អានតួអត្ថបទ
ចិន-ឆាដ

ឆាដ​ដក​សិទ្ធិ​រុករក​ប្រេង​ពី​ក្រុមហ៊ុន​ចិន ដើម្បី​សង្គ្រោះ​បរិស្ថាន

អាជ្ញាធរប្រទេស​ឆាដ បាន​សម្រេច​ដក​អាជ្ញាប័ណ្ណរុក​រក​ប្រេង ពី​ក្រុមហ៊ុន​រដ្ឋ​ចិន​(CNPC) ទាំង​អស់ និង​ព្រមាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៀត។ សម្រាប់​ឆាដ សេចក្តី​សម្រេច​ចិត្តនេះ ធ្វើ​ឡើង​បន្ទាប់​ពី​សម្គាល់​ឃើញ​ថា ​ក្រុមហ៊ុន​សាធារណៈ​ចិន​ ​បាន​រំលោភ​ជា​ស្វ័យប្រវត្តិ​ច្បាប់​បរិស្ថាន។

បុគ្គលិកឆាដដ្វើការក្នុង​រោងចក្រប្រេង​នៅភាគខាងលិចប្រទេស
បុគ្គលិកឆាដដ្វើការក្នុង​រោងចក្រប្រេង​នៅភាគខាងលិចប្រទេស AFP PHOTO BRAHIM ADJI
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ឆាដ បាន​ចេញ​ក្រិត្យ​ដក​អាជ្ញាប័ណ្ណ ចំនួន​៥​​ពី​ក្រុមហ៊ុនចិន ដើម្បី​បញ្ចៀស​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ មិន​មែន​ដោយ​ហេតុ​ត្រូវ​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទេ ! ​មជ្ឈមណ្ឌល​រុក​រកប្រេង​ជាង​១០​កន្លែង បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ផ្នែក​បរិស្ថាន​ តាម​រយៈ​ការ​ចាក់​ចោល​កាក​សំណល់​ពុល​ ក្រុមហ៊ុន​តែជ្រើសរើស​ជា​ស្វ័យ​ប្រវត្តិ​ និង​គ្មានពិចារណា ​ប្រើ​វិធី​សាស្ត្រ​អាក្រក់​មិន​អាច​ទទួល​យក​សម្រាប់​បរិស្ថាន។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ប្រេង​ឆាដ តាម​រយៈ​​សន្និសីទ​នៅល្ងាច​មិញ។

 
តាំង​​ពី​ខែ​ឧសភា​កន្ល​ង​មក ឆាដ​បានចេញ​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ចិន​ឱ្យ​​ព្យួរ​សកម្មភាព​រុក​រក​ប្រេង​ ដោយ​មូលហេតុ​បរិស្ថាន​នេះ​ដូច​គ្នា និង​បាន​ទាមទារ​ពី​ក្រុមហ៊ុន​ចិន​នូវ​សំណង​ចំនួន​១២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ចំពោះ​ការ​ខូច​ខាត និ​ង​ការ​ល្មើស​មិន​គោរព​សន្យា​បរិស្ថាន។ ការ​ចរចា​ដោះស្រាយ​វិបត្តិ​តាម​សម្រួល​រវាងគ្នា​ មិន​បាន​សម្រេច​ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​​ឆាដ​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ ចំពោះ​សកម្មភាព​រំលោភ​ច្បាប់​បិរស្ថាន និង​ការ​បដិសេធ​ពុំ​ព្រម​បង់​ពិន័យ។ ពាក្យ​បណ្តឹង​ទីពីរ​បាន​ដាក់រួច​ហើយ​​ទៅ​សាលា​ដំបូង ក្រុង​Ndjamena ប្រឆាំង​នឹង​ការ​បំផ្លាញ​បរិស្ថាន និង​ការ​បង្ក​គ្រោះ​ថ្នាក់​ជីវិត​អ្នក​ដទៃ។ អ្នកទទួល​ខុសត្រូវ​ក្រុមហ៊ុន​ប្រេង​ចិន​ទាំង​អស់​ ត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​បណ្តឹង​នេះ និង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ទឹក​ដី​ឆាដ​ទេ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល ​​ក្រុមហ៊ុន​ប្រេង​​ចិន​​​មាន​វិវាទអាជ្ញាធរ​ឆាដ​។ កាលពី​ខែ​មីនា សហជីព​បុគ្គលិក​ឆាដ​ក្នុង​ក្រុមហ៊ុន​ចិន បាន​នាំ​គ្នា​បាតុកម្ម​ទាមទារ​ដំឡង​ប្រាក់​ខែ និង​សម្រួល​លក្ខខណ្ឌ​ការងារ​។ ឆាដ​ចាប់​ផ្តើម​ធ្វើ​ផលិតកម្ម​ប្រេង​នៅ​ឆ្នាំ​២០០៣ ជាមួយ​នឹង​សមត្ថភាព​ផលិត ១២០០០០​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ។ ចំណូលបាន​មក​ពីការ​បូម​ប្រេង ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​​​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា ប្រព័ន្ធ​ផ្លូវ​ថ្នល់​ និង​ស្ថាបនា​អាគារ​សាធារណៈ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ចង់​ឱ្យ​អាជ្ញាធរ​គិត​គូរ​ពី​លក្ខខណ្ឌ​រស់​នៅ​របស់​ពល​រដ្ឋ​ឱ្យ​ប្រសើរ​​ជាង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ