អានតួអត្ថបទ
កម្ពុជា

កង​ទ័ព​​សម្រេច​យក​​គុន​​បុរាណ​​ខ្មែរ​៣​ប្រភេទ​ចង​ជា​ក្បួន​​ការពារ​ជាតិ​

ក្បាច់​គុន​បុរាណ​ខ្មែរ ៣​ប្រភេទ រួម​មាន​ក្បាច់​គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម​ និង​ប្រដាល់​សេរី ត្រូវ​បាន​សហព័ន្ធ និង​កង​យុទ្ធពល​ខេមរ​ភូមិន្ទ សម្រេច​សហការ​គ្នា​រៀប​ចំ​ចង​ក្រង​ជា​គម្ពីរ​ក្បួន​ខ្នាត សម្រាប់​បណ្តុះ​បណ្តាល​ដល់​ក្រុម​កង​ទ័ព​កម្ពុជា។ ពិធី​ចុះ​អនុស្សារណៈ​សហការ​ រវាង​សហព័ន្ធ​កីឡា​ល្បុក្កតោ សមាគមយុទ្ធក្រម​ខម សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​គណៈកម្មការ​រៀប​ចំ​ក្បាច់​គុន​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី ២២​មិថុនា​នេះ នៅ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​។

ក្រុម​ក្បាច់គុនល្បុក្កតោកម្ពុជា។
ក្រុម​ក្បាច់គុនល្បុក្កតោកម្ពុជា។ @Facebook Tharoat
ផ្សាយពាណិជ្ជកម្ម

នេះ​អាច​ចាត់​ទុក​ថា​ជា​លើក​ដំបូង ដែល​គណៈកម្មការ​រៀប​ចំ​ក្បាច់​គុន​នៃ​កង​យោធពលខេមរភូមិន្ទ របស់​ក្រសួង​ការពារ​ជាតិ បាន​ចុះ​អនុស្សារណៈ​សហការ​ជាមួយ​នឹង​សហព័ន្ធ​កីឡា​បុរាណ​ខ្មែរ ចំនួន​៣ គឺល្បុក្កតោ យុទ្ធក្រមខម និង​ប្រដាល់​សេរី ដើម្បី​រៀបចំ​ចង​ក្រង​ក្បាច់​ក្បួន​ខ្នាត ទុក​ជា​គម្ពីរ សម្រាប់​បណ្តុះ​បណ្តាល​ដល់​កងទ័ព​កម្ពុជា​។ លោក​ហ៊ុន ម៉ាណែត អនុប្រធាន​គណៈកម្មការ​រៀប​ចំ​ក្បាច់​គុន​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពិធី​ចុះ​អនុស្សារណៈ​ថា គោល​បំណង​នៃ​ការ​រៀបចំ​ការ​សហការ​គ្នា​នេះ គឺ​ដើម្បី​ចូលរួម​លើក​កម្ពស់​ និង​អភិរក្ស​ក្បាច់​គុន​បុរាណ​ខ្មែរ ព្រម​ទាំង​ដើម្បី​បំពេញ​តម្រូវ​ការ​ហ្វឹក​ហាត់​របស់​កងយុទ្ធពលខេមរភូមិន្ទកម្ពុជា​។ 

តាម​លោក​ហ៊ុន ម៉ាណែត បន្ទាប់​ពី​ចុះ​អនុស្សារណៈ​នេះ​ហើយ ជា​ជំហាន​បន្ទាប់​ គឺ​នឹង​មាន​ការ​សិក្សា​ស្រាវជ្រាវ ​ចងក្រង​សៀវភៅ​មួយ ដែល​មាន​ឈ្មោះ​ថា​ក្បាច់​គុន​កងយុទ្ធពលខេមរភូមិន្ទ បន្ទាប់​មក​នឹង​មាន​រៀប​ចំ​សិក្ខា​សាលា​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​។ ហើយ​ក្រោយ​មក​ទៀត សហព័ន្ធ​ទាំង​៣ នឹង​រួមគ្នា​ជួយ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ដើម្បី​ត្រៀម​បង្វឹក​កងទ័ព និង​ចុងក្រោយ​ក្បួន​ខ្នាត​នេះ នឹង​ត្រូវ​ដាក់​ចូល​ក្នុង​កម្មវិធី​ហ្វឹក​ហាត់​របស់​កងទ័ព​តែ​ម្តង​។ លោក​ហ៊ុន ម៉ាណែត ប៉ាន់​ស្មាន​ថា កងទ័ព នឹង​អាច​យក​ក្បួន​នេះ ទៅ​ហ្វឹក​ហាត់​បាន នៅ​អំឡុង​ចុង​ឆ្នាំ ២០១៦ ឬ​ដើម​ឆ្នាំ ២០១៧​។

លោក​វ៉ាត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​សម្តែង​ការ​សាទរ ចំពោះ​ការ​ចុះ​អនុស្សារណៈ​នេះ ហើយ​លោក​ថា កត្តា​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ហាត់​កីឡា​ល្បុក្កតោ​ខ្មែរ មាន​ការងារ​ធ្វើ​បន្ថែម តាម​រយៈ​ការ​ផ្ទេរ​ចំណេះ​ដឹង​របស់​ពួកគេ​។ លោក​វ៉ាត់ ចំរើន អះ​អាង​ថា ការ​ហាត់​ក្បាច់​គុន​ល្បុក្កតោ គឺ​មិន​ត្រឹម​តែ​អាច​ការពារ​ខ្លួន​បាន​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ក្បួន​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ការពារ​ជាតិ​មាតុភូមិ​បាន​ផងដែរ​។

សូម​បញ្ជាក់​ថា ក្បាច់​គុន​បុរាណ​ខ្មែរ​ទាំង​៣ ដែល​ជា​កេរ្តិ៍​មរតក​របស់​ដូនតា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាសម្បត្តិ​អរូបិយ​របស់​កម្ពុជា​។ ក្នុង​នោះ ក្បាច់​គុន​ល្បុក្កតោ ក៏​ត្រូវ​បាន​កម្ពុជា​រៀបចំ​ដាក់​បញ្ជូល​ទៅ​ក្នុង​សម្បត្តិ បេតិកភណ្ឌ​អរូបិយ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ផងដែរ​។ ហើយ​បើ​តាម​លោក​វ៉ាត់ ចំរើន ការ​រៀបចំ​ឯកសារ ដាក់​ទៅ​កាន់​អង្គការ​យូណេស្កូ គ្រោ​ងនឹង​បញ្ចប់​ឲ្យ​ហើយ ​នៅ​អំឡុង​ខែ​កញ្ញា ឬ​ខែតុលា ឆ្នាំ ២០១៦​នេះ​។ ចំណែក​ឯ​ក្បាច់​គុន​យុទ្ធក្រម​ខម ទោះ​បី​ជា​មិន​សូវ​មាន​ការ​បង្កើត​កម្មវិធី​ច្រើនតាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ក្បាច់​ប្រដាល់​សេរី ប៉ុន្តែ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កីឡា​នេះ កន្លងមក​បាន​ព្យាយាម​ដាក់​បញ្ជូល​ការ​សម្តែង​ក្បាច់​គុន​ប្រភេទ​នេះ ទៅ​ក្នុង​កម្មវិធី​ជាតិ​នានា ដើម្បី​ចែក​រំលែក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ ទោះ​បី​ជា​ការ​ផ្សព្វផ្សាយ​នោះ វា​មាន​កម្រិត​តិច​តួច​ខ្លាំង​ក្តី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ