អានតួអត្ថបទ
កម្ពុជា

ស៊ន សៀវ​ម៉ី នឹង​បរិច្ឆាគ​ប្រាក់​៤០​ភាគរយ​ទៅ​លើ​សកម្មភាព​មនុស្ស​ធម៌

កីឡាការិនី​តេក្វាន់ដូ​ ម្ចាស់​មេដាយ​មាស​អាស៊ី ​ស៊ន សៀវម៉ី ​បាប្រកាស​នៅ​ថ្ងៃនេះ​ថា​ នឹង​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​មួយ ​នៅ​ពេល​ខាង​មុខ​នេះ។ ​ហើយ​មូល​និធិ​ដែល​ទទួល​បាន​ កញ្ញា​វ័យ​១៩​ឆ្នាំ​រូប​នេះ ​ នឹង​កាត់​៤០​ភាគ​រយ​ ទៅ​លើ​សកម្មភាព​មនុស្ស​ធម៌។ ​ក្នុង​នោះ ​២០​ភាគ​រយ​នឹង​ផ្តល់​ទៅ ​មន្ទីរពេទ្យ​គន្ធបុប្ឆា ​និង​២០​ភាគរយ​ផ្តល់​ទៅ​កាកបាទ​ក្រហម​កម្ពុជា។ ​ការ​បង្កើត​មូលនិធិ​ បាន​ធ្វើ​ឡើង​ ខណៈដែល​កីឡាការិនី​រូប​នេះ ​កំពុង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្បុរសជន​ជា​បន្តបន្ទាប់។

លោក ហ៊ុន សែន(ឆ្វេង) និងស៊ន សៀវម៉ី(ស្តាំ) ម្ចាស់មេដាយមាស​ អាស៊ី។
លោក ហ៊ុន សែន(ឆ្វេង) និងស៊ន សៀវម៉ី(ស្តាំ) ម្ចាស់មេដាយមាស​ អាស៊ី។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៦តុលា​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​អាស៊ី​លើក​ទី១៧នៅ​ទីក្រុង​អ៊ី​ន​ឈុន​ប្រទេស​កូរ៉េខាងត្បូង បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​សម្បុរ​សជន​ខ្មែរ ក្រុមហ៊ុន​ឯកជន រួមទាំង​ទឹកប្រាក់​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា មិន​ក្រោម៦ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​នោះទេ។ ហើយ​ទឹកប្រាក់​ជាច្រើន​ទៀត នឹងត្រូវ​ប្រកាស​ជា​បន្តបន្ទាប់។  

នៅក្នុង​សន្និសីទកាសែត​នៅឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បានប្រកាស​ពី​ឈ្មោះ​របស់​សប្បុរសជន​ជា​បន្តបន្ទាប់​ដែល​ចូលរួម​ឧបត្ថម្ភ​ដល់​កីឡាការិនី​តេ​ក្វាន់​ដូ​ទំងន់៧៣គីឡូក្រាម​នេះ។  

ជាមួយនឹង​ការមកដល់​មាតុប្រទេស​វិញ របស់ កីឡាការិនី ស៊ន សៀ​ម៉ី ម្ចាស់​មេដាយមាស ASIAN Games លើក​ទី១៧នៅ Incheon ប្រទេស​កូរ៉េខាងត្បូង នៅវេលា​ម៉ោង១០ និង ១០នាទី​យប់​ម៉ី​ញ​នេះ ស៊ន សៀវ​ម៉ី ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង់ចាំ​ទទួល​ស្វាគមន៍​នៅ​វិមាន​សន្តិភាព​វេលា​ម៉ោង១១យប់​ថ្ងៃទី៥ តុលា។

ជាមួយនឹង​ការស្វាគមន៍​ដ៍​រំជួលចិត្ត​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍​បានប្រកាស ឧ​ប​ត្ត​ម្ភ នូវ​ប្រាក់ មួយ​ម៉ឺន ដុល្លារ បន្ថែម លើ​ប្រាក់ របស់​រដ្ឋាភិបាល ២ម៉ឺន​ដុល្លារ និង មាន​ជា​សម្ភារៈ Laptop apple ១គ្រឿង Ipad apple ១គ្រឿង ម៉ូតូ១គ្រឿង បន្ទាប់ពី ម្ចាស់ មេដាយ​ម្នាក់​ នេះ​ធ្វើអោយ ប្រទេស​កម្ពុជា ទាំងមូល​ល្បី ឈ្មោះ​នៅ លើ​ពិភពលោក។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រមុខ រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​សេចក្តីសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​ អប់រំ​ដែល​អនុញ្ញាត​ឲ្យ កីឡាការិនី ស៊ន សៀវ​ម៉ី ជាប់​សញ្ញាបត្រ​បាក់​ឌុប​ដោយ​ស្វ័យ​ប្រវត្តិ និង ផ្តល់​អាហារូបករណ៍​ដល់​សៀវ​ម៉ី នូវ​ការសិក្សា​នៅ​មហាវិទ្យាល័យ​ណាមួយ​ដែល​សៀវ​ម៉ី​ចង់​សិក្សា​ផងដែរ។

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​ប្រតិភូ​កីឡា​នៅ​វិមាន​សន្តិភាព​កាលពី​យប់ម្សិល​មិញ​នេះ លោក ហ៊ុន សែន បាន​ចាត់ទុកថា៖ កីឡាការិនី តេ​ក្វាន់​ដូ រូបនេះ ជា​វីរនារី​របស់​ជាតិ ដែល​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា Asian Games ទី១ បើ​គិត​ចាប់តាំងពី​ការ​ចូលរួម​របស់​កម្ពុ​ជា កាលពី​ឆ្នាំ១៩៥៤មក ហើយ​ជ័យជម្នះ​នេះ គឺជា​កិត្តិយស និង​ជា​មោទន​ភាព​​ជាតិ​ដ៏​ធំធេង​របស់​កម្ពុជា»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ