អានតួអត្ថបទ
កម្ពុជា-ថៃ

ព្រំដែន​ខ្មែរ-ថៃ៖ ថៃ​គ្មាន​ជម្រើស​ក្រៅពី​ចូល​ទៅ​តទល់​ជាមួយ​កម្ពុជា​នៅ​មុខ​តុលាការ​ក្រុង​ឡាអេ

នៅ​ក្នុង​ករណី​បណ្តឹង​សុំ​ឲ្យ​បកស្រាយ​សាលក្រម​ធ្វើ​ឡើង​ដោយ​កម្ពុជា ភាគី​ថៃ​​មិន​អាច​ធ្វើការ​ជំទាស់​មិន​ឲ្យ​តុលាការ​ក្រុងឡាអេ​យក​បណ្តឹង​នេះ​ទៅ​ជំនុំជម្រះ​បាន​នោះទេ។ ជម្រើស​របស់​ថៃ គឺ​មាន​តែ​ត្រូវ​តែ​ប្រុងប្រៀប​ទៅ​ឆ្លើយការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ប៉ុណ្ណោះ។រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅកាន់​តុលាការ​​យុត្តិធម៌​អន្តរជាតិ កាល​ពី​ថ្ងៃ​២៨ មេសា ២០១១ ដើម្បី​ស្នើ​សុំ​ឲ្យ​បកស្រាយ​សាលក្រម ចុះថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ក៏​បាន​ស្នើសុំ​ផងដែរ​ឲ្យ​តុលាការ​ចាត់វិធានការ​បន្ទាន់ (Conservatory Measure) ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​កងកម្លាំង​ប្រដាប់អាវុធ​ថៃ។

អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់
អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ការ​វាយប្រយុទ្ធគ្នា​​ឥតដាច់ អស់រយៈពេល​មួយ​សប្តាហ៍ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុងឡាអេ ដែល​​ប្រជាជន​កម្ពុជា​ជាច្រើន​ទន្ទឹង​រង់ចាំ​ជាយូរមកហើយ​នោះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​​សម្រេច​ដាក់​ជា​ផ្លូវការ។

គួរ​បញ្ជាក់ថា បណ្តឹង​​សុំ​បកស្រាយ​សាលក្រម ដែល​កម្ពុជា​បាន​ដាក់​នៅពេលនេះ មិន​ទាមទារ​ឲ្យ​មាន​ការ​​យល់ព្រម​ពី​ភាគី​ថៃ​នោះទេ។ ថៃ​មិន​អាច​បដិសេធ​សមត្ថកិច្ច​របស់​តុលាការ​ក្រុងឡាអេ​នោះទេ។ ចង់​​ឬ​មិនចង់ ថៃ​មាន​តែ​ត្រូវ​តតទល់​ជាមួយ​កម្ពុជា​នៅ​មុខ​តុលាការ។ នៅថ្ងៃ​សុក្រ​​នេះ នាយករដ្ឋមន្រ្តី​ថៃ​បាន​លើកឡើង​ថា ថៃ​បាន​ប្រុងប្រៀប​ក្រុមមេធាវី​រួចរាល់​អស់​ហើយ ដើម្បី​ទៅ​តទល់​ជាមួយ​កម្ពុជា នៅ​ឡាអេ។

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បណ្តឹង​របស់​កម្ពុជា គឺ​ផ្តោត​លើ​​​បញ្ហា​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​កំពុង​តែ​ទាមទារ​ថា​ជា​ដី​របស់​ខ្លួន។ កម្ពុជា​យល់ថា នៅ​ក្នុង​សាលក្រម ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​សម្រេចថា ​ទាំង​ប្រាសាទ និង​ទាំង​ដី​នៅជុំវិញ​ប្រាសាទ គឺ​ជា​របស់​កម្ពុជា ដោយ​យោង​ទៅលើ​ផែនទី​ដងរែក (ផែនទី ​“ឧបសម្ព័ន្ធ១”)។ ចំណែក​ថៃ​វិញ​តែងតែ​បាន​អះអាង​ថា សាលក្រម​តុលាការ​ក្រុងឡាអេ​សម្រេច​ឲ្យ​កម្ពុជា​​តែ​តួប្រាសាទ​ព្រះវិហារ​ ប៉ុណ្ណោះ​។ ចំណែក​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ គឺ​ជា​របស់​ថៃ។

ក្រៅ​ពី​សុំ​ឲ្យ​បកស្រាយ​សាលក្រម រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ផងដែរ​ឲ្យ​តុលាការ​ក្រុងឡាអេ​​ ចាត់វិធានការ​បន្ទាន់ ដើម្បី​​ឲ្យ​មាន​ការ​ឈប់បាញ់គ្នា​ជា​អចិន្រ្តៃយ៍​រវាង​កម្ពុជា​ និង​ថៃ បញ្ឈប់​ការ​បាត់បង់​ជីវិត​មនុស្ស ព្រមទាំង​ថែរក្សា​ប្រាសាទ​របស់​កម្ពូជា​ឲ្យ​ផុត​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ។

យោងតាម​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​ក្រុងឡាអេ (មាត្រា ៧៣ ដល់​មាត្រា ៧៨) នៅ​ក្នុង​ពេល​រង់ចាំ​ការ​សម្រេច​ក្តី​របស់​តុលាការ ភាគី​ជម្លោះ​ណាមួយ អាច​ស្នើសុំ​ឲ្យ​តុលាការ​ចាត់​វិធានការ​បណ្តោះ​អាសន្ន​​ប្រសិន​បើ​ចាំបាច់។ បណ្តឹង​សុំ​ឲ្យ​ចាត់​វិធានការ​បណ្តោះអាសន្ន​ គឺ​ជា​បណ្តឹង​ដែល​មាន​អាទិភាព​ខ្ពស់​ជាងគេ ដែល​តុលាការ​ចាំបាច់​ត្រូវ​តែ​លើក​យក​មក​ជំនុំជម្រះ​មុនគេ បើទោះជា​តុលាការ​កំពុង​ជាប់​រវល់​ចាត់ការ​សំណុំរឿង​ផ្សេង​ក៏ដោយ។

កាល​ពី​ឆ្នាំ​២០០៨ ក្នុង​សំណុំរឿង​ម៉ិចស៊ិក-អាមេរិក តុលាការ​ក្រុងឡាអេ​បាន​​ប្រើ​ពេល​តែ​ជាង​មួយខែ​ប៉ុណ្ណោះ ក្នុង​ការ​ជំនុំជម្រះ ចេញ​បទ​បញ្ជា​ចាត់វិធានការ​បណ្តោះអាសន្ន ទៅតាម​បណ្តឹង​របស់​រដ្ឋាភិបាល​ម៉ិចស៊ិក។ ចំណែក​ឯ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម បាន​អូសបន្លាយ​ពេល​រហូតដល់​ ៧ខែ ទើប​តុលាការ​ចេញ​សេចក្តី​សម្រេច។

គួរ​កត់សម្គាល់​ផងដែរ​ថា នៅក្នុង​ករណី​បណ្តឹង​សុំ​ចាត់វិធានការ​បណ្តោះអាសន្ន តុលាការ​​អាច​​ច្រាន​ចោល​បណ្តឹង ឬ​អាច​សម្រេច​ចាត់វិធានការ​ទៅតាម​ការ​ស្នើសុំ​របស់​ដើមបណ្តឹង​ ឬ​អាច​​​ចាត់វិធានការ​បន្ថែម​លើស​ពីការ​ស្នើសុំ​របស់​ដើមបណ្តឹង ឬ​អាច​ចាត់វិធានការ​ដែល​ខុសទាំងស្រុង​ពី​ការ​ស្នើ​សុំ​របស់​ដើមបណ្តឹង ឬ​អាច​ចេញ​បទបញ្ជា​ដាក់​កាតព្វកិច្ច​ឲ្យ​ភាគី​ដើមបណ្តឹង​ខ្លួន​ឯង​ជា​អ្នក​​អនុវត្ត (មាត្រា ៧៥ វាក្យខណ្ឌ​ទី២ នៃ​វិធាន​ផ្ទៃក្នុង)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ