អានតួអត្ថបទ
ប៉ាគីស្ថាន

តាលីបង់​វាយប្រហារ​លើ​សាលា​យោធា​ប៉ាគីស្ថាន ដើម្បី​សងសឹក​ឲ្យ​ប៊ិនឡាដិន

ភេរវជន​អត្តឃាត​តាលីបង់​ពីរ​រូប​បាន​ធ្វើ​ការ​វាយប្រហារ​ទៅលើ​ទីតាំង​បណ្ឌិតសភា​យោធា​ប៉ាគីស្ថាន នៅថ្ងៃ​សុក្រ ១៣ ឧសភា ២០១១​នេះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៨០​នាក់ បាត់បង់​ជីវិត និង​រងរបួស​ប្រមាណ ១៤០នាក់។ អ្នកនាំពាក្យ​ក្រុម​តាលីបង់​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ការវាយប្រហារ​នេះ គឺ​ជា​ការ​សងសឹក​ចំពោះ​ការ​ស្លាប់​របស់​ប៊ិនឡាដិន។

តាលីបង់​ធ្វើ​ការ​វាយប្រហារ​ចំពេល​សិស្ស​សាលា​យោធា​ប៉ាគីស្ថាន​កំពុង​រៀបចំ​ទទួល​សញ្ញាបត្រ
តាលីបង់​ធ្វើ​ការ​វាយប្រហារ​ចំពេល​សិស្ស​សាលា​យោធា​ប៉ាគីស្ថាន​កំពុង​រៀបចំ​ទទួល​សញ្ញាបត្រ ©Reuters
ផ្សាយពាណិជ្ជកម្ម

គ្រាប់​បែក​​ពីរគ្រាប់​ត្រូវ​បាន​បំផ្ទុះ​បន្តបន្ទាប់​គ្នា ​ដោយ​ភេរវជន​អត្តឃាត​ចំនួន​ពីររូប នៅ​ចំថ្ងៃ​​ដែល​សិស្ស​​បណ្ឌិតសភា​យោធា​ប៉ាគីស្ថាន កំពុង​រៀបចំ​​ទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា។ នេះ គឺ​ជា​ការ​វាយប្រហារ​​ភេរវកម្ម​ដ៏ធំ​បំផុត​មិន​ធ្លាប់​កើតមាន នៅ​ប៉ាគីស្ថាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​វា​បាន​កើតឡើង​តែ​ជាង ១០ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កងកុម្ម៉ង់ដូ​អាមេរិក​បាន​សម្លាប់​អូសាម៉ា ប៊ិនឡាដិន មេដឹកនាំ​របស់​ក្រុម​អាល់កៃដា។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​តាលីបង់ ប្រចាំ​ប្រទស​ប៉ាគីស្ថាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា នេះ​គឺ​ជា​ការវាយប្រហារ​ ដើម្បី​សងសឹក​ចំពោះ​ការ​ស្លាប់​របស់​ប៊ិនឡាដិន ហើយ​ថា ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ នឹង​កើតមាន​ឡើង​ជា​បន្តទៀត នាពេល​ខាងមុខ។

គួរ​រំឭក​ឡើង​វិញថា មេដឹកនាំ​អាល់កៃដា អូសាម៉ា ប៊ិនឡាដិន ត្រូវ​បាន​កងកុម្ម៉ង់ដូ​អាមេរិក​សម្លាប់ កាល​ពី​ថ្ងៃ​ទី២ ឧសភា ២០១១​កន្លងទៅនេះ នៅ​ក្នុង​ផ្ទះ​មួយ ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​របស់​ប៉ាគីស្ថាន។ ការ​ស្លាប់​របស់​ប៊ិនឡាដិន អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​អាល់កៃដា​មាន​ការ​រង្គោះរង្គើ ក៏ប៉ុន្តែ វា​ទំនង​ជា​នឹង​មិន​ធ្វើ​ឲ្យ​ក្រុម​តាលីបង់​ធ្លាក់​ចុះខ្សោយ​នោះទេ។ ថ្វីដ្បិត​តែ​តាលីបង់ និង​អាល់កៃដា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ក៏ប៉ុន្តែ វា​គឺ​ជា​អង្គការ​ពីរ ដែល​មាន​អង្គការ​ចាត់តាំង និង​ប្រភព​ហិរញ្ញវត្ថុ​ដាច់​ពី​គ្នា។ ក្រុម​តាលីបង់​មាន​សកម្មជន​ អ្នកជំនាញ និង​មេគំនិត​ខាង​រៀបចំ​​ផែនការ​វាយប្រហារ​ភេរវកម្ម ព្រមទាំង​ប្រភព​ហិរញ្ញវត្ថុ​ឯករាជ្យ​​ពី​អាល់កៃដា។ ការ​ស្លាប់​របស់​ប៊ិនឡាដិន អាច​​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​តាលីបង់​កាន់តែ​មាន​លេស ទាក់ទាញ​សកម្មជន​អ៊ីស្លាម​ក្មេងៗ​​ឲ្យ​ធ្វើការ​វាយប្រហារ​​អត្តឃាត ដើម្បី​ជា​ការ​សងសឹក​ឲ្យ​ប៊ិនឡាដិន។

នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ មេទ័ព​ប៉ាគីស្ថាន​នឹង​ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​អ្នក​ តំណាងរាស្រ្ត​ប៉ាគីស្ថាន ជុំវិញ​​​ប្រតិបត្តិការ​សម្លាប់​ប៊ិនឡាដិន។ ប្រតិបត្តិការ​របស់​កងកុម្ម៉ង់ដូ​អាមេរិក កាល​ពី​យប់​ថ្ងៃ​ទី២ ឧសភា ២០១១​កន្លងទៅនេះ បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាតពី​អាជ្ញាធរ​ប៉ាគីស្ថាន​នោះទេ។ គ្រាន់តែ​ជូន​ដំណឹង​ឲ្យ​អាជ្ញាធរ​ម្ចាស់​ផ្ទះ​​ដឹង​ជាមុន ក៏​អាមេរិក​មិនបាន​​ធ្វើ​ដែរ។ ប្រជាជន​ប៉ាគីស្ថាន​ជាច្រើន​កំពុង​តែ​ទាមទារ​ឲ្យ​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​លាលែង​ចេញ​ពី​តំណែង ពីព្រោះ​ពួកគេ​បណ្តោយ​ឲ្យ​អាមេរិក​រំលោភ​អធិបតេយ្យ​ប៉ាគីស្ថាន​តាម​ចិត្ត។

ប្រឈមមុខ​នឹង​កំហឹង​របស់​ប្រជាជន នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​សើរើ​មើល​ឡើងវិញ​ ទៅលើ​ទំនាក់ទំនង​ជាមួយ​អាមេរិក ជុំវិញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ នៅថ្ងៃ​សុក្រ​នេះ អគ្គសេនាធិការ​កងទ័ព​ចម្រុះ​ប៉ាគីស្ថាន​ក៏​បាន​ប្រកាស​លុបចោល​ដំណើរ​ ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក​ដែរ។ គេ​មិនដឹង​ថា តើ​អាជ្ញាធរ​ប៉ាគីស្ថាន​គ្រាន់តែ​គំរាម​ចោល ឬ​ក៏​ពិត​ជា​ចង់​សើរើ​​​​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​ពិតមែន?

បើ​តាម​មើលទៅ ប៉ាគីស្ថាន​ទំនង​ជា​នឹង​មិនចង់​បញ្ឈប់​សហប្រតិបត្តិការ​ជាមួយ​អាមេរិក​ ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​នេះ​​ដោយ​ងាយៗ​ទេ ពីព្រោះ​ថា ​ជារៀងរាល់​ឆ្នាំ ​ប៉ាគីស្ថាន​ទទួល​ជំនួយ​យោធា​ពី​អាមេរិក គិត​ជា​ទឹកប្រាក់​ប្រមាណ​​ ២ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ