អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី៖ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ជា​អាយ៉ង​របស់ CPP

នៅ​ថ្ងៃ​១៩​មេសា​នេះ លោក​សម​រង្ស៊ី បានចាត់ទុក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ថា ជា​អាយ៉ង​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​លោក កឹម​សុខា ​កំពុង​ប្រើ​យុទ្ធសាស្ត្រ និង​រួម​ដៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំបែក​គណបក្ស​សមរង្ស៊ី​។ ជា​ការលើកឡើង ដែល​បញ្ជាក់ថា សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​កឹម​សុខា មិន​អាច​ទៅ​រួច​ឡើយ។​

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

02:41

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​សកម្មជន​គណបក្ស​សមរង្ស៊ី ដែល​បាន​បង្ហោះ តាម​ប្រព័ន្ធ​អ៊ិនថឺណេត នៅ​ថ្ងៃ​ទី​១៩​មេសា ឆ្នាំ​២០១១ លោក សម រង្ស៊ី បាន​ឆ្លើយតប​នឹង​សំណួរ​របស់​លោក កឹម សុខា ទាក់ទង​នឹង​រូបមន្ត​បង្រួបបង្រួម​គណបក្ស​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ គណបក្ស​ប្រឆាំង​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព​នឹង​គ្នា កាលពី​ថ្ងៃ​១៥​មករា ឆ្នាំ​២០០៩។​

​លោក កឹម​សុខា បាន​សរសេរ​លិខិត កាលពី​ថ្ងៃ​ទី​១៨​មេសា​ម្សិលមិញ ដើម្បី​សួរ​លោក​សម​រង្ស៊ី អំពី​រូបមន្ត​នៃ​ការបង្រួបបង្រួម​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ថា​តើ​ត្រូវ​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី ដោយ​ដាក់​ឈ្មោះ​ថ្មី ឬ​ក៏​រួម​បញ្ចូល​គ្នា ក្នុង​គណបក្ស​សមរង្ស៊ី?​

​​ក្នុង​លិខិត​នេះ លោក កឹម សុខា បាន​បញ្ជាក់​ជំហរ​ជាថ្មី​ម្តងទៀត​ថា គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ប្រកាន់យក​គោលការណ៍​រួបរួម​ជាមួយ​គណបក្ស​ស​ម​រង្ស៊ី តាមរយៈ​ការបង្កើត​គណបក្ស​ថ្មី​មួយ មិនមែន​ក្រោម​ស្លាក​គណបក្ស​សមរង្ស៊ី​ឡើយ។​

​ក៏​ប៉ុន្តែ​ក្នុង​លិខិត​នៅថ្ងៃនេះ លោក​សម​រង្ស៊ី បាន​ចាត់ទុកថា គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា មិន​ស្មោះត្រង់ និង​មិន​មាន​បំណង​ពិតប្រាកដ ដើម្បី​ធ្វើ​ការរួបរួម ក្នុងនាម​ជា​ដៃគូ​ពិតប្រាកដ​របស់​គណបក្ស​សមរង្ស៊ី​ឡើយ។ ផ្ទុយទៅវិញ គណបក្ស​សិទ្ធិមនុស្ស​បានចាត់ទុក​គណបក្ស​សមរង្ស៊ី​ជា​សត្រូវ ដោយ​ការប្រើ​ភាសា និង​ល្បិច​នយោបាយ​ដូច​គ្នា នឹង​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ប្រើប្រាស់ ដើម្បី​បំបែក​គណបក្សប្រឆាំង​សមរង្ស៊ី។​

​លោក​សម​រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​លើកឡើង​ថា ដោយ​ប្រកាន់យក​នូវ​ឥរិយាបថ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទោះ​ចង់ ឬ​មិន​ចង់ គឺ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា កំពុង​បម្រើ​ផលប្រយោជន៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អាយ៉ង​ដាច់​ថ្លៃ របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ​។​

​ជាមួយ​នឹង​ការលើកឡើង​ខាងលើ លោក​សម​រង្ស៊ី ក៏​បាន​បន្ថែមថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សម្ព័ន្ធភាព​នៃ​ចលនា​ប្រជាធិបតេយ្យ​បាន​បាក់បែក​។ កាលពី​អតីតកាល សម្ព័ន្ធភាព​រវាង​គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ត្រូវ​បាក់បែក បើទោះបីជា​គណបក្ស​សមរង្ស៊ី​តែមួយគត់ បាន​អនុវត្ត​តាម​គោលការណ៍ ប៉ុន្តែ​ដៃគូ​សម្ព័ន្ធមិត្ត​រយៈពេល​ខ្លី​របស់​គណបក្ស​សមរង្ស៊ី បាន​ដើរតួ​ជា​អ្នកនយោបាយ​ឱកាសនិយម ដែល​ត្រូវបាន​ប្រើប្រាស់ និង​ទិញ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការលើកឡើង​របស់​លោក​សមរង្ស៊ី ត្រូវបាន​លោក កឹម​សុខា ចាត់ទុកថា ជាការ​លាប​ពណ៌ និង​ជា​លេស ដើម្បី​គេចវេះ​ពី​ការរួបរួម​ប៉ុណ្ណោះ​។​ ​លោក កឹម សុខា អះអាងថា ទោះបីជា​លោក​សម​រង្ស៊ី មិន​មក​រួបរួម​ជាមួយ​គណ​បក្ស​សិទ្ធិមនុស្ស តែ​សកម្មជន​ថ្នាក់ក្រោម បាន​មក​រួបរួម​ជាមួយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ជា​បន្តបន្ទាប់ ដូច​ករណី​លោក ម៉ៅ មុនី​វណ្ណ អតីត​អ្នកតំណាងរាស្ត្រ ខេត្ត​កំពង់ចាម​ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ