អានតួអត្ថបទ
តួកគី

តួកគី​សម្រេច​​​​ដក​ច្បាប់​​បំពាន​ភេទ​​អនីតិជន​​ដ៏​ចម្រូងចម្រាស​​

គម្រោង​​ច្បាប់បំពានភេទ​អនីតិជន​ដ៏ចម្រូងចម្រាស របស់​តួកគី ទីបំផុត​​ត្រូវបាន​​នាយករដ្ឋមន្ត្រី​ប្រកាស​ដកចេញ​ ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​បក្ស​ប្រឆាំង​និង​សង្គមស៊ីវិល។ ច្បាប់នេះ​ចែង​លើកលែង​ទោស​ជនបំពានភេទ​ក្មេង​មិនទាន់​ពេញវ័យ ករណី​ជនល្មើស​ព្រម​រៀប​អាពាហ៍​ពិពាហ៍​​ជាមួយ​ជនរងគ្រោះ។ ប្រជាជន​តួកគី​បាន​​ធ្វើ​​បាតុកម្ម​ប្រឆាំងគម្រោង​​ច្បាប់នេះ កាលពី​​ចុងសប្តាហ៍​កន្លងទៅ។ ​

នាយករដ្ឋមន្ត្រី​តួកគី លោក Binali Yildirim ប្រកាស​ដកច្បាប់​បំពានភេទ​អនិតិជន
នាយករដ្ឋមន្ត្រី​តួកគី លោក Binali Yildirim ប្រកាស​ដកច្បាប់​បំពានភេទ​អនិតិជន File photo of Turkey's Prime Minister Yildirim addressing the me
ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​​តួកគី​ដ៏ចម្រូងចម្រាស​នេះ ចែង​លើកលែង​ទោស​ជនល្មើស​ដែល​បំពានភេទ​ក្មេងមិនទាន់​ពេញវ័យ ​ករណី​ជនល្មើស​ព្រមរៀបការ​ជនរងគ្រោះ។ គម្រោងច្បាប់​ផ្តោត​លើ​បទល្មើស​ភេទ ដែល​បាន​កើតឡើង មុន​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៦នេះ។ សភា​តួកគី​បាន​បោះឆ្នោត​លើ​ច្បាប់​នេះ​ម្តងហើយ កាលពី​សប្តាហ៍មុន ហើយ​តាមធមុ្មតា សភា​ត្រូវ​ពិនិត្យអាន​​ច្បាប់​នេះ​ជាលើកទី២​ទៀត​ នៅថ្ងៃ​អង្គារ​នេះ ដើម្បី​អាច​បោះឆ្នោត​​ អនុម័ត​បាន​ពេញលេញ។

ការលើកលែង​ជនបំពានភេទ​ស្រួលៗ​ដូច្នេះ បានធ្វើអោយ​បក្ស​ប្រឆាំង និង​ក្រុមការពារ​សិទ្ធិកុមារ​បារម្ភ​ជាខ្លាំង។ រដ្ឋាភិបាល​តួកគី​លើកឡើងថា ​ច្បាប់នេះ​គឺសម្រាប់ប្រើ​ក្នុង​​​ករណី​មួយចំនួន​ប៉ុណ្ណោះ។ ច្បាប់នេះ​មិនចែង​​​លើកលែងករណី​​​​​​​ចាប់រំលោភ​បង្ខំ រឺការបំពាន​ភេទ​ដោយ​ប្រើ​​ហិង្សា​ទេ។ ខ្លឹមសារពិត ​​គឺ​​​​ដើម្បី​ស្រោចស្រង់​​គូស្នេហ៍​វ័យក្មេង។ ឧទាហរណ៍​ ​ករណី​បុរស​​បាន​ល្មើស​​ផ្លូវភេទ​លើ​នារី រហូត​ដល់​នាង​មានផ្ទៃពោះ។ ​កន្លងមក ​មានគ្រូពេទ្យ​បាន​ផ្តល់ដំណឹង​ករណី​​មាន​ផ្ទៃពោះ​នេះ ទៅ​អាជ្ញាធរ ធ្វើអោ​យ​អាជ្ញាធរ​ចាប់ខ្លួន​ជនល្មើស។ ដូច្នេះ នារីអនីតិជន​​ដែល​មានផ្ទៃពោះ​ក៏ត្រូវរ៉ាប់រង​ចិញ្ចឹមកូន​តែ​ម្នាក់​ឯង។ ​​ការរៀបការ​ទាំង​មិនទាន់​គ្រប់អាយុ​នេះ ច្រើនកើត​​ឡើង​នៅតាម​ភាគខាងកើត​តួកគី។

​ទោះយ៉ាងនេះ​ក្តី ការ​លើកលែង​ជន​​បំពានភេទ​ វា​ជារឿង​​ចម្រូងចម្រាស។ ចុង​សប្តាហ៍​កន្លងទៅ​ ប្រជាជន​​តួកគី​រាប់ពាន់នាក់ បាន​ចុះបាតុកម្ម​​​ប្រឆាំង​នឹងគម្រោង​ច្បាប់នេះ។ ទីបំផុត ​​​​រដ្ឋាភិបាល​តួកគីសម្រេច​​​ប្តូរចិត្ត​ដកច្បាប់​នេះ​ចេញទៅវិញ ពិសេស​ក្រោយ​ការ​អំពាវនាវ​​របស់​ប្រធានាធិបតី​អ៊ែរដូហ្កាន។ ល្ងាច​ថ្ងៃចន្ទ ម្សិលមិញ លោក​​​​​​អ៊ែរដូហ្កាន បាន​ស្នើ​​រដ្ឋាភិបាលអោយ​​​ដោះស្រាយ​បញ្ហា​ច្បាប់នេះ ធ្វើយ៉ាងណា​អោយខ្លឹមសារ​​ច្បាប់ ​​ទទួលបាន​ការយល់ព្រម​ពី​គ្រប់ភាគី និងស្របតាម​ការចង់បា​នរបស់​សង្គម​ស៊ីវិល។ ពេលនេះ រដ្ឋាភិបាល​​តួកគី​​ត្រៀម​រង់ចាំ​​​សំណើ​របស់​បក្ស​ប្រឆាំង៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ