អានតួអត្ថបទ
កម្ពុជា

មន្ត្រីជាន់ខ្ពស់​អាមេរិក​ ជួប​អ្នកនយោបាយ​កំពូល​ខ្មែរ​ខណៈដែល​នយោបាយ​ទ័លច្រក​

លោក Scot Marciel ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ទ​ទួល​បន្ទុក​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ជួបពិភាក្សា​ជាមួយ​​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្សកាន់​អំណាច និង​​មេបក្ស​ប្រឆាំង ខណៈ​ដែល​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​មិនទាន់បាន​បិទ​បញ្ចប់។ ក្នុង​ដំណើរ​ទស្សនកិច្ច​​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា លោក ឧបការី​រង​អាមេរិក បាន​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ហោ ណាំហុង និង រួមទាំង​មេបក្ស​ប្រឆាំង​លោក កឹម សុខា មុននឹង​ចាក​ចេញពី​កម្ពុជា។

'លោក Scot Marciel ឧបការីរងរដ្ឋមន្ត្រីការបទេសអាមេរិក និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងក្រសួងការបរទេស ក្នុងទីក្រុងភ្នំពេញ។
'លោក Scot Marciel ឧបការីរងរដ្ឋមន្ត្រីការបទេសអាមេរិក និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងក្រសួងការបរទេស ក្នុងទីក្រុងភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Scot Marciel បាន​ជួបពិភាក្សា​ដាច់​ដោយ​ឡែក​ ក្នុង​ជំនួប​៣ផ្សេងគ្នា ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នយោបាយ​ខ្មែរ។ ជា​ជំនួប​ដែល​ធ្វើឡើង​ខណៈដែល​បក្ស​ឈ្នះឆ្នោត​ទាំងពីរ​នៅ​កម្ពុជា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​ នៅតែ​បន្ត​ដំឡើង​សំឡេង​ចោទប្រកាន់​គ្នា​ទាក់​ទងនឹង​ភាពទ័លច្រក​នៃ​នយោបាយ​នៅ​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ ពីថ្ងៃ​ទី៤ ដល់​ថ្ង​ទី៥កម្ភៈ​នេះ លោក ឧបការី​រង​​រដ្ឋមន្ត្រី​ការបរទេស ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក​រូបនេះ បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ស ខេង ដែលជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ ដោយឡែក ​នៅ​ថ្ងៃទី៥ កុម្ភៈ​នេះ លោក​បាន​ជួបពិភាក្សា ក្នុង​ជំនួប​ពីរ​ដាច់ដោយឡែក​ ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ​ណាំហុង និង​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា។

ក្រោយ​កិច្ចប្រជុំ​បិទទ្វា​រយៈពេល​មួយ​ម៉ោង​ រវាង​លោក Scot Marciel និង​លោក ហោ ណាំហុង អ្នកនាំពាក្យ​ក្រសួង​កាបរទេស​កម្ពុជា លោក កុយ ​គួ​ង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ការ​ដាក់​សម្ពាធ​នយោបាយ​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ណាមួយ​ឡើយ ​ស្តីពី​ជម្លោះ​នយោបាយ​​នោះ​ទេ ពោលគឺ​មានតែ​ការ​ជម្រុញ​ឱ្យ​ខ្មែរ និង​ខ្មែរ​ដោះស្រាយ​បញ្ហានយោបាយ​រវាង​គ្នា​និង​គ្នា​តែ​ប៉ុណ្ណោះ។

ហើយ​ថា​ សហរដ្ឋអាមេរិក​មិន​កាន់ជើង​ខាង​គណបក្ស​ណាមួយ​នោះដែរ។ ក្រៅពី​បញ្ហា​នយោបាយ​​នាពេល​បច្ចុប្បន្ន ទាំង​លោក​លោក កុយ គួ​ង និង​លោក ស៊ាន ម៉ាស៊ិនតូស(Sean Mc Intosh) ​អ្នក​នាំ​ពាក្យ​​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​ថា បញ្ហា​​ស្តីពី​ការពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក អាស៊ាន និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត រវាង​ចិន និង​ប្រទេសជិតខាង រួមទាំង​បញ្ហា​ទំនប់​វា​រី​អគ្គិសនី​នៅ​កម្ពុជា ក៏​ត្រូវ​បាន​លើក​មក​ជជែក​​ផងដែរ។

ចំណែកឯ​លោក យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រាប់ថា ជំនួប​រវាង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ឧបការ​រី​រង​អាមេរិក គឺ​ពិភាក្សា​បញ្ហា​ចំនួន​ពីរសំខាន់ៗ គឺ ការជំរុញឱ្យ​មានការ​ដោះស្រាយ​បញ្ហា​ទ័លច្រក​​នៃ​នយោបាយ​នៅ​កម្ពុជា​ដោយ​​សន្តិវិធី និង​កា​ជំរុញឱ្យមាន​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។

សូម​រំ​រលឹក​ឱ្យដឹងថា មុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក Scot Marciel ឧបការ​រី​រង​រដ្ឋមន្ត្រីការបទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ី​បូព៌ា បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។ តាម​គម្រោង លោក ឧបការី​រង​រូបនេះ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី៥កុម្ភៈ​នេះ ទៅ​កាន់ប្រទេស​ថៃ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ