ្ចប់​នូវ​ទង្វើ​ដែល​លោក​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​បូរណភាព​ដែនដី​របស់​ប្រទេស​ប៉ាគីស្ថាន។

លោក Sharif បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​យ៉ាង​ដូច​នេះ នៅ​ពេល​ចេញ​ពី​សេតវិមាន ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​អូបាម៉ា។ ចំណែក​លោក​អូបាម៉ា​វិញ លោក​មិន​បាន​និយាយ​ចំៗ​ចំពោះ​បញ្ហា​នេះ​ទេ តែ​គ្រាន់​តែ​បាន​បញ្ជាក់​ដោយ​ប្រើ​ភាសា​ការទូត​ថា ទំនាក់ទំនង​ជា​ដៃគូ​រវាង​ប៉ាគីស្ថាន និង​សហរដ្ឋអាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​​ការ​គោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​រវាង​គ្នា​ទៅវិញ ទៅ​មក។

គួរ​ជម្រាប​ជូន​ថា តំាង​ពី​ក្រោយ​មហាភេរវកម្ម​ថ្ងៃ ១១ កញ្ញា ឆ្នំា ២០០១ មក ទំនាក់ទំនង​សម្ព័ន្ធមិត្ត​រវាង​អាមេរិក និង​ប៉ាគីស្ថាន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ក្រុមអ៊ីស្លាម​និយមជ្រុល​ហាក់​ដូច​ជា​មិន​សូវ​រលូន​ប៉ុន្មាន​ទេ និង​មាន​ពេល​ខ្លះ​បាន​ស្គាល់​វិបត្តិធ្ងន់ធ្ងរ​ទៀត​ផង ជាក់ស្តែង​ក្រោយ​ការ​សម្លាប់​មេកើយ​អាល់ កៃដា Oussama Ben Laden ដោយ​ក្រុម​កម៉្មង់ដូ​អាមេរិកំាង​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ខែ​ឧសភា ឆ្នំា ២០១១ កន្លង​ទៅ។

រហូត​មក​ដល់​ពេល​នេះ​ទៀត ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទំាង​ពីរ​បាន​និង​កំពុង​បន្ត​បំពុល​ដោយ​សំណុំរឿង Drones នោះ​ឯង។ តំាង​ពី​ឆ្នំា ២០០៤ មក ការ​វាយប្រហារ​ដោយ​យន្តហោះ​អាមេរិកំាង​គ្មាន​មនុស្ស​បើកបរ​នៅ​ក្នុង​ដែនដី​ប៉ាគីស្ថាន​ជាង ៣០០ដង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ពី ២ ០០០ ទៅ ៤ ៧០០នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល​រាប់រយនាក់។ កាល​ពី​ថ្ងៃ​អង្គារ ទី២២ តុលា លោក Sharif បាន​រម្លឹក​ជា​ថ្មី​ថា ការ​ប្រើ​យន្តហោះ Drones មិន​ត្រឹម​តែ​​ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​ប្រទេស​ប៉ាគីស្ថាន​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទំាង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប៉ាគីស្ថាន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ