អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ស.រ.អា

​របាយការណ៍​អាមេរិក ៖ អាហ្វហ្កានីស្ថានគ្មាន​សមត្ថភាព​ចាត់​ចែង​ប្រាក់​ជំនួយ

យុទ្ធនាការ​ឃោសនា​បោះឆ្នោតប្រធានាធិបតី​អាហ្វហ្កានីស្ថាន នឹង​ត្រូវ​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ២ កុម្ភៈ​នេះ​តទៅ។ ១២​ឆ្នាំ​ក្រោយ​សង្គ្រាម និង​ការ​ដួល​រលំ​នៃ​របប​តាលីបង់ អាហ្វហ្កានីស្ថាន នឹង​រៀប​ចំ​ការ​បោះឆ្នោត​ថ្ងៃ​ទី​៥​មេសា ក្នុង​ស្ថានភាព​យ៉ាប់​យឺន​ដដែល។ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​ប្រទេស​នេះ​ឡើង​វិញ ប៉ុន្តែ​បើ​តាម​របាយការណ៍​ដែល​ទើប​ចេញ​​ផ្សាយ​នៅសហរដ្ឋ​ ក្រសួង​រដ្ឋបាល​អាហ្វហ្កានីសា្ថន​គ្មាន​សមត្ថភាព​ចាត់ចែង​លុយ​ជំនួយ​​នេះ​ត្រឹមត្រូវ​សោះ។

ការដ្ឋាន​សាងសង់​អាគារ​ថ្មីៗ​នៅ​ក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន
ការដ្ឋាន​សាងសង់​អាគារ​ថ្មីៗ​នៅ​ក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន Melanie Stetson Freeman/The Christian Science Monitor via Getty
ផ្សាយពាណិជ្ជកម្ម

ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត  ក្នុង​គ្រប់​ក្រសួង​ដែល​បាន​​ប្រាក់​ជំនួយផ្ទាល់​ កាលពី​ឆ្នាំ​ទៅ ដែល​មាន​ទំហំ​មិន​តិច​ជាង​១ពាន់​៦​រយ​លាន​ដុល្លារ​ ! នេះ​ជាខ្លឹម​សារ​សរុប​នៃ​របាយការណ៍​អាមេរិក ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ត្រីមាស ដោយ​ស្ថាប័ន​ឯករាជ្យ ​ SIGAR (អធិការដ្ឋាន​ពិសេស​ដើម្បី​ស្ថាបនា​អាហ្វហ្កានីស្ថាន) មាន​បន្ទុក​ត្រួត​ពិនិត្យ​​ការ​ចាយវាយ​លុយ​ជំនួយ​របស់​ពលរដ្ឋ​អាមេរិក។

កាលពី​រដូវ​ក្តៅ​កន្លង​ទៅ ស្ថាប័ន​នេះ​​ធ្លាប់​បាន​បរិហារ​ការ​ចំណាយ​​ហួសហេតុ​របស់​អង្គការ​​ផ្នែក​ចាត់​ចែង​ជំនួយ​អាមេរិក​ និង​ចែកចាយ​ថវិកា​ USAID ម្តងរួច​ហើយ ចំពោះ​ចំណាយ​ច្រើន​តែ​បាន​​​លទ្ធផល​តិច។ ការរិះគន់​ដែល​នាំ​ឱ្យ​មាន​ការ​បើក​​ការ​អង្កេត។ ជា​លទ្ធផល​ ក្រសួង​ទាំង​១៦​របស់​អាហ្វហ្កានីស្ថាន គ្មាន​សមត្ថភាព​ចាត់​ចែង​ប្រាក់​ជំនួយ​ទេ ជាពិសេស​គឺ​ក្រសួង​ហិរញ្ញវត្ថុ​តែ​ម្តង !

ប៉ុន្តែ​បន្ទាប់​មក ​បើ​ទោះ​បី​ជាបាន​ដឹង​អំពី​អសមត្ថភាព​ដូច្នេះ​ក្តី និង​ទោះ​បី​មាន​សំណើ​សុំ​​ពី​ក្រុម​អ្នក​អង្កេត​ក្តី ក៏​​ USAID បាន​ចូល​ទៅធ្វើ​ជា​ឆ្មាំ​​ក្នុង​ក្រសួង​​តែ​​ចំនួន៧ និង​ក្នុង​បរិមាណ​តិច​តួច​បំផុត។ សម្រាប់USAID ដែល​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម បាន​ការពារ​ខ្លួន​​ពី របាយការណ៍​SIGAR ថា​អង្គការ​មាន​យន្តការ​​ ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​បាន។ យន្តការ​នេះ​គួរជាទី​​ទុក​ចិត្ត​ ព្រោះ​ការ​​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ នៅ​តាម​គ្រប់​ក្រសួង​របស់​អាហ្វហ្កានីស្ថាន​ មុន​នឹង​ដាក់​ឱ្យ​ដំណើរ​ការកម្មវិធី​ជំនួយ មិន​មែន​ជា​របៀប​ប្រើប្រាស់​ប្រភព​ធនធាន​អាមេរិក​​ ប្រកប​ដោយ​​ការ​ប្រុង​ប្រយ័ត្ន​ឡើយ។

សូម​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​១២​ឆ្នាំនេះ ក្រៅ​អំពី​ការ​តម្រូវ​ការ​ថវិកា​​ផ្នែក​យោធា​ សហរដ្ឋ​អាមេរិក បាន​ចំណាយ​​​ជិត ១០០​ពាន់​លាន​ដុល្លារ សម្រាប់​កសាង​ប្រទេស​អាហ្វហ្កានីស្ថាន​ឡើង​វិញ៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ