អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

តាលីបង់​ដោះលែង​អ្នក​ទោស​អាមេរិកម្នាក់​ជា​ថ្នូរ​នឹង​អ្នក​ទោស​អាហ្វហ្កានីស្ថាន​នៅ​Guantanamo

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សោរ៍​ម្សិលមិញ អំពី​ការ​ដោះលែង​ទាហាន​អាមេរិក​ម្នាក់ ដែល​ពួក​តាលីបង់​នៅអាហ្វហ្កានិស្ថានចាប់​បាន កាលពី​ជិត​៥​ឆ្នាំមុន។ ជា​ថ្នូរ​នឹង​សេរីភាព​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដោះលែង​អ្នក​ទោស​អាហ្វហ្កានីស្ថាន ក្នុង​ពន្ធនាគារ​ហ្គ័នតាណាម៉ូ ចំនួន​៥​នាក់ ឱ្យ​ទៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​នៅ​ប្រទេស​កាតា ដែល​ជា​អន្តរការី។ សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ​កាតាអាច​ធានា​បាន​នូវ​សុវត្ថិភាព​នៃ​ការ​ផ្ទេរ​​អ្នក​ទោស​នេះ។ ​ការ​ផ្តោះ​ប្តូរ​អ្នក​ទោស​ដែល​អាចផ្តល់​សន្ទុះ​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានិស្ថាន។

ទាហាន​អាមេរិក​លោក​ Bowe Bergdahl ដែល​តាលីបង់​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០០៩
ទាហាន​អាមេរិក​លោក​ Bowe Bergdahl ដែល​តាលីបង់​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០០៩ AFP PHOTO HANDOUT-INTELCENTER"
ផ្សាយពាណិជ្ជកម្ម

បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ៣០​មិថុនា ឆ្នាំ​២០០៩ ពលបាលត្រី Bowe Bergdahl ជា​ទាហាន​អាមេរិក​តែ​ម្នាក់​គត់​ដែល​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​ទោស​របស់​ពួក​តាលីបង់ ក្នុង​អំឡុង​ពេល​សង្គ្រាម​១៣​ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន។ ការ​ដោះលែង​នេះ ត្រូវ​បាន​ប្រកាស​ជូន​ដំណឹង​ផ្ទាល់​ដោយ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពី​សេតវិមាន ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ប្រទេស​កាតា​ដែល​បាន​ជួយ​ជ្រោមជ្រែង​​អាមេរិក​ក្នុង​សំណុំ​រឿង​អ្នក​ទោស​នេះ។

 
ក្នុង​ពេល​ជា​មួយ​គ្នា​នោះ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាមេរិក លោក ឆាក់ ហាហ្គែល បាន​ជូន​ដំណឹង​អំពី​ការ​ដោះលែង​អ្នក​ទោស​អាហ្វហ្កានីស្ថាន​ ៥​នាក់ ជា​ថ្នូរ​នឹង​សេរីភាព​ទាហាន​អាមេរិក ពី​ពន្ធនាគារ​ហ្គ័នតាណាម៉ូ​។ អ្នក​ទោស​ទាំង​៥​នាក់​នោះ​​សុទ្ធ​តែ​ជា​តំណាង​ជាន់​ខ្ពស់​​នៃ​របប​តាលីបង់ ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​ នៅ​ពេល​អាមេរិក​ចូល​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន ក្រោយ​ព្រឹត្តិការណ៍​មហាភេវកម្ម​ថ្ងៃ​ទី ១១​កញ្ញា​២០០១។ លក្ខខណ្ឌ​នៃ​ការ​ផ្តោះប្តូរ​អ្នក​ទោស​មិន​ត្រូវ​បាន​លម្អិត​ឱ្យ​ដឹង​ទេ ជា​ហេតុ​ធ្វើ​ក្រុម​អ្នក​សាធារណរដ្ឋ​អាមេរិក រិះគន់​យ៉ាង​ខ្លាំង ខ្លាច​ក្រែង​ពួក​ភេរវនិយម​មាន​សេចក្តី​ក្លាហាន​​ចាប់​ទាហាន​អាមេរិក​ ដើម្បី​ប្រើ​ជា​ថ្នូរ​សម្រាប់​ដោះលែង​អ្នក​ទោស។

អាមេរិក​សុខចិត្ត​ដោះលែង​ពួក​តាលីបង់​ប្រាំ​នាក់​នេះ បន្ទាប់​ពី​បាន​ទទួល​ការ​ធានា​រ៉ាប់រង​ ពី​ប្រទេស​កាតា ដែល​ដើរ​តួជា​អន្តរការី និង​បាន​យល់​ព្រម​ទទួល​​អតីត​អ្នក​ទោស​តាលីបង់​នៅ​ហ្គ័នតាណាម៉ូទាំង​៥​នាក់​នោះ​ ឱ្យ​ស្នាក់​នៅ​ក្នុង​ទឹក​ដី​កាតា ជាមួយ​នឹង​ការ​ដាក់​កំរិត​សកម្មភាព។

​នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ ដែល​កាតា​បាន​បាន​រិត​ចំណង​ជាមួយ​ពួក​តាលីបង់​។ កាតា​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​តាលីបង់​បើក​ការិយាល័យ​នយោបាយ​នៅ​ទីក្រុង ដូហា កាលពី​ឆ្នាំ​មុន​ដោយ​មាន​ការ​ព្រមព្រៀង​ពី​សហរដ្ឋ​អាមេរិក សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ចរចា​ជាមួយ​រដ្ឋាភិបាល​នៅកាប៊ូល មុន​នឹង​ត្រូវ​បិទ​ទ្វារ​ទៅ​វិញ ដោយ​គ្មាន​ចរន្ត​ចរចា​អ្វី​លេច​ជា​រូបរាង។ យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅលើក​នេះ ក្រុមប្រឹក្សា​ជាន់​ខ្ពស់​សន្តិភាព​អាហ្វហ្កានីស្ថាន ផ្តល់​ក្តី​សង្ឃឹម​លើ​​ការ​ផ្តោះ​ប្តូរ​អ្នក​ទោស​ ថា​​​ជា​ការ​ផ្តល់​សន្ទុះ​​ដល់​ការ​ចរចា​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ