អានតួអត្ថបទ
កម្ពុជា

មេដឹកនាំ​នយោបាយ​ទៅ​វត្ត ហើយ​​ឆ្លៀត​​ផ្តល់​ជំនួយ​​ដល់​​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់

នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​សុក្រ​នេះ លោក​សមរង្ស៊ី ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង បាន​ទៅ​វត្ត នៅ​ខេត្ត​ក្រចេះ និង​បាន​ជួប​អ្នក​រងគ្រោះ​ដោយ​ទឹកជំនន់ ព្រម​ទាំង​ផ្តល់​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់ ជា​ស្បៀង​អាហារ​បន្តិចបន្តួច។ ដោយឡែក​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​នៅ​ស្ងៀម​ឡើយ។ ក្រៅ​ពី​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ក៏​បាន​ចុះ​ជួប​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់ និង​បាន​ផ្តល់​ជំនួយ​ជា​អង្ករ តាម​លទ្ធភាព ព្រម​ទាំង​ណែនាំ​ដល់​ពលរដ្ឋ​រងគ្រោះ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​មហន្តរាយ​នេះ។

លោក សម រង្ស៊ី កាន់​​អំណោយ​ យកទៅ​ចែក​ជូន​ប្រជាជន​ដែល​រង​គ្រោះដោយសារ​ទឹក​ជំនន់។
លោក សម រង្ស៊ី កាន់​​អំណោយ​ យកទៅ​ចែក​ជូន​ប្រជាជន​ដែល​រង​គ្រោះដោយសារ​ទឹក​ជំនន់។ Facebook
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ថ្ងៃ​ទី​៣ និង​នៅ​ថ្ងៃ​ទី​៤​តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ លោក​សម រង្ស៊ី ​លោក កឹម​ សុខា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ទៀត ក្រៅ​ពី​ទៅ​វត្ត ប្រគេន​ចង្ហាន់​បិណ្ឌ​បាត្រ​ដល់​ព្រះសង្ឃ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ក៏​បាន​ឆ្លៀត​ចុះ​ជួប​ជន​រងគ្រោះ ដោយ​ទឹក​ជំនន់ នៅ​ខេត្ត​កំពង់ចាម និង​ខេត្តក្រចេះ ដើម្បី​ចែក​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់ ដែល​មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​អង្ករ ជាដើម។

នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​សុក្រ​នេះ លោក​សម រង្ស៊ី បាន​ចុះ​ទៅ​ខេត្តក្រចេះ ទៅ​វត្ត​សរសរ​១០០ និង​វត្ត​មួយ​ចំនួន​ទៀត។ លោក​សម រង្ស៊ី ក៏​បាន​ជួប និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដល់​ពលរដ្ឋ រងគ្រោះ ដែល​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន តាម​ដងផ្លូវ​ផង​ដែរ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា ជំនួយ​សង្គ្រោះ​បន្ទាន់ ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នាំ​យក​ទៅ​ចែក​ជូន​បងប្អូន​ជន​រងគ្រោះ ដោយ​ទឹក​ជំនន់ ពេល​នេះ បាន​មក​ពី​ជំនួយ​របស់​សប្បុរសជន​នៅ​ក្រៅ​ប្រទេស។

ក្រៅ​ពី​ទៅ​វត្ត និង​ផ្តល់​ជំនួយ​ស្បៀង​អាហារ​ដល់​អ្នក​រងគ្រោះ លោក​សម រង្ស៊ី ក៏​បាន​ជួប​សំណេះសំណាល​ពី​កិច្ចការ​ប្រទេសជាតិ ដែល​រួមមាន៖ ការ​ស្តាប់​មតិ​យោបល់របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្តាំ​លោក កុំ​ឲ្យ​ទទួល​យក​លទ្ធផល​បោះឆ្នោត និង​ត្រូវ​មាន​គោលជំហរ​រឹងមាំ ទាមទារ​សន្លឹក​ឆ្នោត ដែល​ត្រូវ​លួច​បន្លំ ជា​ដើម។ លោក​សម រង្ស៊ី ក៏​បាន​ប្រកាស​កៀងគរ​មហាជន ឲ្យ​មក​ចូលរួម​ការ​ជួបជុំ នៅ​ថ្ងៃ​ទី​៦​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ភ្នំពេញ និង​ការធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣​តុលា។

រីឯ​លោក ជាម យៀប ដែល​កំពុង​ចែក​អង្ករ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​អះអាងថា ក្នុង​ពេល​មាន​គ្រោះទឹកជំនន់ ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​នៅ​ស្ងៀម​ទេ គឺ​បណ្តា​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ខេត្ត​រងគ្រោះ ពិសេស​ ក្រុមយុវជន​របស់​បក្ស បាន​ចុះ​ជួប​​និង​ចែក​ជូន​អង្ករ ស្បៀង​អាហារ ដោយ​មិន​រើស​មុខ ប្រកាន់​ថា គណបក្ស​ណា ជា​គណបក្ស​ណា​ទេ។

ក្រៅ​ពី​នោះ លោក ជាម យៀប ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​បាន​ណែនាំ និង​ត្រៀម​ទូក​កាណូត​ជួយ​ដល់​ជនរងគ្រោះ ត្រៀម​លក្ខណៈ​ប្រុង​ប្រយ័ត្ន​នឹង​ខ្យល់ព្យុះ ពស់អសិរពិស ជំងឺ​ដង្កាច់ និង​ការ​លិចលង់​ពេល​ធ្វើ​ដំណើរ ជា​ដើម។

យ៉ាងណាក៏ដោយ ទាំង​លោក យឹម សុវណ្ណ និង​ទាំង​លោក​សម រង្ស៊ី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​រក​ឫសគល់ និង​ទប់ស្កាត់​គ្រោះ​ទឹក​ជំនន់។ នោះ​ គឺ​ត្រូវ​ការពារ តាមរយៈ​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាក់​ដី​លុប​បឹងបួរ ទន្លេ ដែល​នាំ​មាន​គ្រោះ​ទឹកជំនន់ លិចលង់​ផ្ទះ​សម្បែង និង​រហូត​ដល់​បាត់បង់​ជីវិត​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ