អានតួអត្ថបទ
ជប៉ុន

ជប៉ុន​​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​មរណភាព​ជន​រងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមី​​

នៅ​​រសៀល​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ជប៉ុន​បានរៀបចំ​​ប្រារព្ធខួប​ពីរ​​ឆ្នាំ ​រំលឹក​វិញ្ញាណ​ក្ខន្ធ​​ជនជាតិ​ជប៉ុន​​ប្រហែល​ពីរ​ម៉ឺន​នាក់ ដែល​រង​គ្រោះ​ដោយ​សារ​​រលក​យក្ស​ស៊ូណាមី កាល​​ខែ​មីនា ឆ្នាំ​២០១១​។ កាលណោះ រលក​យក្ស​ស៊ូណាមី​​ក៏​បាន​បង្ក​អោយមាន​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​ផងដែរ ដោយ​បាន​ធ្វើអោយ​​​​​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ ​​​​ ដែល​ផ្ទុក​​ទៅ​ដោយ​ធាតុ​វិទ្យុសកម្ម​ ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ។ អធិរាជ​ជប៉ុន​ ព្រះ​ចៅ​Akihito ចង់​អោយ​​​​​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​ការ​​​​បង្វឹក​​ប្រជាជន​អោយ​ចេះ​ការពារ​ខ្លួន ​ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ។

ជនជាតិ​ជប៉ុន​​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ជិត​ពីរ​ម៉ឺន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ ក្នុង​​​គ្រោះ​មហន្តរាយ​បង្ក​ដោយ​រលក​យក្ស​ស៊ូណាមី​ កាល​ពី​ថ្ងៃ​ ១១​មីនា​ ឆ្នាំ ២០១១។
ជនជាតិ​ជប៉ុន​​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ជិត​ពីរ​ម៉ឺន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ ក្នុង​​​គ្រោះ​មហន្តរាយ​បង្ក​ដោយ​រលក​យក្ស​ស៊ូណាមី​ កាល​ពី​ថ្ងៃ​ ១១​មីនា​ ឆ្នាំ ២០១១។ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ​​ វេលា​ម៉ោង​​២ និង​៤៦ នាទីរសៀល​ ​នៅ​ប្រទេស​ជប៉ុន ប្រជាជន​ជប៉ុន​គ្រប់​រូប  ​បាន​​​​សំដែង​ការ​ស្ងប់​ស្ងៀម​រយៈ​ពេល​មួយ​នាទី ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ជិត​ពីរ​ម៉ឺន​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​បង្ក​ដោយ​រលក​យក្ស​ស៊ូណាមី​ កាល​ពី​ថ្ងៃ​ ១១​មីនា​ ឆ្នាំ ២០១១។ រដ្ឋាភិបាល​ជប៉ុន​បាន​រៀបចំ​ពិធី​រំលឹក​​​ខួប​នេះ ជា​លក្ខណៈ​ជាតិ នៅ​ក្រុង​តូក្យូ ដោយ​មាន​ការ​ចូលរួម​ពី​អធិរាជជប៉ុន Akihito និង​អធិរាជ​នី Michiko ផងដែរ។

អធិរាជ​ជប៉ុន ព្រះ​ចៅ​Akihito បាន​លើក​ឡើង​ពីរ​សារៈ​សំខាន់ ដែល​យុវជន​ជប៉ុន​ជំនាន់​ក្រោយ​ត្រូវ​តែ​ចងចាំ​​​ទុក​ក្នុង​ចិត្ត​ ​នូវ​ព្រិត្តិការ​​​គ្រោះ​មហន្តរាយ​នេះ។

គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​ ២ និង​៤៦ នាទី​រសៀល ថ្ងៃ​សុក្រ​ ទី ១១​មីនា ឆ្នាំ ២០១១​ ប្រទេស​ជប៉ុន​បាន​រង​នូវ​គ្រោះ​រញ្ជួយ​ដី​មួយ​ក្នុង​កម្រិត ៩ វ៉ិចទ័រ​ ដែល​កើត​ឡើង​នៅ​ក្រោម​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ការ​រញ្ជួយ​ដី​នេះ​ បាន​​បង្ក​ជា​រលក​សមុទ្រ​​ខ្ពស់ៗ​​​​ ដែល​នៅ​កន្លែង​ខ្លះ​មាន​កំពស់​រហូត​ដល់​ទៅ​​​ ២០​ម៉ែត្រ​។ រលក​យក្ស​​បាន​បោកបក់​​​​លើ​ឆ្នេរ​​តំបន់​​​ Tohoku ស្ថិត​នៅ​ភាគ​ឥសាន​ប្រទេស​ជប៉ុន​ បណ្តាល​អោយ​មាន​មនុស្ស​​ស្លាប់​ និង​បាត់​ខ្លួ​ន​ជា​បន្តបន្ទាប់។

ពីរ​ឆ្នាំ​ក្រោយ​​​​ការ​វាយ​ប្រហារ​របស់​រលក​យក្សស៊ូណាមី ប្រជាជន​ជប៉ុន​​​ជា​ង​បី​សែន​នាក់ កំពុង​​​រស់​នៅ​ក្នុង​លំនៅ​ដ្ឋានជា​​បណ្តោះ​អាសន្ន​នៅ​ឡើយ។ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រឹង​ប្រែង​​ជួសជុល​ និង​កសាង​​ហេដ្ឋា​រចនាសម្ព័ន្ធ​​​សំខាន់ៗ​ នៅ​តំបន់​រងគ្រោះ​ឡើង​វិញ។

ព្រះ​ចៅអធិរាជ​​Akihito ចង់​អោយ​​​​​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​ការ​​​​បង្វឹក​​ប្រជាជន​អោយ​ចេះ​ការពារ​ខ្លួន ​ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យា​​​​ថា​ នឹង​​ធ្វើ​អោយ​​​ប្រទេស​ជប៉ុន​​​​មាន​ប្រព័ន្ធការ​ពារ​ទប់​ទល់​នឹង​គ្រោះ​មហន្តរាយ​អោយ​បាន​​ខ្ពស់​​ថែម​ទៀត។

គួរ​រំលឹកដែរ​​ថា កាល​ពី​ពីរ​ឆ្នាំ​មុន រលក​យក្ស​ស៊ូណាមី​​ បាន​បំផ្លាញ​ម៉ាស៊ីន​ប្រតិករ​ចំនួន​បួន​ ក្នុង​ចំនោម​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​៦​ ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ។ កាលណោះ រលក​យក្ស​បាន​បង្ក​អោយ​មាន​​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​​​​ ដែល​ផ្ទុក​​ទៅ​ដោយ​ធាតុ​វិទ្យុសកម្ម​។

យោង​តាម​រដ្ឋា​​ភិបាល​ជប៉ុន​ ​ស្ថានភាព​​​​នៅ Fukushima នៅ​ពេល​បច្ចុប្បន្ន​​មាន​ភាព​នឹងនរឡើង​វិញ​​ហើយ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ​ ជប៉ុន​ត្រូវ​ការ​ពេលវេលា​​​យ៉ាង​ហោច​ណាស់​​ក៏​៤០​ឆ្នាំ​ទៀតដែរ​​ ដើម្បី​​​​រំលាយ​ចោល​នូវ​ម៉ាស៊ីន​ប្រតិករ​នុយ​ក្លេអ៊ែរ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ