អានតួអត្ថបទ
ថៃ

ថៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ចៅ​ភូមិបុល​យ៉ាង​មហោឡារិក

តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជារាស្ត្រ​ថៃ​គ្រង​ដោយ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​រាប់​ម៉ឺន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​ព្រះ​បរមរាជវាំង​ថៃ ដើម្បី​ជូន​ដំណើរ​ព្រះ​ចៅ​ភូមិបុល​ជា​ចុង​ក្រោយ ទៅ​កាន់​ព្រះ​មេរុ​ថ្វាយ​​ព្រះ​ភ្លើង។ ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះ​ចៅ​ភូមិបុល នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ព្រះ​មហាក្សត្រ​ថ្មី​របស់​ថៃ គឺ​ព្រះ​បាទ មហាវិច្ឆរ៉ាឡុងកន​ ក្រោម​ក្ដី​អាឡោះអាល័យ​របស់​ប្រជារាស្ត្រ​ថៃ​ទាំង​អស់។

កង​ពល​ថៃ​ថ្វាយ​ការ​គោរព នៅ​ពេល​ព្រះ​សុវណ្ណ​កោដ្ឋ​នៃ​ព្រះ​បាទ​ភូមិបុល ត្រូវ​បាន​រំកិល​ឡើង​ទៅ​កាន់​ព្រះ​ទីនាំង​ជ័យ ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៧
កង​ពល​ថៃ​ថ្វាយ​ការ​គោរព នៅ​ពេល​ព្រះ​សុវណ្ណ​កោដ្ឋ​នៃ​ព្រះ​បាទ​ភូមិបុល ត្រូវ​បាន​រំកិល​ឡើង​ទៅ​កាន់​ព្រះ​ទីនាំង​ជ័យ ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ នៅ​ទី​បំផុត ដល់​ពេល​ហើយ​ដែល​ថៃ​ត្រូវ​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះ​សព​ព្រះ​បាទ ភូមិបុល អាប់ឌុល យ៉ាដេត ដែល​បាន​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៣​តុលា​ឆ្នាំ២០១៦​។ ព្រះ​រាជ​ពិធី​ដ៏​មហាឡារិក​នេះ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​នៅ​ប្រទេស​ថៃ និង​តាម​បណ្ដាញ​សង្គម​របស់​សារព័ត៌មាន​អន្ដរជាតិ​មួយ​ចំនួន​ផង​។

​ប្រារព្ធ​ធ្វើ​ឡើង​តាម​ទំនៀមទម្លាប់​ពី​បុរាណ ព្រះ​រាជ​ពិធី ដែល​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ព្រលឹម​នេះ មាន​ការ​ចូល​រួម​​ពី​ប្រជារាស្ត្រ​ថៃ​មិន​តិច​ជាង​២៥ម៉ឺន​នាក់​ទេ​។ ពលរដ្ឋ​ថៃ​ទាំងនេះ ខ្លះ​បាន​ទៅ​រង់​ចាំ​មួយ​ឬ​ពីរ​យប់​មុន នៅ​ជាប់​របង​ព្រះ​បរមរាជវាំង ដើម្បី​មានឱកាស​ថ្វាយ​ការ​គោរព​ចំពោះ​ព្រះ​បាទ ​ភូមិបុល ​អាប់ឌុល យ៉ាដេត ជា​លើក​ចុង​ក្រោយ​។ ដៃ​កាន់​រូបថត​ស្ដេច​ថៃ​រជ្ជកាល​ទី​៩ ទឹក​មុខ​សោក​សង្រេង ខ្លះ​មាន​ទឹក​ភ្នែក​ជោគ​ថ្ពាល់ ពលរដ្ឋ​ថៃ​ដែល​គ្រង​ដោយ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​សុទ្ធ​បាន​ឱន​ក្រាប​ថ្វាយ​បង្គំ នៅ​ពេល​ក្បួន​ដង្ហែ​ព្រះ​សុវណ្ណ​កោដ្ឋ​រំកិល​មក​ដល់​មុខ​ខ្លួន​។

ព្រះ​សុវណ្ណកោដ្ឋ​នៃ​ព្រះ​ចៅ ភូមិបុល ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ព្រះ​បរមរាជវាំង តាម​តម្រាយ​ផ្លូវ​ជុំ​វិញ​ព្រះ​បរមរាជវាំង មុន​នឹង​យក​ទៅ​តម្កល់​នៅ​ព្រះ​មេរុ​​កម្ពស់​៥០​ម៉ែត្រ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ដែល​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា គេ​ជឿ​ថា​ជាឋាន​ត្រៃត្រិង្ស ជា​​​ចំណុច​កណ្ដាល​នៃ​​សាកលលោក។

ចំណែក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះ​ចៅ​ភូមិបុល នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ព្រះ​មហាក្សត្រ​ថ្មី​របស់​ថៃ គឺ​ព្រះ​បាទ មហាវិច្ឆរ៉ាឡុងកន​​ ជាអ្នក​ព្រះ​រាជទាន​​ព្រះ​ភ្លើង​។ ក្រៅ​ពី​នោះ ក៏​មាន​​ការ​ចូល​រួម​ពី​​សែ​រាជវង្ស និង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​​មក​ពី​​​ជាង​៤០​ប្រទេសផង​ដែរ​។​

ប្រទេស​ថៃ បាន​ចំណាយថវិកា​​ជាង​៩០​លាន​ដុល្លារ ដើម្បីកសាង​ព្រះ​មេរុ និង​​រៀបចំ​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​ចៅ ភូមិបុល ដើម្បី​ឲ្យ​សក្តិសម​ទៅ​នឹង​ព្រះ​កិត្តិយស និង​ព្រះ​រាជបូជនីយកិច្ចរបស់​ក្សត្រ​អង្គ​នេះ​​សម្រាប់​​ប្រទេស​ថៃ ​អស់​រយៈ​ពេល​៧​ទសវត្ស​នៃ​ការ​សោយ​រាជ្យ​របស់​ទ្រង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ