អានតួអត្ថបទ
បទយកការណ៍

ស្នាដៃ​ភាពយន្ត​របស់​លោក​រិទ្ធីប៉ាន់​ចូលប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​ក្រុងកាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហោស្រពភាពយន្ត​អន្តរជាតិ​ក្រុង​កាន (Cannes នៅ​ប៉ែក​ខាង​ត្បូង​ប្រទេសបារាំង) បាន​ឈាន​ចូល​​ដល់​ថ្ងៃ​ទី​៥ ថ្ងៃ​ដែល​កម្ពុជា​មាន​កិត្តិយស​ មាន​ឈ្មោះ​ក្នុង​ពិភពភាពយន្ត​អន្តរជាតិ ព្រោះ​អាច​ចាត់​ទុក​ថា​ជា​លើក​ទី​មួយ ដែល​ភាពយន្ត​ខ្មែរ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន ដើម្បី​ដណ្តើម​ពាន​រង្វាន់​ “Un certain Regard” ដែលជា​​រង្វាន់​លំដាប់​ទីពីរ​ បន្ទាប់ពី​តាលបត្រ​មាស (Palme d’Or) ក្នុង​ក្របខ័ណ្ឌ​មហោស្រព​អន្តរជាតិ លើកទី ៦៦។

"កង្វះរូបភាព" (Image manquante) ជា​ខ្សែភាពយន្ត​ថ្មី​របស់​លោក​រិទ្ធី ប៉ាន់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ប្រកួតប្រជែង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​កាន ប្រទេស​បារាំង
"កង្វះរូបភាព" (Image manquante) ជា​ខ្សែភាពយន្ត​ថ្មី​របស់​លោក​រិទ្ធី ប៉ាន់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​ប្រកួតប្រជែង​ ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​កាន ប្រទេស​បារាំង festival de cannes
ផ្សាយពាណិជ្ជកម្ម

 

“កង្វះរូបភាព” (ជាភាសាបារាំង Image manquante) គឺ​ជា​ចំណង​ជើង​ភាពយន្ត ដែល​ជា​ស្នាដៃ​របស់​សមិទ្ធិករ​ខ្មែរ លោក រិទ្ធី ប៉ាន់។

 

ជា​ភាពយន្ត​ឯកសារ​ថ្មី ឬ​អាច​ថា​ជាភាពយន្ត​ថ្មី ស្នាដៃ​ថ្មី​ស្រឡាង​ ក្នុង​​ទម្រង់​ថ្មី​ ប៉ុន្តែ​​​ លោក​រិទ្ធី ប៉ាន់ ដក់​អារម្មណ៍​ជាប់​នឹង​ប្រធានបទ​ដដែល គឺ​ទាក់ទង​នឹង​ប្រវត្តិ​រឿង​អតីត​ក្នុង​សម័យ​ខ្មែរ​ក្រហម។ រប​ប​ប្រល័យពូជសាសន៍ ដែល​បានធ្វើ​ឱ្យ​បណ្តា​ជន​ខ្មែរ​រាប់​លាន​នាក់​រងគ្រោះ​បាត់បង់ជីវិត ក្នុង​រវាង​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ដែល​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ទាំងអស់​នោះ ក៏រួមមាន​​ទាំង​ម្តាយ​ឪពុក​ និង​បងប្អូន​បង្កើត​របស់​លោក​រិទ្ធី ប៉ាន់។ ចំណែក ​រូបលោក​ផ្ទាល់​ក៏​​ជា​ជន​រួច​ពី​ស្លាប់​ពី​ជំរំ​លត់ដំ​កងកុមារ​។

 

ក្រុម​ខ្មែរ​ក្រហម​​បាន​ផលិត​ភាពយន្ត ​ឃោសនា​​​ អំពី​ការ​​ដឹកនាំ​បក្ស​មហាលោតផ្លោះ មហាអស្ចារ្យ តែរំលាយ​ចោល​ភាពយន្ត​របស់​សមិទ្ធិករផ្សេងទៀត ​ដែល​រៀបរាប់​ពីជីវិត​កម្ពុជា​ មុន​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៥ (រូបភាព​សិល្បៈ ឬ​កុនរបស់​ផលិតករខ្មែរ) ព្រមទាំង​​រំលាយ​ចោល​រាល់​រូបភាព​ និង​ឯកសារ​ទាំងឡាយ​ណា​ដែលអាច​ធ្វើ​ជា​ភស្តុតាង​សកម្មភាព​ឧក្រិដ្ឋ​និង​ប្រល័យ​ពូជសាសន៍​​ក្នុង​សម័យ​ខ្មែរក្រហម។

 

ដំណើរតាមស្វែងរករូបភាពដែលខ្វះនេះ វាល្អជាងការដែលរករូបភាពនេះឃើញ

07:50

បទសម្ភាសន៍​ជាមួយ​លោក​រិទ្ធី ប៉ាន់

អៀង សុខម៉ិញ

នេះ​ហើយ​ជា​កង្វះរូបភាព​ ដែល​ លោក រិទ្ធី ប៉ាន់ ស្វែង​រក​តាំងពី​យូរយារ​ មុន​នឹង​យល់​ថា​ នេះ​ជា​មូលហេតុ​ដើម​ដែល​នាំ​ឱ្យ​លោក​ក្លាយ​ខ្លួន​ជា​ផលិតករ សមិទ្ធិករភាពយន្ត​! ផលិតករ​ដែល​បាន​កសាង​រូបភាព ក្នុងពេល​បច្ចុប្បន្ន ដើម្បី​យល់ “អតីតកាល” ។ លោក​បានភ្ជាប់​​រូបភាព​ជាច្រើន ដែល​មាន​អត្ថន័យ​និង​តម្លៃ​ខុសគ្នា មកង​ផ្សំបញ្ចូល​គ្នា​​តែ​មួយ​ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត​ជាភាពយន្ត​មួយ​មាន​​ខ្លឹមសារ ហើយ​មិន​មែន​មាន​ត្រឹម​តែ​ជា​រូបភាព។

 

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ អៀង សុខម៉ិញ ដែល​ចុះទៅយកការណ៍ ដល់​​កន្លែង​ប្រារព្ធ​មហោស្រពភាពយន្តអន្តរជាតិក្រុងកាន លោក រិទ្ធី ប៉ាន់ បាន​លើកឡើង​ថា លោក​នៅ​តែ​ចង់​ឲ្យ​កង្វះរូបភាព នៅតែ​កើតមាន​ជា​បន្ត ពីព្រោះ​ថា “ដំណើរ​តាម​ស្វែងរក​រូបភាព​ដែល​ខ្វះនេះ វា​ល្អ​ជាងការដែល​រករូបភាព​នេះ​ឃើញ”។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ