អានតួអត្ថបទ
កម្ពុជា

លោក​​សម​ រង្ស៊ី​​ អំពាវនាវ​​​​ឲ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​វិល​​ចូល​​តុ​​ចរចា​​​ជា​ថ្មី​​​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា នៅ​ក្នុង​សន្និសីទ​កាសែត ឯ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នេះ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិល​ចូល​តុ​ចរចា​ជា​ថ្មី ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​គណៈកម្មការ​ឯករាជ្យ​ចំពោះ​កិច្ច ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

លោក​សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣
លោក​សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​​តាម​រយៈ​សារព័ត៌មាន ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិល​ចូល​តុ​ចរចា​ជា​ថ្មី ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​គណៈកម្មការ​ឯករាជ្យ ចំពោះ​កិច្ច ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​សម រង្ស៊ី បាន​បញ្ជាក់​ច្បាស់​ៗ​ថា គណបក្ស​លោក ​នឹង​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ ដែល​ចេញ​ពី​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ និង​ឯករាជ្យ របស់​គណៈកម្មការ​ចំពោះ​កិច្ច​នោះ បើទោះ​ជា​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ចាញ់ ឬ​ឈ្នះ​ក៏​ដោយ។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​សំណូម​ពរ​ឲ្យ​គណបក្ស​ប្រជាជន ប្រកាន់​ស្មារតី​ដូច​គ្នា​នេះ​ដែរ។

គួរ​បញ្ជាក់​ថា គណៈកម្មការ​ចំពោះ​កិច្ច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​សំដៅ​ដល់​នោះ គឺ​ជា​គណៈកម្មការ​ដែល​​មាន​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​សង្កេត​ការណ៍​បោះ​ឆ្នោត និង​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥​នេះ។

ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​មួយ​នេះ មិន​ត្រូវ​គ្នា​ជាមួយ​ជំហរ​របស់​​គណបក្ស​ប្រជាជន​ទេ ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មាន​វត្តមាន​គណៈ​កម្មាធិការ​​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ គ.ជ.ប ដែល​នឹង​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​គណៈកម្មការ​ចំពោះ​កិច្ច​នោះ ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​កម្ពុជា។ នេះ​បើ​តាម​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នា​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ