អានតួអត្ថបទ
កូរ៉េខាង​ជើង

ព្យុងយ៉ាង​បរិហារ​ការ​ភាពយន្ត​​ហូលីវ៉ូត​និយាយ​ពី​ លោក គីមជុងអ៊ុន

ភាពយន្ត​​​ហូលីវ៉ូត បែប​កំប្លែង​ ​ស្តី​ពី​ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីមជុងអ៊ុន មិន​បាន​ធ្វើ​ឱ្យ​របប​​កុម្មុយនិស្ត​សើច​សប្បាយ​ទេ ! សម្រាប់​​ព្យុងយ៉ាង ភាព​យន្តដែល​មាន​លក្ខណៈ​បន្តុះ​បង្អាប់​​មេដឹកនាំ គឺ​ជា​​​​សកម្មភាព​ភេរវនិយម និង​បាន​ព្រមាន​ ធ្វើ​ការ​សង​សឹក​ ដោយ​មិន​អាសូរ​ នៅ​ថ្ងៃ​ខាង​មុខ។

លោក​គីម ជុងអ៊ុន​ប្រមុខដឹកនាំ​កូរ៉េខាងជើង
លោក​គីម ជុងអ៊ុន​ប្រមុខដឹកនាំ​កូរ៉េខាងជើង ©REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

រឿង​ “The Interview” ជា​ស្នាដៃ​របស់​សមិទ្ធិករ​អាមេរិក​ពីរ​រូប​ Seth Rogen និង James Franco ដែល​រៀប​រាប់​អំពី​សកម្មភាព​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក សេអ៊ីអា ប្លែង​ខ្លួន​ជា​អ្នក​កាសែត​​របស់​​ទូរទស្សន៍មួយ មាន​ភារៈ​ទៅ​ធ្វើ​ឃាត​លោក គីម ដោយ​មាន​តួ​សម្តែង​ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​កូរ៉េ។ សមិទ្ធិករ​រូប​នេះ មានគំនិត​ផលិត​ជា​រឿង​ចេញ​ឡើង បន្ទាប់ពី​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បទ​សម្ភាសន៍​ជាមួយ​លោក​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីមជុង​អ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង។

 
ភាព​យន្ត​នោះ​បាន​ថត​នៅ​ក្រុង​ Vancouver ប្រទេស​កាណាដា នឹង​ត្រូវ​ចេញ​បញ្ចាំង​​នៅ​ថ្ងៃ​ទី ១៤​តុលា ឆ្នាំ​២០១៤ នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ភ្នាក់​ងារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA អ្នក​នាំពាក្យ​​ក្រសួងការពារជាតិ​កូរ៉េខាង​ជើង បាន​ចាត់​ទុក​សមិទ្ធិករ​អាមេរិក​ទាំង​ពីរ​រូប​ថា​ មេ​បងធំ Gangsters និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​បម្រាប​​ហាមឃាត់​ការ​ចេញ​ផ្សាយ​រឿង​នេះ។

សម្រាប់​ព្យុងយ៉ាង ការ​ផលិត​និងការ​ចាក់​បញ្ចាំង​រឿង The Interview គឺ​ជា​ការ​បង្ហាញ​សកម្មភាព​ភេរវកម្ម​ប្រឆាំង​នឹង​ប្រមុខ​ដឹកនាំ​របប​កុម្មុយនិស្ត​កូរ៉េខាង​ជើង ជា​សកម្មភាព​ភេរវនិយម និងជា​សកម្មភាព​សង្គ្រាម​ដែល​មិន​អាច​អនុគ្រោះ​ឱ្យ​បាន​ឡើយ។ ​ដូច្នេះ​ប្រសិន​បើ​គ្មាន​ការ​ហាមឃាត់​ទេ នោះ​នឹង​មាន​ការ​សង​សឹក​ដ៏​គ្មាន​អាសូរ​មួយ​កើត​ឡើង។

នៅក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឃោសនា​រឿង The interview គេ​ឃើញ​​ភ្នាក់ងារ​សេអ៊ីអា​ ប្រដូច​កូរ៉េខាង​ជើង ក្នុង​ចំណាត់​ប្រទេស​ដែល​គ្រោះ​ថ្នាក់​ជាងគេ​បំផុត​។​ កាលពី​ឆ្នាំ​២០០៤ ក្រុមហ៊ុន​ហូលីវ៉ូត​ធា្លប់​បាន​ផលិត​កុន​បង្អាប់​​របប​​ព្យុង​យ៉ាង​ដែរ ដោយ​កាល​ណោះ​ គឺ​ជា​ការ​ប្រៀប​ប្រដូច​លោក គីមជុង​អ៊ីល​ជា​ឪពុក ថា​មេដឹកនាំ​​ឯកា​​លាក់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ