អានតួអត្ថបទ
កម្ពុជា

គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៣​នាក់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​ប្រជ្រៀត​គ្នា​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត​ដើម្បី​ប្រារព្ឋ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​ឱ្យ​ដឹង​ថា​មនុស្ស​ចំនួន​ប្រមាណ​៦០​នាក់ ​បាន​ស្លាប់​និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ​បើទោះ​បី​ជា​ទាំង​អង្គការ​ និង​អាជ្ញាធរ​បាន​រឹត​បន្តឹង​ឱ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍​ក៏​ដោយ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​​តែង​តែ​កើត​មាន​រាល់​ពេល​មាន​បុណ្យ​ទាន​ម្តង់​ៗ។​
គ្រោះ​ថ្នាក់​​ចរាចរណ៍​​តែង​តែ​កើត​មាន​រាល់​ពេល​មាន​បុណ្យ​ទាន​ម្តង់​ៗ។​ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៣​នាក់​បាន​ស្លាប់ ​និង​ ៤៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​ កញ្ញា។ ​ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​រាប់រយ​នាក់​សម្រុក​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ចំនួន​២៧​លើក​នោះ​ គឺ​បណ្តាល​មក​ពី​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ​និង​គ្រឿង​ស្រវឹង ​រួម​ទាំង​ការ​មិន​ពាក់​មួក​សុវត្ថិភាព​ជា​ដើម។

លោក​គង់ ​ សុវណ្ណ ​ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល​ប្រចាំ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍ ​បាន​លើក​ឡើង​ថា​ ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ​និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​គឺ​ជា​អត្រា​គ្រោះថ្នាក់​ជាង​គេ​សម្រាប់​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា។​ក្រៅ​ពី​នោះ ​កំរិត​នៃ​ការ​យល់​ដឹង​និង​ភាព​អធ្យាស្រ័យ​គ្នា​របស់​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។​ ផ្អែក​លើ​កត្តា​ទាំង​នេះ​ លោក​ គង់ សុវណ្ណ ​បាន​បញ្ចេញ​ទស្សនៈ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤​នេះ គឺ​ប្រហែល​ជា​មិន​អាច​ធ្លាក់​ចុះ​នោះ​ទេ។ ​បើ​ទោះ​បី​ជា​អង្គការ​របស់​លោក ​និង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល ​បាន​បើក​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ណែនាំ​ក៏​ដោយ។

ដើម្បី​បង្កា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​បាន​បញ្ជាក់​ថា​ ការ​អប់​រំ​ណែនាំ​ប្រជា​ពលរដ្ឋ​តែ​ម្យ៉ាង​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ។​ ពោល​គឺ​ត្រូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​សំណាក់​មន្ត្រី​អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់​ផង​ដែរ។ ​អនុ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​លោក​ សុខ ណុប ​បាន​ឱ្យ​ដឹង​ថា ​តាំង​ពី​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រហូត​មក​ មន្ត្រី​ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​សម្រួល​ចរាចរណ៍ ​និង​បាន​បើក​យុទ្ធនា​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​ទ្រូង​ផ្លូវ។ ដោយ​ឡែក​រាជធានី​ភ្នំពេញ​ដែល​នៅ​ពេល​នេះ​ មាន​សភាព​ស្ងប់​ស្ងាត់​ព្រោះ​តែ​ពលរដ្ឋ​ជាច្រើន​បាន​ចាក់​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នោះ ​ក៏​ត្រូវ​បាន​រឹត​បន្តឹង​ទាំង​សន្តិសុខ​នៅ​តាម​តំបន់​ក្នុង​ន័យ​ដើម្បី​ធានា​សុវត្ថិភាព​និង​សណ្តាប់​ធ្នាប់​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឡុង ​ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ។

សូម​បញ្ជាក់​ថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ក្តី​កង្វល់​ធំ​ធេង​ ដែល​បាន​សម្លាប់​ និង​បង្ក​របួស​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​ ក្នុង​ឆមាស ​ទី​១​ ដើម​ឆ្នាំ​២០១៤​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ ជាង​២ ៦០៣​គឺ​បាន​កើន​ឡើង​១០​ភាគ​រយ​ បើ​ធៀប​នឹង​ ឆ្នាំ​២០១៣ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ