អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​សហជីព​កម្មករ​​ជួប​ជុំ​​ និយាយ​ពី​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ

មេដឹកនាំ​សហជីព​កម្មករ ដែលមាន​ទាំង​សហជីព​គាំទ្រ​រដ្ឋាភិបាល សហជីព​ប្រឆាំង និង​សហជីព​ឯករាជ្យ បាន​ជួបប្រជុំ​រយៈពេល​ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​អង្គារ ទី៤កុម្ភៈ​នេះ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ។ កិច្ចប្រជុំ​ពេញ​មួយថ្ងៃ ក្រោម​ការ​សម្របសម្រួល​រៀបចំ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO បានធ្វើ​ឡើង តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​គណៈកម្មកា​រ​សិក្សា​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ នឹង​ជួបប្រជុំ​លើកដំបូង នៅ​ថ្ងៃទី៥កុម្ភៈ។

ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង​សមត្ថកិច្ច​ កាលពីដើមខែមករា
ការប៉ះទង្គិចរវាងកម្មករនិងកងកម្លាំង​សមត្ថកិច្ច​ កាលពីដើមខែមករា RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាតុកម្ម​បង្ហូរឈាម ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ កាលពី​ថ្ងៃទី៣មករា​រួចមក គឺ​នៅ​ថ្ងៃទី៤កុម្ភៈ​នេះ មេដឹកនាំ​សហជីព​កម្មករ​ទូទាំង​ប្រទេស រួមមាន លោក សោម អូន លោក ជួន មុំ​ថុល លោក រ៉ុង ឈុន និង​លោក​អាត់​ធន់ ជាដើម បាន​ជជែក​ពិភាក្សា អំពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ។ អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ជា​អ្នករៀបចំ​កិច្ចប្រជុំ​រយៈពេល​ពេញ​មួយថ្ងៃ​នេះ ដោយមាន​អ្នកជំនាញ​បរទេស ធ្វើ​បទ​បង្ហាញ។ មេដឹកនាំ​សហជីព ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ឡើង​បញ្ចេញ​មតិយោបល់​ដោយ​សេរី។

ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ ត្រូវបាន​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​កម្មករ ទទូច​ទាមទារ​ឲ្យ​មានការ​តម្លើង ទាប​បំផុត​ដល់ ១៦០ ដុល្លារ។ ប៉ុន្តែ​រដ្ឋាភិបាល បាន​សម្រេច​​ជា​ផ្លូវការ តម្លើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន ១០០ ដុល្លារ។ ការ​តម្លើង​ប្រាក់ខែ​កម្មករ​នេះ ត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ តទៅ។

ជាការ​កត់សម្គាល់ កិច្ចប្រជុំ​រវាង​មេដឹកនាំ​សហជីព​កម្មករ​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​អង្គារ ទី៤កុម្ភៈ​នេះ បានធ្វើ​ឡើង តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​គណៈកម្មកា​រ​សិក្សា​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង ដែលមាន​សមាជិក ១១ រូប ដឹកនាំ​ដោយ​លោក​គាត​ឈន់ នឹង​បើក​កិច្ចប្រជុំ​លើកដំបូង នា​ថ្ងៃទី៥កុម្ភៈ​នេះ។ សមាសភាព​គណៈកម្មកា​រ ទាំង ១១ រូប មាន​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ប្រធានសភា​ពាណិជ្ជកម្ម ជា​ប្រធាន អនុប្រធាន និង​ជា​សមាជិក។ តែ​គណៈកម្មការ​នោះ មិនមាន​មេដឹកនាំ​សហជីព​កម្មករ ចូលរួម​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ