អានតួអត្ថបទ
កម្ពុជា

អង្គការ​តម្លាភាព​កម្ពុជា​អំពាវ​នាវ​ឲ្យ​ចូល​រួម​បំបែក​សង្វាក់​អំពើ​ពុករលួយ

អង្គការ​តម្លាភាព​កម្ពុជា​និង​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យភាព​សង្គម​ដែល​ធ្វើការ​ពាក់ ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​អំពាវនាវ​រួមគ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ក្រោក​ឡើង​ដើម្បី​ប្រឆាំង​អំពើពុករលួយ​និង​បំបែក​សង្វាក់​អំពើពុករលួយ។ ការអំពាវនាវ​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុករលួយ​៩​ធ្នូ។

ប្រជាពលរដ្ឋនាំគ្នាតវ៉ានៅក្នុងទីក្រុងភ្នំពេញ។
ប្រជាពលរដ្ឋនាំគ្នាតវ៉ានៅក្នុងទីក្រុងភ្នំពេញ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩​ធ្នូ​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង​ពីរ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ចាត់​វិធានការ​ជាក់​លាក់​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន និង​ដើម្បី​ការ​រស់នៅ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​។

 
អង្គការ​ទាំងពីរ​នេះ​បាន​ហៅ​អំពើ​ពុករលួយ​ថា​ជាការ​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ប្រាក់​ដែល​បានមកពី​អំពើ​ពុករលួយ​ប្រៀបបាន​នឹង​ពន្ធ​ដ៏​ស្មោកគ្រោក​ដែល​បានដាក់​បន្ទុក​ទៅលើ​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម។ លោក​ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​និង​ការតព្វ​កិច្ច​ប្រឆាំង​អំពើ​ពុករលួយ។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​គ្រប់គ្នា​ចូលរួម សង្គម​នឹងមាន​អំពើ​ពុករលួយ​តិច​ជាង​មុន។

បើតាម​លោក ព្រាប កុល ការចូលរួម​របស់​ប្រជាពលរដ្ឋ​អាចធ្វើ​ឡើង​តាមរយៈ ការមិន​សូក​និង​មិន​ទទួល​សំណូក ការ​ហ៊ាន​និយាយ​ដោយ​បើកចំហ​អំពី​អំពើពុករលួយ ការគាំទ្រ​បេក្ខជន​សម្រាប់​មុខតំណែង​សាធារណៈ​ណា​ដែល​និយាយថា​ទេ​ចំពោះ​អំពើពុករលួយ និង​កិច្ចសហការ​ជាមួយ​តួអង្គ​នានា​ដើម្បី​ប្រឆាំង​អំពើពុករលួយ​ជាដើម។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​៩​ធ្នូ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មានចែង​ក្នុង​អនុ​ញ្ញា​អង្គការសហប្រជាជាតិ​ហើយ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០០។ ដើម្បី​អបអរសាទរ​ទិវា​នេះ អង្គការ​តម្លាភាព​កម្ពុជា​និង​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យភាព​សង្គម​បាន​ប្រារព្ធ​ពិធី​ក្នុង​ខេត្ត​ចំនួន៥គឺ​កំពង់ចាម បាត់ដំបង ពោធិសាត់ ស្វាយរៀង​និង​ខេត្តកំពង់ស្ពឺ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដែរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ អង្គភាព​នេះ​បាន​ព្រមាន​និង​បាន​ចាត់​វិធាន​ការ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​មន្ត្រី​ដែល​ទទួល​សំណូក​ឬ​ដែល​ធ្វើ​ការខ្វះ​តម្លាភាព។ យ៉ាង​ណា​ក៏​ដោយ អំពើ​ពុករលួយ​នៅតែ​ជា​បញ្ហា​ធំធេង​មួយ​នៅឡើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​មហាជន​ទូទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ