អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​បើកបរ​ក៏​បង្ហាញ​ពី​អរិយធម៌​នៃ​ប្រជាជាតិ​មួយ​ដែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​​នេះ​ត្រូវ​ដោះស្រាយ និង​កែ​លំអ​នោះ ក៏​មាន​ការ​បើកបរ​នៅ​តាម​ដងផ្លូវ​នេះដែរ។ ក្រៅតែ​ពីការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ការពារ​សម្រាប់​​អ្នកបើកបរ​ទោចក្រ​យានយន្ត​ និងអ្នកបើកបរ​រថយន្ត​បាន​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាពនោះ មាន​ចំនុច​ជា​ច្រើន​ទៀត​ដែលការ​គោរព​​ច្បាប់​ចរាចរណ៍​គ្មាន​ការ​ប្រសើរ​ឡើយ។ ពិសេស​គេ​​នៅតែ​​សង្កេត​ឃើញ ម្ចាស់​រថយន្ត​ទំនើប និង​​មាន​​តម្លៃ​ថ្លៃ​គឺ​​ជា​អ្នក​មាន​​អាទិភាព​​ក្នុង​​ការ​ប្រើប្រាស់​​ទ្រូវ​​ផ្លូវ​​ជាង​​អ្នកដទៃ។

ការធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា
ការធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​នៅ​តាម​ដងផ្លូវ​មាន​រាល់ថ្ងៃ។ តែ​ជាជម្លោះ​ក្នុ​ងអារម្មណ៍ ដោយ​ការ​ជេរប្រទេចគ្នា តែ​ក្នុង​ចិត្ត និង​ការ​រអ៊ូរទាំ​នៃ​អ្នកបើកបរ​​គ្រប់ៗគ្នា។ មាន​អ្នកបើកបរ​​​រថយន្ត​តូចៗ និង​អ្នកបើកបរ​ម៉ូតូ​ដែល​ខឹង​សម្បារ​​នឹង​អ្នក​មាន​រថយន្ត​ថ្លៃទំនើប​ដែល​ឈប់ចត​​នៅ​លើ​ទ្រូវ​ផ្លូវ​ដោយ​មិន​ខ្វល់​ពី​ទង្វើ​ខុសច្បាប់ និង​ខ្វល់​ពី​ការ​រំខាន​ដល់​អ្នកដទៃឡើយ។ អ្នក​ដែល​មាន​រថយន្ត​ទំនើប​​មួ​យចំនួន​មិន​មាន​អារម្មណ៍​ខ្លាច​ប៉ូលិស​ចរាចរណ៍​បន្តិច​ទាល់តែ​សោះ។ ពួកគេ​អាង​ទៅ​លើ​ការ​បង់​ប្រាក់​ផាក​ពិន័យ ប្រសិន​បើ​មាន​ប៉ូលិស​ណា​ហ៊ាន​ឃាត់ ឬ​ផាក​ពិន័យពួកគេ​នោះ។ ពួកគេ​ត្រូវ​ស៊ីផ្លេ​អោយ​អ្នកបើកបរ​ផ្សេងៗ​ចៀស​ឆ្ងាយ​ ដើម្បី​គេ​អាច​បើក​បរ​ដោយ​ងាយ​ស្រួល។

ផ្ទុយ​ទៅវិញ ក៏​មានដែរ​អ្នកបើកបរ​ដែល​ខឹង​សម្បារ​នឹង​អ្នក​បើក​បរម៉ូតូ​ឌុប ម៉ូតូ​រ៉ឺម៉ក​ជាដើម។ ក្រុម​អ្នក​បើកបរ​រថយន្ត​បាន​ខឹង​​អ្នកបើកបរម៉ូតូ​គ្រប់ប្រភេទ​ដែល​ប្រើប្រាស់​​គន្លង​រថយន្ត។ នៅ​កម្ពុជា ប្រសិន​បើ​អ្នកថ្មើរជើង​ចង់​ឆ្លង​ផ្លូវ​នោះ ពួកគេ​ត្រូវ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់។ វា​ជា​ករណី​កម្រ​ណាស់​ដែល​ អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​អនុញ្ញាត​អោយ​អ្នក​ថ្មើ​រជើង​ឆ្លង​កាត់​ផ្លូវ​បាន​ដោយ​ងាយ​នោះ។ បើរថយន្ត​ត្រូវ​បត់​ឆ្លងផ្លូវ​ទៀតនោះ រឹត​តែ​ពិ​បាក​ទៅទៀត។ គេ​សុខចិត្ត​​អោយ​​អ្នក​ដទៃ​កក​ស្ទះ​លើ​ទ្រូវ​ផ្លូវ ប៉ុន្តែ​គេ​មិន​សុខចិត្ត​ស្ទះ​ខ្លួន​ឯង​​​ឡើយ។ ប្រសិន​បើ​មានការ​កកស្ទះ​ចរាចរណ៍​ផង​នោះ អ្នកបើកបរ​មួយ​ចំនួន​មិន​ចង់បញ្ឈប់​រថយន្ត​នៅ​បន្ត​ពីក្រោយ​គ្នា​ឡើយ។ គេ​ត្រូវជែង​​ អោយ​តែ​បាន​ទៅ​មុខ បើ​ទោះជា​គេ​ត្រូវ​បើក​បរ​លើ​គន្លង​ផ្លូវ​សម្រាប់​អ្នកបើកបរ​បញ្ច្រាសទិស​គ្នា​ក៏ដោយ។

បើទោះជា​មាន​ស្លាក​សញ្ញាហាម​បត់​ក្រោយក៏ដោយ ក៏​អ្នកបើកបរ​ទាំង​ម៉ូតូ និង​ពិសេស​រថយន្ត ពួកគេ​នៅតែ​បត់ត្រឡប់ក្រោយ​ដោយ​មិន​ខ្មាស់អៀន។ សព្វថ្ងៃ​នេះ កម្ពុជា​ហាក់បាន​ដើរ​មក​ដល់​សម័យដែល​អ្នក​បញ្ឈប់យានយន្ត ដោយ​គោរព​ភ្លើង​ស្តុប​តែម្នាក់ឯង ត្រូវ​ខ្មាស់អ្នកដទៃ​ទៅវិញ​ហើយ។ ហេតុអ្វី​បានជា​មាន​បញ្ហា​ទាំង​នេះ​កើតឡើង?

ទីមួយ ចំលើយ​ទៅនឹង​សំណួរ​នេះ គ្មាន​អ្វី​ពិបាក​ឆ្លើយ​ទាល់តែ​សោះ។ ពីព្រោះ​ ជា​ញឹក​ញាប់​អ្នក​បើកបរ​​ខ្លួន​ឯង​ក៏​បាន​ដឹង​ថា​ពួកគេបាន​ប្រព្រឹត្ត​ល្មើស​ដែរ ប៉ុន្តែ​គ្រាន់តែ​ថា ពួកគេ​ចង់​បំពាន​តែ​ប៉ុណ្ណោះ។ នេះ​គឺជា​បញ្ហា​ចំបង​មួយ​​ដែល​អ្នកបើកបរ​ត្រូវ​កែប្រែ​អកប្បកិរិយា និង​ទម្លាប់​អាក្រក់​ខ្លួន​ឯង​នេះ។ ពីព្រោះ​វា​គ្មាន​អ្វីពិបាក​កែ​ជា​ង​ការ​ដឹង​ខុស​ហើយ នៅ​តែ​បំពាន​នោះទេ។

ទី២ អ្នកបើក​បរត្រូវ​តែ​ឆ្លងកាត់​ការហាត់រៀន និង​ការ​ប្រឡង​ដែល​តឹងតែង មធ្យ័ត ដែល​មិន​មែនជា​ការ​ប្រឡង​លក់​បណ្ណ​បើក​បរ​នោះឡើយ។ គួរ​បញ្ជាក់ថា ការ​ប្រឡង​យក​បណ្ណ​បើកបរ​ដ៏​ធូរ​រលុង​នៅ​តែ​កើត​មាន​រហូត​ដល់​ពេល​នេះ។ អ្នក​រៀន​បើកបរ​គ្រាន់តែ​ចំណាយ​ប្រាក់កាស​មួយ​ចំនួន​តាម​រយៈ​សាលារៀន​បើកបរ​នោះ ពួកគេ​នឹង​បាន​​ទទួល​បណ្ណ​បើកបរ។

ទី៣ សិទ្ធិអំណាច​របស់​ប៉ូលិស​ចរាចរណ៍​ត្រូវ​តែមាន​ ដូច​មាន​ចែង​ក្នុង​តួនាទី​ ភារកិច្ច​របស់​ប៉ូលិស​ចរាចរណ៍​។ ក្នុង​ន័យ​នេះ ថ្នាក់ដឹកនាំ​របស់​ប៉ូលិស​ចរាចរណ៍​ត្រូវ​ធ្វើ​យ៉ាងណា អោយ​តម្លៃ​ប៉ូលិស​ចរាចរណ៍​កើនឡើងវិញ តាម​រយៈ​ការ​ផ្តល់​ប្រាក់បៀវត្សរ​សមរម្យ និង​ការ​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​បន្ថែម​ដល់ពួកគេ។ និង​ចុងក្រោយទី​៤​នោះ ការ​ប្រើប្រាស់ចំណេះដឹង​ផ្នែក​សីលធម៌ ​ឬ​ការ​យោគយល់​ អធ្យាស្រ័យ​គ្នានោះ ក៏​ជា​កត្តា​ដែល​មិន​អាច​មើល​រំលង​បាន ដើម្បី​អោយ​ការ​បើកបរ​អាច​ប្រព្រឹត្ត​​ទៅ​ដោយ​មាន​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ល្អនោះ។ ជាពិសេស វា​នឹង​​ជួយ​កាត់បន្ថយ​អារម្មណ៍​​តានតឹង​ អារម្មណ៍​ខឹង​សម្បារ​នៃ​អ្នកបើកបរ​ខ្លួន​ឯង​បាន​ទៀត​ផង។

និយាយ​សរុប​មកវិញ ដើម្បីអនុវត្ត​ចំនុច​ទាំង​៤​ខាង​លើ​នេះ គឺ​វា​ទាមទារ​អោយ​មាន​ឆន្ទៈ និង​ការ​យល់​ដឹង​របស់​អ្នកបើកបរ​ខ្លួន​ឯង​ប៉ុណ្ណោះ ជាជាង​ការ​បង្ខំ​អោយអនុវត្ត​ពី​សំណាក់​ប៉ូលិស​មាន​សមត្ថកិច្ច​ទៅទៀត។ បាន​ន័យថា អ្នកបើកបរ​មិន​ត្រូវ​បំពានអ្វី​ដែល​ខ្លួន​ដឹង​ថា​ខុសនោះទេ។ ពួកគេ​ត្រូវ​មាន​ស្មារតី​ថា ខ្មាស់អៀន​នៅពេល​ដែល​គេ​បំពាន​ស្លាកសញ្ញា​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ចោល​ភ្នែក​មក​មើល​គ្រប់គ្នា​នោះ។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏ត្រូវ​រៀន​អោយ​មាន​ស្មារតី​មោទនភាព​ នៅពេល​ដែល​ពួកគេ​បាន​ស្គាល់ យល់ និង​ចេះ​មើល​ស្លាកសញ្ញា​ចរាចរណ៍​នោះ។

មាន​មនុស្ស​មិនតិច​ទេ ដែល​បាន​ដើរ​កំសាន្ត​នៅ​បរទេស ឬ​ប្រទេ​សជឿនលឿន​នានា ហើយ​នៅពេល​ដែល​ពួកគេ​ត្រឡប់មក​វិញ ពួកគេ​ក៏​បាន​សរសើរ​អំពី​អភិវឌ្ឍន៍ ភាព​​ជឿនលឿន​ ​ផ្លូវថ្នល់ស្អាត ហើយប្រទេសទាំងនោះ​ជា​ប្រទេស​ដែល​មាន​ការអនុវត្ត​ច្បាប់។ សូមកុំភ្លេច​ថា ជនបរទេស នៅពេល​ដែល​ពួកគេ​មក​ដល់​ប្រទេស​កម្ពុជា ហើយ​មើល​ឃើញ​ការ​បើកបរ​មិន​មាន​សណ្តាប់ធ្នាប់ និង​មិន​គោរព​ច្បាប់នោះ ជនបរទេស​ទាំងនោះ​ក៏អាច​និយាយ​អាក្រក់​អំពី​ការ​កម្ពុជា​ប្រាប់​មិត្តភក្តិ​​របស់​ពួកគេដូចគ្នា​ដែរ។ ការ​បើកបរ​នេះ​ហើយ​ជា​រូបភាព​ដំបូង​សម្រាប់អ្នកទេសចរ​ដែល​ត្រូវ​វាយ​តម្លៃ​អំពី​ជីវភាព​រស់នៅ​ និង​សុជីវធម៌​របស់​ពលរដ្ឋ​កម្ពុជានោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ