អានតួអត្ថបទ
កម្ពុជា-ស៊ីរី-យូណេស្កូ

លោក​សុខ អាន​អំពាវនាវ​ជាថ្មី​អោយ​ការពារ​ទីក្រុង​អាឡេប៉ូ​នៅ​ស៊ីរី

កាល​ពី​សប្តាហ៍​មុន​នេះ លោក​សុខ អាន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​អំពាវនាវ​អោយ​ពិភពលោក​ការពារ​ទីក្រុង​បុរាណ អាឡេប៉ូ ចំណាស់​មួយពាន់ឆ្នាំ​​នៃ​ប្រទេស​ស៊ីរី​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល។ នេះ​គឺ​ជា​សេចក្តី​អំពាវនាវ​លើក​ទី​២ របស់​លោកសុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។

ទីក្រុង​អាឡេប៉ូ (ឬ​អាឡេប តាម​ភាសាបារាំង) ដែល​កំពុង​ស្ថិត​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ស៊ីវិល
ទីក្រុង​អាឡេប៉ូ (ឬ​អាឡេប តាម​ភាសាបារាំង) ដែល​កំពុង​ស្ថិត​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ស៊ីវិល REUTERS/Abdalghne Karoof
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថ្មី​ទៀត​ទៅ​កាន់​ពិភពលោក​ ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​​ បាន​ថ្លែង​ថា ទីក្រុង​អាឡេប៉ូ​ (ឬ​ទីក្រុង​​អាឡេប តាម​ភាសា​បារាំង) កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។ សូម​អោយ​យើង​ធ្វើ​អ្វីៗ​ទាំងអស់​តាម​តែ​យើង​អាច​ធ្វើ​បាន​ ដើម្បី​ការពារ​ទីក្រុង​នេះ។

សេចក្តីអំពាវនាវ​សាជាថ្មី​ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​នេះមាន​អត្ថន័យ​មិន​ខុស​ពី​សេចក្តីថ្លែងការណ៍​លើក​ទី​មួយ​នៅ​ក្នុង​ខែ​សីហា​នោះឡើយ។ លោកសុខ​ អាន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំផ្លាញ​​ដោយ​សារសង្គ្រាម​​ដែល​កំពុង​ធ្វើ​អោយ​ខូចខាត​ដល់​សម្បត្តិ​របស់​មនុស្ស​ជាតិ គឺ​ទីក្រុង​អាឡេប៉ូចំណាស់​មួយ​ពាន់​ឆ្នាំ​នៃ​ប្រទេស​ស៊ីរី។

ទីក្រុង​បុរាណឈ្មោះ​អាឡេប៉ូ​នៃប្រទេស​ស៊ីរី ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយសារ​ភាពចំណាស់ និង​រចនាបទ​នៃ​សំណង់បុរាណ​របស់​ទីក្រុង​នេះក្នុង​ពិភពអារ៉ាប់។ ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​នេះ ទីក្រុង​នេះ​កំពុង​ស្ថិត​នៅក្នុង​កណ្តាល​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល។ ការ​បំផ្លាញ​បាន​រីក​កាន់​តែ​ធំ​ចាប់​ពី​ដើម​ខែ​តុលា​នេះ​ទៀត។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្មី​ចុងក្រោយ​នេះ លោកសុខ អាន​បាន​សរសេរ​យ៉ាងដូច្នេះថា ក្នុងនាម​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ខ្ញុំ​សូម​អំពាវនាវ​ម្តង​ទៀត​ដល់​អ្នកទាំងឡាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​នៅ​ក្នុង​ពិភពលោ​ក​ ដែល​ស្គាល់​ពី​តម្លៃ​ជា​សាកល​ និង​តម្លៃលេចធ្លោ​នៃ​ទីក្រុង​អាឡេប៉ូ ហើយ​ដែល​មាន​ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ក្តី និង​ដោយ​ប្រយោល​ក្តី សូម​ធានា​និង​ការពារ​ទីក្រុង​នេះ។ យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជៀសវាង​ការ​ខូចខាត​ដែល​មិន​អាច​ជួសជុល​បាន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ លោកសុខ អាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សហគមន៍អន្តរជាតិ​មាន​ករណីកិច្ច​ចាំបាច់ដើម្បី​ជំរុញ​អោយ​ប្រជាជន​ស៊ីរី​ខ្លួនឯងថែរក្សា និង​ការពារ​កេរដំណែល​វប្បធម៌​របស់​ពួកគេ​ដោយ​ខ្លួន​ឯង។

ស៊ីរី​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១​កន្លងទៅ បន្ទាប់​ពី​មាន​ការ​បះបោរ​ពី​សំណាក់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​បាស្ហា អាល់អាសាដ។

គួររម្លឹកថា​ លោកសុខ អាន​ ត្រូវ​បាន​បោះឆ្នោត​អោយ​ធ្វើ​ជាប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកនៃ​អង្គការ​យូណេស្កូ​ កាល​ពី​ខែ​កក្កដា ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី​៣៦​ នៅ​ប្រទេស​រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ