អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បណ្តាញ​ព័ត៌មាន​សង្គម ជា​ភ្នាក់ងារ​មាន​ប្រសិទ្ធភាព​របស់​អ្នក​នយោបាយ​ទំនើប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បណ្តាញ​ព័ត៌មាន​សង្គម​បែប​ទំនើប​កំពុង​តែមាន​ឥទ្ធិពល​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ កាន់​តែ​ច្រើនឡើង ពិសេស​ក្នុង​ចំណោម​យុវជន​ជំនាន់​ថ្មី។ Facebook, Twitter, Google plus, ពាក្យ​ទាំងបី​នេះជា​ពាក្យ​ពេញ​និយម​របស់​មនុស្ស​ជំនាន់​ថ្មី​នៅ​កម្ពុជា​ដែល​កំពុង ចែករំលែក​ព័ត៌មាន អោយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​លឿន​បំផុត។ នៅ​កម្ពុជា នៅ​មាន​អ្នក​នយោបាយ​តិចតួច​នៅ​ឡើយ​ដែល​បាន​ប្រឡូក និង​អាច​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​បច្ចេកវិទ្យា​នេះ។ ពី​ពេលនេះ​ទៅប្រសិន​បើ​អ្នក​នយោបាយ​ជំនាន់​ចាស់ ចង់​ចាប់​យក​មនុស្ស​ជំនាន់​ថ្មី​អ្នក​នយោបាយ​​ទាំងនោះ ត្រូវ​លោត​ចូល​ក្នុង​ពិភព​បណ្តាញ​សង្គម​នេះដែល​អាច​ជា​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន។

ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង RFI/Rachna
ផ្សាយពាណិជ្ជកម្ម

មាន​បាតុភូត២ ដែល​បានកើត​ឡើងជា​ព្រឹត្តិការណ៍​ដ៏​អោយ​ចាប់អារម្មណ៍​នៅក្នុង​ការបោះឆ្នោត​ នីតិកាល​ទី៥នេះ។ បាតុភូត​ទីមួយ គឺ​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការកើនឡើង​ការគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សជំទាស់។ ចំណែកឯ​បាតុភូត​ទី២ ដែល​គេ​មិនត្រូវ​មើលរំលង​នោះ គឺ​សន្ទុះ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងខ្លាំង ពិសេស​ហ្វ៊េ​ស​ប៊ុ​ក។ តើ​អ្នកណា​ហ៊ាន​អះអាងថា បាតុភូត​ទីមួយ និង​បាតុភូត​ទី២ មិន​ជាប់​ពាក់ព័ន្ធ​គ្នា? តិច ឬ​ច្រើន ការប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ពិតជា​បានធ្វើអោយ​មានការ​ប្រែប្រួល​ដល់​ លទ្ធផល​បោះឆ្នោត។

ជាការ​ពិត វត្តមាន​នៃ​បណ្តាញ​សង្គម​ទាំង​អម្បាលម៉ាន ដែល​រួមមាន Facebook, Twitter, Google plusជាដើម ទើបតែ​ផុលផុស​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ កម្ពុជា ហើយ​វា​បាន​ធ្លា​ក់មក​ចំ​ពេលដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​នីតិកាល​ទី៥នេះ​ តែម្តង។ កាលពី​នីតិកាល​ទី៤ ពោលគឺ៥ឆ្នាំមុន បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក មិនមែនជា​មធ្យោបាយ​ឃោសនា​រក​សំឡេងឆ្នោត​ឡើយ។

តាមពិតទៅ បណ្តាញ​ព័ត៌មាន​សង្គម​គឺជា​មធ្យោបាយ​ឃោសនា​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​ទំនង​ក្លាយជា​ចលនា​អ​រូបិយ​ដ៏​ធំធេង និង​មាន​ឥទ្ធិពល​មហាសាល​ទៀតផង។ ចាប់តាំងពី​ការ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត គេ​សង្កេតឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​គ្របដណ្តប់​លើ​សមរភូមិ​ព័ត៌មាន​យ៉ាង​ណែន តាមរយៈ​ទីលាន​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក ទល់នឹង​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ និង​វិទ្យុ​ជាច្រើន​ដែលមាន​សម្មានចិត្ត​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​ក្រុមការងារ​បច្ចេកវិទ្យា​ដ៏​សកម្ម​ហើយ​នោះ មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ គឺ​លោក សម រង្ស៊ី និង​លោក​កឹម សុខា អ្នកនយោបាយ​ទាំងពីរ​សុទ្ធ​តែមាន​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដែល​អាច​ អនុញ្ញាតអោយ​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ និង​សាធារណៈជន​បាន​យ៉ាង​ងាយ និង​មាន​ប្រសិទ្ធភាព​ទៀតផង។ ងាក​មក​មើល​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មានតែ​សមាជិក​ជាន់ខ្ពស់​មួយចំនួន​តូច​បំផុត​ដែលមាន​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន ហើយក៏​មិនសូវ​ប្រើប្រាស់​ជា​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច​ក្នុងដំណាក់កាល​អន្តរកាល​នេះ ក្នុងទិសដៅ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ មិនបាន​សម្រេច​បិទ​បណ្តាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​នេះឡើយ ថ្វី​ដ្បិត​មានការ​បញ្ចេញមតិ​ហួសហេតុ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​អង្គ​ ព្រះមហាក្សត្រ​ទៀត​ក៏ដោយ។ ទោះយ៉ាងណា​ក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ពិតជា​បាន​យល់ដឹង​អំពី​សារៈប្រយោជន៍​នៃ​បណ្តាញ ​សង្គម​នេះ។ នៅក្នុង​កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​អណ​ត្តិ​ទី៥ លោកនាយក​រដ្ឋមន្ត្រី​ក៏​ផ្តើមនិយាយ​អំពី​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​ដែរ។

តាមពិតទៅ ប្រសិនបើ​គេ​ប្រៀបធៀប គោលនយោបាយ​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​ទាក់ទង​នឹង​ការរៀបចំ​វេទិកាសាធារណៈ ទៅនឹង​ការប្រើប្រាស់​បណ្តាញ​សង្គម​នោះ វា​ពិតជា​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ។

ក្នុងន័យនេះ ប្រសិនបើ​គោលដៅ​របស់​ប្រមុខ​រដ្ឋាភិបាល ចង់អោយ​មន្ត្រី​របស់ខ្លួន​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​ជួបពិភាក្សា​ជាមួយ​ ប្រជាពលរដ្ឋ​ដើម្បី​ប្រមូល​មតិ ឬ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​នោះ ការដែល​មន្ត្រី​ទាំងនោះ ប្រឡូក​ក្នុង​បណ្តាញ​សង្គម​លើ​ទីលាន​បច្ចេកវិទ្យា​នេះ វា​គឺជា​មធ្យោបាយ​នៃ​វេទិកាសាធារណៈ​មួយទៀត ក្នុង​ការងារ​ដូចគ្នា។ មន្ត្រី​ទាំងអស់​គួរតែ​បាន​យល់​ហើយ​ថា ប្រសិនបើ​ពួកគេ​មាន​ទំព័រ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​នោះ តាមរយៈ​ទំព័រ​បណ្តាញ​សង្គម​នេះ ពួកគេ​ពិតជា​បានទទួល​ព័ត៌មាន​ជាច្រើន​ដែល​មនុស្ស​រាប់លាន​នាក់​បាន​ចែករំលែក ​អោយ​គ្នា។

តាមរយៈ​បណ្តាញ​សង្គម​នេះហើយ​ដែល​ពួកគេ​អាចធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ មហាជន ឬក៏​ទទួល​ព័ត៌មាន​ពី​មហាជន​មកវិញ។ ព័ត៌មាន​ពិត ឬ​មិន​ពិត វា​គឺជា​រឿង​មួយ ប៉ុន្តែ​យ៉ាងហោចណាស់ វា​គឺជា​ដំណឹង​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល។ ដោយ​មិន​និយាយ​អំពី​អន​ក្ខ​រ​ភាព​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា អ្នកនយោបាយ​ឬ​មន្ត្រី​មួយចំនួន​អាច​មើលស្រាល លើ​បណ្តាញ​ព័ត៌មាន​សង្គម ដោយ​ចាត់ទុកថា វា​ជា​របស់​កំសាន្ត​សម្រាប់​ក្មេង។ តាមពិត វា​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​យ៉ាងខ្លាំង ប្រសិនបើ​គេ​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ​នោះ។

ប្រសិនបើ​អ្នកនយោបាយ​នៅ​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ​នោះ វា​ក៏​មិនមែនជា​រឿង​ដ៏​គួរអោយ​ខ្មាស់អៀន​ឡើយ។ ប៉ុន្តែ វា​នឹង​បង្ហាញ​អំពី​ភាព​ឆ្លាត​វ័យ និង​ការអភិវឌ្ឍន៍​ខ្លួន​ទៅនឹង​ស្ថានភាព​ជាក់ស្តែង ដើម្បី​ប្រយោជន៍​នៃ​ការងារ​បម្រើ​ប្រទេសជាតិ​ទៅវិញ​ទេ។ គេ​អាច​ដកស្រង់​ពិសោធន៍​របស់​អ្នកនយោបាយ​ក្នុង​ពិភពលោក​បាន។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម មេដឹកនាំ​ប្រទេស​អ៊ីរ៉ង់​ក៏មាន​ទំព័រ​Twitterផ្ទាល់ខ្លួន អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ក៏​ប្រើប្រាស់​ទំព័រ​Twitterផ្ទាល់ខ្លួន​ដើម្បី ទាក់ទង​ជាមួយ​អ្នកគាំទ្រ និង​មហាជន​ទូទៅ​ដែរ។

ជាការ​ពិត អ្នកនយោបាយ​នៅ​កម្ពុជា​តែង​ប្រើប្រាស់​ក្រុមការងារ​របស់ខ្លួន ក្នុងការ​ប្រមូល​ព័ត៌មាន។ ប៉ុន្តែ វា​គ្រាន់តែ​ជ្រុង​មួយ​ប៉ុណ្ណោះ។ ប្រសិនបើ​អ្នកនយោបាយ​មាន​ទំព័រ​បណ្តាញ​ព័ត៌មាន​សង្គម​ដោយ​ខ្លួនឯង នោះគេ​នឹង​ទទួលបាន​ព័ត៌មាន​ថែម​មួយ​ជ្រុង​ទៀត​ដោយផ្ទាល់ ហើយក៏​អាចជា​ព័ត៌មាន​ដែល​សុក្រឹត​ជាង​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ជំនួយការ ឬ​ក្រុមការងារ​នោះ​ទៀតផង។

សូម​កុំភ្លេចថា បណ្តាញ​សង្គម​កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងចំណោម​យុវជន​ជំនាន់​ថ្មី។ នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី៥នេះ ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង៩លាន​នាក់ មាន​យុវជន​ប្រមាណ៤លាន​នាក់​ដែល​គ្រប់​អាយុ​បោះឆ្នោត។ ចាប់ពីពេលនេះ​ទៅដល់​កាល​បោះឆ្នោត​នីតិកាល​ទី៦ ពោលគឺ៥ឆ្នាំ​ទៀត ចំនួន​យុវជន​គ្រប់​អាយុ​វ​បោះឆ្នោត​ថ្មី​នឹង​កើនឡើង​ថែមទៀត។

ប៉ុន្តែ សូម​កុំភ្លេចថា អនាគត​អ្នកបោះឆ្នោត​ថ្មី​ទាំងនោះ ពួកគេ​កំពុង​ស្ថិតនៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​រួច​អស់ហើយ។ បូក​ជាមួយ មនុស្ស​វ័យ​កណ្តាល មនុស្ស​ចាស់ និង​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ដែល​កំពុង​ឡើងទៅ​កាន់​ពិភព​បណ្តាញ​សង្គម​ជា​រៀងរាល់​ថ្ងៃនោះ អ្នកនយោបាយ​គ្មាន​ជំរើស​អ្វី​ក្រៅតែពី​រត់តាម​ចាប់​អ្នក​ម្ចាស់ឆ្នោត​ទាំង​ នោះឡើយ នៅលើ​ទីលាន​បណ្តាញ​សង្គម ដែល​គេ​អាចធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយគ្នា​ទៅវិញទៅមក​នោះ។ ពេលនោះ​ហើយ​ដែល បណ្តាញ​សង្គម​នឹង​ក្លាយទៅជា​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​របស់​អ្នកនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ