អានតួអត្ថបទ
ស្វ៊ីស-ថៃ

ប៉ូលិស​បំបែក​បណ្តាញ​ពេស្យាចារ​ថៃ​ខុសច្បាប់​នៅ​ស្វ៊ីស

មន្រ្តី​ប៉ូលិស​ស្វ៊ីស​បាន​ឲ្យដឹង កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា គេ​បាន​បំបែក​ខ្សែ​បណ្តាញ​ដ៏ធំមួយ ដែល​​នាំ​មនុស្ស​ពី​ថៃ មក​​បង្ខំឲ្យ​រកស៊ី​ផ្លូវភេទ នៅ​តាម​ក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​ស្វ៊ីស។ នៅ​ក្នុង​ការស៊ើបអង្កេតនេះ ប៉ូលិស​ស្វ៊ីស​បាន​ឃុំខ្លួន​ជនជាប់សង្ស័យ​ចំនួន ៧នាក់ ក្នុងនោះ មាន​ជនជាតិ​ថៃ ៦នាក់ ដែល​មាន​ម្នាក់​ជា​មេខ្លោង និង​ជនជាតិ​ស្វ៊ីស​ម្នាក់។

ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ស្វ៊ីស ការ​ស៊ើបអង្កេត​លើ​បណ្តាញ​ពេស្យាចារ​ថៃ​នេះ​​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ឆ្នាំ​ទៅមិញ ក្រោយ​ពី​មាន​បណ្តឹង​ពី​​ស្រ្តី​ថៃ​ម្នាក់ ដែល​បាន​អះអាង​ថា ជា​ជនរងគ្រោះ ដោយ​ត្រូវ​គេ​​ចាប់ឃុំឃាំង​បង្ខំ​ឲ្យ​រកស៊ី​ផ្លូវភេទ នៅ​ក្នុង​ផ្ទះបន​មួយ ក្នុង​ទីក្រុង​ប៊ែន (Berne)។

ការស៊ើបអង្កេត​នេះ​បាន​ឈាន​ដល់​ការ​វែកមុខ​ជនសង្ស័យ​ដ៏សំខាន់​ម្នាក់ ​គឺ​ជា​ស្រ្តី ​​វ័យ​ជាង ៤០ឆ្នាំ ជា​ជនជាតិថៃ រស់នៅ​ដោយ​ស្របច្បាប់ ក្នុង​ប្រទេស​ស្វ៊ីស។ ជនសង្ស័យនេះ​​ត្រូវ​បាន​ចាប់ខ្លួន ​​កាល​ពី​ចុងឆ្នាំ​២០១១ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ រួច​ហើយ​ត្រូវ​បាន​​បញ្ជូន​មក​ឲ្យ​ប៉ូលិស​ស្វ៊ីស ដើម្បី​បន្ត​ការ​ស៊ើបអង្កេត។

នៅទីបំផុត​ប៉ូលិស​បាន​រកឃើញ​ថា ស្រ្តីថៃ​រូបនេះ​​ គឺ​ជា​មេខ្លោង​ ដែល​បាន​ចាប់ផ្តើម​បង្កើត​របរ​រកស៊ី​ផ្លូវភេទ​​​ដោយ​ខុសច្បាប់នេះ ចាប់តាំង​ពី​ចុង​ឆ្នាំ​២០០៨​ម៉្លេះ ហើយ​​ការ​ចាប់បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ផ្លូវភេទនេះ មិនមែន​មាន​​តែ​មួយ​កន្លែងទេ ប៉ុន្តែ គឺ​ជា​ខ្សែបណ្តាញ​ដ៏ធំមួយ ដែល​មាន​ផ្ទះបន នៅ​តាម​ក្រុង​ធំៗ​មួយ​ចំនួន​របស់​ស្វ៊ីស។

ជនរងគ្រោះវិញ មានយ៉ាងតិច ៥៧នាក់ ភាគច្រើន គឺ​មក​ពី​តំបន់​ក្រីក្រ ក្នុង​ប្រទេស​ថៃ។ ប៉ូលិស​បាន​ឲ្យដឹង​ថា នៅពេល​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​ស្វ៊ីស ជនរងគ្រោះ​ទាំងនេះ​ដឹង​ថា នឹង​ត្រូវ​មក​រកស៊ី​ផ្លូវភេទ ដោយ​ត្រូវ​រក​ប្រាក់ចំណូល​ឲ្យ​មេបណ្តាញ​ពេស្យាចារ​ ឲ្យ​បាន​គ្រប់ចំនួន​ដែល​បាន​កំណត់ ជា​ថ្នូរ​នឹង​ការរត់ការ​ឲ្យ​បាន​មក​ប្រទេស​ស្វ៊ីស។ អ្នកខ្លះ​បាន​ដាក់​​ដី ឬ​ផ្ទះ នៅ​ក្នុង​ប្រទេស​ថៃ ជា​ទ្រព្យ​បញ្ចាំ។​ ដោយសារ​តែ​ប្រាក់ចំណូល ដែល​ត្រូវ​​រក​សង​ទៅ​មេខ្លោង​​នេះ​មាន​កម្រិត​ខ្ពស់​ពេក គឺ​ប្រមាណ​ពី ៥ម៉ឺន ទៅ ៧ម៉ឺន ៥ពាន់​អឺរ៉ូ ក្នុង​ម្នាក់ៗ ពួកគេ​មិន​អាច​​​រក​បាន​គ្រប់​ចំនួន ទើប​មិន​អាច​ដោះខ្លួនរួច ហើយ​​ត្រូវក្លាយ​ជា​ទាសករ​ផ្លូវភេទ។

គួរបញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក ច្បាប់ស្វ៊ីស​​អនុញ្ញាត​ឲ្យ​មាន​របរ​រកស៊ីផ្លូវភេទ ប៉ុន្តែ អ្នករកស៊ី​ផ្លូវភេទនេះ ត្រូវតែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ។

ក្រៅពី​ស្រ្តី​ជា​មេខ្លោង ប៉ូលិស​ស្វ៊ីស​បាន​ឃុំខ្លួន​ជនសង្ស័យ​ចំនួន ៦នាក់​ផ្សេងទៀត ក្នុងនោះ មាន​ជនជាតិ​ថៃ ៥នាក់ និង​ជនជាតិ​ស្វ៊ីស​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ