អានតួអត្ថបទ
កម្ពុជា

ការដ្ឋាន​ស្ពាន​អាកាស​ទី៣​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ស្អែក

រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​បើក​សម្ពោធ​ការដ្ឋាន​សាងសង់ស្ពានអាកាសទី​បីនៅត្រង់ចំណុច​ស្ទឹងមានជ័យ​នៅព្រឹកថ្ងៃចន្ទស្អែកនេះ។ នេះ​គឺជាការស្ថាបនាស្ពាន​អាកាសទីបី​នៅទីក្រុង​ភ្នំពេញ​បន្ទាប់​ពីស្ពានអាកាស​ក្បាលថ្នល់ និង​ស្ពាន​អាកាស​ពេទ្យលោកសង្ឃ។

រូបគំនូរ​បង្ហាញ​ពីស្ពាន​អាកាស​ស្ទឹងមានជ័យ ដែ​ល​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃ​ចន្ទ ២៦ វិច្ឆិកា ២០១២
រូបគំនូរ​បង្ហាញ​ពីស្ពាន​អាកាស​ស្ទឹងមានជ័យ ដែ​ល​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃ​ចន្ទ ២៦ វិច្ឆិកា ២០១២
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កក​ស្ទះ​ចរាចរណ៍​បាន​ក្លាយ​ទៅជា​រឿង​ឈឺ​ក្បាល​របស់​អ្នកធ្វើដំណើរ​ជា​រៀងរាល់​ថ្ងៃ។

ប្រភព​ពីសាលា​រាជធានីភ្នំពេញ​បាន​អោយ​ដឹង​ថា នាពេលបច្ចុប្បន្ននេះ ទីក្រុង​ភ្នំពេញ​មាន​ប្រជាជន​រស់​នៅ​ជាង​២លាន​នាក់។ទីក្រុង​ភ្នំពេញ​មាន​ម៉ូតូ​ជាង​១​លាន​គ្រឿង​និង​មាន​រថយន្ត​ជាង​២​សែន​គ្រឿងបាន​និង​កំពុង​ធ្វើ​ចរាចរណ៍។ បើយោង​តាម​ការ​ប៉ាន់​ស្មាន​នានា ជា​រៀងរាល់​ឆ្នាំ ទីក្រុងភ្នំពេញ​ត្រូវការ​លំនៅដ្ឋាន​ថ្មី​ប្រមាណ​១​ម៉ឺន​ខ្នង។

ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងកំណើន​ប្រជាជន​​ និង​យានយន្ត​ធ្វើ​ដំណើរ​យ៉ាង​ឆាប់រហ័ស​នោះ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​ពង្រីក​ពី​៣៧៨គីឡូម៉ែត្រ​ក្រឡា​ទៅ​ដល់​៦៧៨​គីឡូម៉ែត្រ​ក្រឡា​។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ពាន​អាកាស​ជាច្រើន​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​បន្ត​បន្ទាប់។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទីបី​នៅចំណុច​គល់​ស្ពាន​ស្ទឹងមានជ័យ​គ្រោង​នឹង​បើក​សម្ពោធ​ក្រោម​អធិបតី​ភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះ​គឺ​ជា​ការ​ស្ថាបនា​ស្ពាន​អាកាសទីបី​នៅ​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ។

ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ចំណុច​ស្ទឹង​មាន​ជ័យ​មាន​រយៈពេល​ជាង​២​ឆ្នាំ​ និង​ត្រូវ​ចំណាយ​ថវិកា​១៧​លាន​ដុល្លារ​អាមេរិក។

 
ទាក់ទងទៅ​នឹង​ការ​បើក​សម្ពោធ​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ចំណុចស្ទឹង​មានជ័យនៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ សាលា​រាជធានី​ភ្នំពេញ​​​ប្រកាស​បិទ​សកម្មភាព​ចរាចរណ៍​បណ្តោះ​អាសន្ន នៅ​ចំណុច​ភ្លើង​ស្តុប​ស្ទឹង​មានជ័យចាប់ពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១២​ ដល់​ម៉ោង​១២​ព្រឹក​ថ្ងៃចន្ទទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១២​​។ ផុត​រយៈពេល​កំណត់​នេះ​ ចរាចរណ៍ ​នឹង​ត្រូវដាក់អោយ​ដំណើរ​ការ​​ជា​ប្រក្រតី​ឡើងវិញ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បុគ្គលិក​ក្រុមហ៊ុន និង​អង្គការ​មួយ​ចំនួន​ចាប់​ផ្តើម​ទាមទារ​ដំឡើង​ប្រាក់ខែ​ពី​ម្ចាស់​ក្រុមហ៊ុន​​ដោយសារ​តែ​ការ​កក​ស្ទះ​ចរាចរណ៍​មាន​ទំហំ​កាន់​តែ​លំបាក​ឡើង​ៗ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​កក​ស្ទះ​ចរាចរណ៍​ធ្វើ​អោយពួកគេ​ចំណាយប្រាក់​សម្រាប់​សាំង​កាន់​តែ​ខ្ពស់ ​និង​ពេល​វេលា​កាន់​តែ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ