អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី​ត្រៀម​ជួយ​រដ្ឋាភិបាល​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

ក្រៅពី​លិខិត​របស់​គណបក្ស លោក​សម រង្ស៊ី​ផ្ទាល់​បាន​ផ្ញើលិខិត​មួយ​ទៀត​ទៅ​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​បង្ហាញការ​គាំទ្រ​របស់​លោក​ ចំពោះ​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល ​ដែល​បាននាំ​សំណុំ​រឿង​ឈ្លានពាន​របស់​កងទ័ពថៃ​ទៅ​អង្គការ​សហប្រជាជាតិ។ លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ បាន​ទទួលស្គាល់​ថា កម្ពុជា​នឹង​ឈ្នះ​តាម​ផ្លូវច្បាប់​និង​តុលាការ​អន្តរជាតិ។

លោក​សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក​សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន © វណ្ណារ៉ា/រូបថតឯកសារ
ផ្សាយពាណិជ្ជកម្ម

01:48

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សម រង្ស៊ី​បាន​បញ្ជាក់​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា លោក​ត្រៀមខ្លួន​ជានិច្ច​ជួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ដើម្បី​ទប់ទល់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ប្រទេស​ថៃ។ ជំហរ​របស់​មេគណបក្ស​ជំទាស់​នៅកម្ពុជា ត្រូវបាន​បង្ហាញ​នៅក្នុង​លិខិត​៣​ទំព័រ​របស់​លោក​ចុះ​ថ្ងៃ​ទី១១កុម្ភៈ ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​សម រង្ស៊ី​បាន​ផ្តើមលិខិត​របស់​លោក​ដោយ​សរសេរ​ថា លោក​គឺ​ជា​កូនខ្មែរ​មួយរូប ចាំបាច់​លោក​ត្រូវ​ខិតខំ​ពង្រឹង​ការ​រួបរួមជាតិ ឯកភាពជាតិ​រួម​ជាមួយ​រដ្ឋាភិបាល ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា។ ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ប្រធាន​គណបក្ស​សម រង្ស៊ី​ ដែល​កំពុង​ជាប់​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​សំណុំរឿង​ព្រំដែន​កម្ពុជា​វៀតណាម​នោះ បាន​ថ្លែងសាទរ​លោក​ហ៊ុន សែន​ថា លោក​ហ៊ុន សែន​បាន​ប្រឹងប្រែង​ខ្លាំង ហើយ​បាន​ចាត់វិធានការ​ត្រឹមត្រូវ​និង​រហ័ស ទាំងផ្នែក​យោធា​ និង​ការទូត ​ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​ប្រទេសថៃ។

នៅក្នុង​លិខិត​នោះ លោក​សម រង្ស៊ី​ក៏​បាន​បរិយាយ និង​ធ្វើការ​បកស្រាយ​ផ្នែក​ផ្លូវច្បាប់ និង​ឯកសារ​គតិយុត្ត​ជាច្រើន​ដែល​ធ្វើ​អោយ​លោក​សម រង្ស៊ី​សន្និដ្ឋាន​ថា កម្ពុជា​ត្រូវ​តែ​មាន​ប្រៀបលើ​ប្រទេស​ថៃ។

នៅក្នុង​លិខិត​ដដែល​នោះ លោក​សម រង្ស៊ី​មិន​បាន​ផ្តល់​សារៈសំខាន់​ទៅលើ​អាស៊ាន​ក្នុងការ​ដោះស្រាយ​ជម្លោះ​កម្ពុជាថៃ​នោះទេ។ លោក​សម រង្ស៊ី​អះអាង​ថា សមាជិក​សមាគម​អាស៊ាន​មួយ​ចំនួន​មាន​ជំហរ​មិន​ច្បាស់លាស់ ហើយ​ថា ពួកគេ​មិន​គាំទ្រ​កម្ពុជា​ពេញ​ទំហឹង​នោះឡើយ។

មេ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​អោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុងឡាអេ​ទៀត​ផង គឺ​ប្តឹង​ពី​បទឧក្រិដ្ឋកម្ម​ឈ្លានពាន ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្តឹងទាមទារ​អោយ​រដ្ឋាភិបាល​ថៃ​ផ្តល់​សំណង​សម្រាប់​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ និង​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ