អានតួអត្ថបទ
ថៃ

ទាហាន​បង្រ្កាប​បាតុកម្ម​អាវក្រហម របួស​ជាង១៣០នាក់

នៅ​ថ្ងៃ​សៅរ៍នេះ ទាហានថៃ​បាន​ចាប់ផ្តើម​យុទ្ធនាការ​បង្រ្កាប​បាតុកម្ម​ពួក​អាវក្រហម។ ទាហាន​រាប់ពាន់​​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព័ទ្ធ​ទីតាំង​ធំ​របស់​ពួក​ អាវក្រហម។ ការប៉ះទង្គិច​គ្នា​បាន​កើត​មាន​ឡើង នៅជុំវិញ​នោះ បណ្តាល​ឲ្យ​មនុស្ស​ជាង ១៣០នាក់​រងរបួស។ ក៏ប៉ុន្តែ កម្លាំងរដ្ឋាភិបាល​នៅតែ​មិនអាច​បំបែក​ពួកអាវក្រហម​បាន។

ការប៉ះទង្គិចគ្នា​រវាង​អាវក្រហម និង​ទាហាន
ការប៉ះទង្គិចគ្នា​រវាង​អាវក្រហម និង​ទាហាន ©Reuters
ផ្សាយពាណិជ្ជកម្ម

កម្លាំង​រដ្ឋាភិបាលថៃ មានទាំងប៉ូលិស និង​ទាហាន បាន​ចាប់ផ្តើម​​ប្រើកម្លាំង​បង្រ្កាប​​បាតុកម្ម​របស់​ពួកអាវក្រហម។ យោងតាម​អ្នកនាំពាក្យ​កងទ័ពថៃ បញ្ជា​ឲ្យ​បើក​ការបង្រ្កាប គឺ​ចេញ​ដោយ​លោក​ស៊ុទេព។ គេគ្រោង​នឹង​​ដណ្តើម​កាន់កាប់​ទីតាំងធំ​របស់​ពួកអាវក្រហម នៅ​ស្ពាន​ផានហ្វា​ ឲ្យ​បាន​មុន​យប់នេះ។

ក៏ប៉ុន្តែ ពួកទាហាន​មិនបាន​ចូលទៅបង្រ្កាប​ដល់​សម្បុក​របស់​ពួក​អាវក្រហម​នោះទេ។ ការបង្រ្កាប​បាន​ធ្វើ​ឡើងតែ​នៅជុំវិញ​តំបន់​ស្ពាន​ផានហ្វា​តែប៉ុណ្ណោះ។ ដោយ​ពួកអាវក្រហម​មិនចុះញ៉ម កងកម្លាំង​រដ្ឋាភិបាល​ ក៏ស្រាប់តែ​បាន​ដកថយវិញ។

នៅថ្ងៃនេះ ការប្រឈមមុខគ្នា​​បាន​កើត​មានឡើង​ខ្លាំង នៅ​ជិត​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ដោយ​ពួក​អាវក្រហម​បាន​ធ្វើ​ការ​វាយតបត​ទៅលើ​កម្លាំង​រដ្ឋាភិបាល​វិញ ដោយ​ប្រើ​ដុំថ្ម និង​ដំបង។ ខាង​កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រើ​ឧស្ម័ន​​បង្ហូរទឹកភ្នែក និង​កាណុងបាញ់​ទឹក បាញ់​ទៅលើ​បាតុករ។

យោង ​តាម​ទីភ្នាក់ងារ​អា.​អែហ្វ.ប៉េ (AFP) ខាងទាហានថៃ​ក៏បាន​បាញ់​​បង្ហើ​រ​ពីលើ​ក្បាល​ពួកបាតុករ​ដែរ។ ប៉ុន្តែ ទីភ្នាក់ងារ​រ៉យទ័រ (Reuters) វិញ​ បាន​រាយការណ៍​ថា ទាហាន​ហាក់ដូចជា​បាញ់​តម្រង់​ទៅ​ពួកបាតុករ​តែម្តង​ គ្រាន់តែ​​មិនដឹង​ថា ​ជា​គ្រាប់កាំភ្លើងជ័រ ឬ​គ្រាប់​មែនទែន។

អ្នកកាសែតថៃ​ម្នាក់ ដែល​នៅ​កន្លែង​កើតហេតុ​បាន​រាយការណ៍ថា គេឃើញ​មាន​គ្រាប់កាំភ្លើង​មែនទែន​បាញ់​ត្រូវ​ឡាន ក៏ប៉ុន្តែ មិនដឹង​ជា​ខាង​ណា​ជា​អ្នក​បាញ់។

អ្នកនាំពាក្យ​​កងទ័ពថៃ​បាន​បដិសេធ​ថា ទាហាន​មិនបាន​ប្រើ​គ្រាប់កាំភ្លើងមែនទែន​បាញ់​ទៅ​លើ​បាតុករ​នោះទេ គឺ​ប្រើ​តែ​គ្រាប់កាំភ្លើងជ័រតែប៉ុណ្ណោះ ឯគ្រាប់​កាំភ្លើង​មែនទែន គឺ​បាញ់​ឡើង​លើ​តែប៉ុណ្ណោះ។ អ្នកនាំពាក្យ​កងទ័ព​បាន​អះអាង​ទៀត​ថា​ ខាង​ទាហានទៅវិញ​ទេ ដែល​មាន​របួស ២នាក់ ដោយ​គ្រាប់កាំភ្លើងមែនទែន។

យោងតាម​​ទីភ្នាក់ងារ​អា.​អែហ្វ.​ប៉េ ការបង្រ្កាប​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នករបួស​ជាង ១៣០នាក់។

នៅពេលដែល ​ រដ្ឋាភិបាល​ធ្វើ​ការបង្រ្កាបបាតុកម្ម នៅបាងកក នៅ​ខេត្ត​ឈៀងម៉ៃ​ឯណោះវិញ ពួក​អាវក្រហម​រាប់រយ​នាក់​បាន​នាំគ្នា​សម្រុក​ចូល​កាន់កាប់​សាលាខេត្ត។ មេដឹកនាំ​អាវក្រហម​ក៏បាន​គំរាម​ផងដែរ​ថា ពួក​គេ​នឹង​ចូល​កាន់កាប់​សាលាខេត្ត​ផ្សេង​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​​ប្រើ​កម្លាំង​បង្រ្កាបពួកគេ។

គួរ​ បញ្ជាក់ថា កាល​ពីយប់​ថ្ងៃសុក្រ លោក​អាភិស៊ីត​បាន​​បញ្ជា​ឲ្យ​កម្លាំង​រដ្ឋាភិបាល​ ទាំង​ប៉ូលិស និង​ទាហាន ចាប់​ប្រើ​ធម៌ក្តៅ ក្រោយ​ពី​ពួកអាវក្រហម​បាន​សម្រុក​ចូល​កាន់កាប់​ក្រុមហ៊ុន​ផ្កាយរណប ដើម្បី​បង្ខំ​ឲ្យ​បើក​ការ​ផ្សាយ​ទូរទស្សន៍​របស់​ពួក​គេ​ឡើងវិញ។

លោក ​អាភិស៊ីត​ក៏​បាន​សម្តែង​ការមិនពេញចិត្ត​​ផងដែរ​ចំពោះ​ពួកកងទ័ព ដែល​បាន​ដកថយ បណ្តោយ​ឲ្យ​​​ពួក​អាវក្រហម​ចូល​កាន់កាប់​ក្រុមហ៊ុនផ្កាយរណបនេះ។ ភ្លាមៗ លោក​បាន​បញ្ជា​ឲ្យ​ទាហាន​​ចូល​កាន់កាប់​ក្រុមហ៊ុននេះវិញ ហើយ​បាន​បិទការផ្សាយ​ទូរទស្សន៍​របស់​ពួក​អាវក្រហម​សាជាថ្មីម្តងទៀត។

នៅយប់ ​ថ្ងៃសុក្រ​នោះ ទូរទស្សន៍ថៃ​បាន​ចាក់ផ្សាយ​នូវរូបភាព ដែល​បង្ហាញ​​ពីពួកអាវក្រហម​កំពុង​ហុចទឹក​ទៅ​ឲ្យ​ទាហានថៃ ហើយ​ទាហានថៃ​បានទទួលយក ទាំងទឹកមុខ​ញញឹមរាក់ទាក់។ លោក​អាភិស៊ីត បាន​ធ្វើ​ការស្តីបន្ទោស ជាសាធារណៈ ​ចំពោះ​ទង្វើ​​របស់​ទាហាន​ទាំងនោះ។

នៅថៃ គេចាប់ផ្តើម​នាំ​គ្នា​និយាយាថា នៅ​ក្នុង​ចំណោម​កងទ័ពថៃ មានទាហាន​ខ្លះ​ជា​ “ទាហាន​ឪឡឹក” គឺ​មានន័យថា ពួកគេ​បៃតង​តែ​ឯកសណ្ឋាន ចំណែក​ខាង​ក្នុងវិញ គឺ​ក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ