អានតួអត្ថបទ
កម្ពុជា

មូល​និធិ UNFPA បង្ហាញ​របាយការណ៏​ស្តី​ពី​គ្រោះថ្នាក់​នៃ​មាតា​ភាព​វ័យ​ក្មេង​

មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន ឬ​ហៅ​ថា UNFPA នៅ​រសៀល​ថ្ងៃ​ពុធនេះ បាន​ចេញ​ផ្សាយ​របាយការណ៏​មួយ​ ដែល​និយាយ​ពី​ស្ថានភាព​ប្រជាជន​ពិភពលោក​ឆ្នាំ ២០១៣ ក្រោម​ប្រធានបទ ភាព​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ក្មេង។ ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​សណ្ឋាគារ សាន់​វ៉េ រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ពាក់​ព័ទ្ធ អង្គការ​នានា និង​យុវវ័យ​ជាង ១០០នាក់ មក​​ពី​​សហគមន៍​សេវា​កម្សាន្ត។

គិលានុបដ្ឋាយិកា​កំពុង​ពិនិត្យ​សុខភាព​កុមារី ពេល​មក​ដល់​មន្ធីរ​ពេទ្យ​ភ្លាម។
គិលានុបដ្ឋាយិកា​កំពុង​ពិនិត្យ​សុខភាព​កុមារី ពេល​មក​ដល់​មន្ធីរ​ពេទ្យ​ភ្លាម។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

យុវតីដែល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេងនឹង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​។ នេះ​គឺ​ជា​អ្វី​ដែល​របាយការណ៍​របស់ មូលនិធិ UNFPA បាន​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី​៣០តុលា​នេះ។ គឺជារបាយការណ៍ដែល​សំដៅ​ឆ្លុះ​បញ្ចាំង​អំពីបញ្ហា​ប្រឈម ព្រម​ទាំង​សំពាធសង្គម​នានា ដែល​បង្ក​ផល​លំបាក​ដល់​ស្រ្តី​វ័យ​ក្មេង និង​ក្មេងស្រី​ជំទង់​ទាំងឡាយ​ដែល​ក្លាយ​ខ្លួន​ជាម្តាយ​គេ។ របាយកាណ៍បាន​បង្ហាញ​ថា ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​នៅវ័យ​ក្មេងខ្ចី គឺ​នឹង​ជួប​ផល​លំបាក​ដល់​សុខភាព ការ​អប់​រំ និង​ផលិតភាព​ផ្នែក​សេដ្ឋកិច្ច​របស់​ក្មេងស្រីទាំងនោះ។

 
លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការនារី បាន​ថ្លែងថា ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរចំពោះឱកាស​ការងារ​របស់​ក្មេងស្រីក្នុង​ការ​អនុវត្ត​សិទ្ធិមូលដ្ឋាន​របស់​ខ្លួន រួម​ទាំងសិទ្ធិ​ទទួល​បាន​សេវាសុខភាព និង​ការ​អប់​រំ​ទៀតផង។ លោក​ស្រី បាន​បន្ត​ថា ក្រសួង​កិច្ច​ការ​នារី នឹង​នៅ​តែបន្ត​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួនជាមូយ​ក្រសួង​ពាក់​ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍នានា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​សេវា​នានា ស្តី​ពី​សុខភាព​បន្តពូជ និង​សុខភាព​ផ្លូវភេទ​សម្រាប់​ស្រ្តី។ ជាមួយ​គ្នា​នោះ ក្រសួង​ ក៏​ចង់​បង្កើន​ការ​អប់រំដើម្បី​ទប់​ស្កាត់​មាតុភាព​វ័យ​ក្មេង​ផងដែរ។

ក្នុង​នោះ​ផងដែរ លោក​វេជ្ជបណ្ឌិត Derveeuw Marc តំណាង UNFPA ប្រចាំប្រទេស​កម្ពុជា​បាន​​បន្ថែម​​ថា ការក្លាយជាមាតា​វ័យ​ក្មេងនៅ​កម្ពុជាទំនង​ជា​កត្តាមួយ​ដែល​បណ្តាល​ឲ្យ​ក្មេងស្រីត្រូវ​ឆាប់​ឈប់​រៀន គ្មាន​ការងារធ្វើ​ ហើយ​បាត់បង់​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​។ លោក Marc បាន​បញ្ជាក់ថា ក្មេងស្រីត្រូវ​ការ​ព័ត៌មាន​គ្រប់​គ្រាន់​ និង​ត្រឹម​ត្រូវ អំពីបញ្ហា​សុខភាព​បន្ត​ពូជ និង​សុខភាពផ្លូវភេទ ជាពិសេស​គឺ​ជម្រើស​នានា ដែល​ជួយ​ឲ្យ​ក្មេងស្រី អាចពន្យា​រពេល​វេលា ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មាតានៅ​វ័យក្មេង។

តាម​របាយការណ៍​របស់​ UNFPA ​ស្ថានភាព​ប្រជាជន​ពិភពលោកជា​ករណីមួយ​សម្រាប់​បង្កើន​ការ​ជួយជ្រោម​ជ្រែងពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុង​ការ​លើក​កម្ពស់​សុខភាព​បន្ត​ពូជនិង​សុខភាព​ផ្លូវភេទ​យុវវ័យនៅ​កម្ពុជា។ របាយការណ៍នេះនឹងក្លាយ​ជា​សមាសធាតុ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុងកិច្ច​ខំប្រឹង​ប្រែងរបស់​ពិភពលោក សំដៅ​រួម​ចំនែក​លើកកម្ពស់ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ