អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

វៀតណាម​៖ របប​ផ្តាច់​ការ​គណបក្ស​កុម្មុយនិស្ត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​កុម្មុយនិស្ត​វៀតណាម។ ជិត​៤០​​ឆ្នាំ​កន្លង​មក​ហើយ​ ដែល​វៀតណាម​ខាង​ជើង​និង​វៀតណាម​ខាង​ត្បូង បាន​បង្រួប​បង្រួម​គ្នា​ទៅ​ជា​ប្រទេស​តែ​មួយ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​។ ទោះ​បី​ជា​បាន​នឹង​កំពុង​បន្ត​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ​១៩៨៦​មក​ក្តី​ ក៏​វៀតណាម​ដែល​យក​តម្រាប់​តាម​ប្រទេស​ចិន​ នៅ​តែ​ជា​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​ក្នុង​ពេល​បច្ចុប្បន្ន។

ទង់ជាតិ​ប្រទេស​វៀតណាម​
ទង់ជាតិ​ប្រទេស​វៀតណាម​ google
ផ្សាយពាណិជ្ជកម្ម

ក្រោយ​បន្ទាប់​ពី​ទីក្រុងសៃហ្កុង(Saigon) បាន​ធ្លាក់នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥​ វៀតណាម​ខាង​ជើង​និង​វៀតណាម​ខាងត្បូង​ត្រូវ​បាន​បង្រួប​បង្រួម​គ្នាទៅ​ជា​ប្រទេស​តែ​មួយ​វិញ​ដែល​ក្លាយ​ជា​របប​កុម្មុយនិស្ត​ផ្តាច់ការ ក្រោម​ឈ្មោះ​ថា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

ឥឡូវ​នេះ​ ជិត៤០​ឆ្នាំ​ក្រោយ​មក ជា​ផ្លូវការ​ទីក្រុង​ហាណូយ​(Hanoi)​ ចាត់​ទុក​របប​នយោបាយ​នៃ​ប្រទេស​ខ្លួន​ថា​ជា​"លទ្ធិ​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ" នោះ គឺ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​។ រដ្ឋា​ភិបាល​ពន្យល់ថា ​ខ្លួន​កំពុង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ រីក​ចំរើន​សន្សឹមៗ​ទៅ​មុខ​ ដោយ​សន្តិវិធី​។

នៅ​ក្នុង​ន័យ​នេះ​ អាជ្ញាធរ​អះអាង​ថា នៅ​ពេល​បោះ​ឆ្នោត​សភា​ម្តងៗ តែង​តែ​មាន​តំណាង​រាស្រ្ត​មួយ​ចំនួន​ ដែល​មិន​មែន​ចេញ​មក​ពី​ជួរ​គណបក្ស​កុម្មុយនិស្ត​។ ជាក់ស្តែង​ វា​មាន​អ៊ីចឹង​មែន​បេក្ខជន​មិនមែន​កុម្មុយនិស្ត​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០០៧ ក៏​ដូច​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១១​ដែរ។

ក៏​ប៉ុន្តែ​ ការ​ពិត​ទាំងស្រុង វា​មិន​ដូច​មាត់​រដ្ឋា​ភិបាលថា​នោះ​ឡើយ​។  អ្នក​ដែល​មិនមែន​កុម្មុយនិស្ត​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ លុះ​ត្រា​តែ​អ្នក​នោះ​ជា​បេក្ខជន​ឯកឯង​ គ្មាន​អង្គការ​នយោបាយ​ សង្គម​ឬ​សាសនា​ នៅ​ពី​ក្រោយ​។ យ៉ាប់​ជាង​នេះ​ទៅ​ទៀត​ បេក្ខភាព​នៃ​បណ្តា​ជន​ឯករាជ្យ​​ទាំង​អស់​នោះ​ ត្រូវ​ឆ្លង​កាត់​មុខ​អាជ្ញាធរ​មូលដ្ឋាន​ រួច​ហើយ​មុខ​អាជ្ញាធរ​ថ្នាក់​ជាតិ​។ ជា​ទូទៅ​ បេក្ខភាព​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ត្រូវ​បាន​ច្រាន​ចោល​ ក្រោម​លេស​ថា​ ជា​ការ​គំរាម​កំហែង​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

ក្រោម​លេស​ថា​ជា​ការ​គំរាមកំហែង​សណ្តាប់​ធ្នាប់​សាធារណៈ​ អាជ្ញាធរ​វៀតណាម​ ចាប់​សកម្មជន​ប្រជាធិបតេយ្យ​ ​សកម្មជន​សិទ្ធិ​មនុស្ស និងពួកអ្នកប្រឆាំង​ញាត់​បញ្ចូលគុក​ ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ជនជាតិ​ភាគ​តិច​ ទៅ​លើ​ប្រមុខ​ពុទ្ធ​សាសនា​ និង​ប្រមុខ​គ្រិស្តសាសនា​។ មិន​ត្រឹម​តែ​គ្មាន​សេរីភាព​សាសនា​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​សេរីភាព​សារពត៌មាន​ក៏​គ្មាន​ដែរ​។ ចុង​​ក្រោយ​​នេះ អាជ្ញាធរ​បាន​និង​កំពុង​បន្ត​បង្កើន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ៊ីនធឺណែត ដ្បិត​Facebook និង Micro-blogs កំពុង​ក្លាយ​ជា​វេទិកា​មួយ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​សម្រាប់​ទីក្រុង​ហាណូយ។ អ្វី​ដែល​អាជ្ញាធរ​វៀតណាម​ចង់​ទប់​ស្កាត់ គឺ​ការ​ប្រើប្រាស់​អ៊ីនធឺណែត​ដើម្បី​កេណ្ឌ​គ្នីគ្នា​ងើប​បះបោរ ឬ​ដើម្បី​និយាយ​សម្អុយ​ថ្នាក់​ដឹកនាំ ឬ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពាក្យ​ចរចាម​អារ៉ាម ព័ត៌មាន​មិន​ពិត​និង​សារ​ឃោសនា។

និយាយ​រួម ប្រព័ន្ធ​នយោបាយ​នៃ​ប្រទេស​វៀតណាម​មាន​មូលដ្ឋាន​នៅ​លើ​អំណាច​នៃ​បក្ស​កុម្មុយនិស្ត។ គឺ​គណកម្មធិការ​មជ្ឈិម​និង​ការិយាល័យ​នយោបាយ​នៃ​បក្ស​ជា​អ្នក​អនុម័ត​រាល់​សេចក្តី​សម្រេចចិត្ត​សំខាន់ៗ។ បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​វត្តមាន​នៅ​គ្រប់​ជាន់​ថ្នាក់​និង​គ្រប់​ទី​កន្លែង ពី​រដ្ឋបាល​ជាតិ​និង​មូលដ្ឋាន ពី​កងទ័ព​និង​នគរបាល រហូត​ទៅ​ដល់​សាលា​រៀន​និង​សហគ្រាស​រដ្ឋ​ ឬ​ឯកជន។

យ៉ាងណា​ក៏​ដោយ ភាព​តានតឹង​រមែង​តែ​កើត​ឡើង​នៅ​ក្នុង​ជួរ​គណបក្ស​កុម្មុយនិស្ត រវាង​អ្នក​ដឹក​នាំ​កំពូលៗ​ដែល​ប្រជែង​ឥទ្ធិពល​និង​ដណ្តើម​អំណាច​គ្នា។ ជាក់​ស្តែង នៅ​ឆ្នាំ​២០១២ លោក​ប្រធានាធិបតី ទ្រឿង តាន់​សាង(Truong Tan Sang) និង​លោក​នាយក​រដ្ឋមន្ត្រី ងៀន តាន់ ឌុង(Nguyen Tan Dung) បាន​ទាស់ទែង​គ្នា​ខ្លាំង រហូត​ដល់​បាន​បណ្តាល​ឱ្យ​ការិយាល័យ​នយោបាយ​និង​គណកម្មធិការ​មជ្ឈិម​បក្ស​រួម​ប្រជុំ​គ្នា​ដើម្បី​ចាប់​កំហុស​លោក​នាយក​រដ្ឋមន្ត្រី​ទៀត​ផង។

ផ្ទុយ​ទៅ​វិញ​ នៅ​លើ​វិស័យ​សេដ្ឋកិច្ច​ វៀតណាម​យក​តម្រាប់​តាម​ចិន​ ដោយ​បាន​បោះ​បង់​ចោលសេដ្ឋកិច្ច​ផែនការ​ បែរ​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ​ និង​បើក​ចំហ​ប្រទេស​ ដើម្បី​ទទួល​វិនិយោគ​បរទេស​។

ថ្នាក់​ដឹក​នាំ​វៀតណាម​ បាន​ផ្តើម​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច​ នៅ​ឆ្នាំ​១៩៨៦​។ កាល​នោះ​ ទី​ក្រុង​ហាណូយបាន​អនុម័ត​ច្បាប់​មួយ​ចំនួន​ បានអនុញ្ញាត​ឲ្យ​មានវិនិយោគ​បរទេស​ជា​លើក​ទី​មួយ​បង្អស់​។ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​នយោបាយ​doi moi ដែល​គេ​អាច​បក​ប្រែ​ថា​ជា​ កំណែ​ទម្រង់​ ឬការ​ផ្លាស់ប្តូរ​ឲ្យ​បាន​ប្រសើរ​ឡើង​ ស្រដៀង​គ្នា​នឹង​ពាក្យ​Perestroïka នៅ​សហភាព​សូវៀត​ សម័យ​លោក​Gorbatchev​។

ក្រោយ​មក​ទៀត​ នៅ​ឆ្នាំ​១៩៩១​ ថ្នាក់​ដឹក​នាំ​វៀតណាម​ បាន​ផ្តើម​ធ្វើ​សេរីកម្ម​នៅ​លើ​វិស័យ​កសិកម្ម។​ ដី​ធ្លី​លែង​ជា​កម្មសិទ្ធិ​របស់​សមូហភាព។​ រដ្ឋាភិបាល​ទទួល​ស្គាល់​វិស័យ​ឯកជន​ និង​ធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​រដ្ឋ​។ នយោបាយ​ doi moi បាន​នាំ​មក​យ៉ាង​លឿន​រហ័ស​ នូវ  លទ្ធផល​​​ល្អ​ហួស​ការ​ស្មាន​ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត​។ នៅ​ចុង​ទសវត្សរ៍​ទី​៩០​ វៀតណាម​ដែល​ជា​ប្រទេស​ក្រ​គ្មាន​អង្ក​ច្រក​ឆ្នាំង​ បាន​ក្លាយ​ជា​ប្រទេស​លក់​អង្ក​ចេញ​ទៅ​ក្រៅ​លំដាប់​ថ្នាក់​លេខ​មួយ​ នៅ​ក្នុង​ពិភព​លោក​។ នៅ​ឆ្នាំ​១៩៩៥​ វៀតណាម​ក្លាយ​ជា​សមាជិក​នៃ​អាស៊ាន​ មាន​ទំនាក់​ទំនង​ទូត​ឡើង​វិញ​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដែល​បាន​សម្រេច​ឈប់​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​អតីត​សត្រូវ​មួយ​នេះ​របស់​ខ្លួន​ នៅ​ឆ្នាំ​១៩៩៤​។

វៀតណាម​​បាន​ក្លាយ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៧។ ពី​ឆ្នាំ​១៩៩១​មក​ទល់​នឹង​ឆ្នាំ​២០១៣ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​វៀតណាម​ម្នាក់​ៗ គិត​ជា​មធ្យមភាគ បាន​កើន​ឡើង​បី​ដង កើន​ដល់​១ ៥០០​ដុល្លារ។

យ៉ាង​ណា​ក៏​ដោយ ជាង​២០​ឆ្នាំ​ក្រោយ​សេរីកម្ម​សេដ្ឋកិច្ច ប្រទេស​វៀតណាម​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ច្រើន​យ៉ាង។ ម្យ៉ាង​គឺ​ការ​កើន​ចំនួន​លឿន​រហ័ស​នៃ​យុវវ័យ។
ក្នុង​ខណៈ​នេះ ៥៦%​នៃ​ប្រជាជន​ទាំង​ស្រុង​មាន​អាយុ​ក្រោម​៣០​ឆ្នាំ ហើយ​រៀង​រាល់​ឆ្នាំយុវជន​​និង​យុវនារី​ប្រមាណ​១​លាន​នាក់​ឡើង​មក​ដល់​ទី​ផ្សារ​ការ​ងារ។ ម្យ៉ាង​ទៀត គឺ​វិសមភាព​​រវាង​អ្នក​មាន​និង​អ្នក​ក្រ រវាង​ទីក្រុង​និង​ស្រុក​ស្រែ​ចំការ។ ម្យ៉ាង​ចុង​ក្រោយ គឺ​អំពើ​ពុក​រលួយ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ចាត់​ទុក​ថា ជា​មហា​ដំបៅ​សង្គម​ដែល​ត្រូវ​តែ​កំចាត់។

ជា​ការ​ពិត​ណាស់​ដែល​ថា​ សេរីកម្ម​សេដ្ឋកិច្ច​នៅ​វៀតណាម​ មិន​បាន​នាំ​មក​ទន្ទឹម​គ្នា​នូវ​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​។ ក៏​ប៉ុន្តែ​ ក្រុម​អ្នក​សង្កេតការណ៍​ អះអាង​ថាសព្វថ្ងៃ​
នៅ​ផ្ទៃ​ក្នុង​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ មាន​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​ ជុំ​វិញ​ប្រធាន​រឿង​ពីរ​។ ប្រធាន​រឿង​ទី​មួយ​ គឺ​ការ​ចាំ​បាច់​ក្នុងការបង្កើត​ឲ្យ​មាន​អង្គការ​មួយ​ចំនួន​ ដែល​មិន​អាស្រ័យ​នឹង​បក្ស​កុម្មុយនិស្ត​ ដូច​យ៉ាង​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជា​ដើម​។ គោល​ដៅ​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​បណ្តើរៗ​ ស្ថាប័ន​ឯករាជ្យ​ដែល​អាច​ទប់​កម្លាំង​ខ្លាំង​ជ្រុល​របស់​គណបក្ស​កុម្មុយនិស្ត​ ពីព្រោះ​ពិភព​លោក​ដែល​ផ្លាស់​ប្តូរ​ ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដែរ​ នៅ​ក្នុង​ប្រទេស​វៀតណាម​។

ប្រធាន​រឿង​ទី​ពីរ​ នៃ​ការ​តស៊ូ​មតិ​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​កុម្មុយនិស្ត​វៀតណាម​សព្វ​ថ្ងៃ​ គឺ​ការ​រៀប​ចំ​ ឲ្យ​មាន​តុល្យភាព​ល្អ​ រវាង​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​ និងចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ជើង​។ គួរបញ្ជាក់ថា នៅ​ឆ្នាំ​១៩៧៥​ ក្រោយ​ពេល​ដែល​ទី​ក្រុង​សៃហ្កុងបាន​ធ្លាក់​ ពួក​កុម្មុយនិស្ត​ដែល​បាន​បង្កប់​ខ្លួន​ នៅ​វៀតណាម​ខាងត្បូង​ បាក់​កម្លាំង​ទន់ខ្សោយ​ខ្លាំង​។ មូលហេតុ​ទី​មួយ​ គឺ​
បណ្តាល​មក​ពី​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៨​ និង​ ឆ្នាំ​១៩៧៥​ ពួក​កុម្មុយនិស្ត​បង្កប់​ខ្លួន​ នៅ​វៀតណាម​ខាង​ត្បូង​ បាន​ស្លាប់​អស់​ច្រើន​។ ឯ​មូល​ហេតុ​ទី​ពីរ​ គឺ​បណ្តាល​មក​ពី​ ការ​បង្រួបបង្រួម​យ៉ាង​លឿន​រហ័ស វៀតណាម​ខាងត្បូង​ និង​វៀតណាម​ខាងជើង​ទៅ​ជា​ប្រទេស​តែ​មួយ​ និង​ការ​លាត​សន្ធឹង​របៀប​គ្រប់គ្រង​ប្រទេស​តាម​បែប​កុម្មុយនិស្ត​ ពី​ខាង​ជើង​មក​ខាង​ត្បូង​ ធ្វើ​ឲ្យ​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ជើង​ មាន​ឥទ្ធិពល​ខ្លាំង​ជាង​ ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​។

ក៏ប៉ុន្តែ នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ​ សេដ្ឋកិច្ច​មាន​តម្លៃ​ជាង​មនោគមវិជ្ជា​ បាន​ន័យ​ថា​ តំបន់​ប៉ែក​ខាង​ត្បូង​ ជា​ពិសេស​ទី​ក្រុង​សៃហ្កុង​ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​កំពុងស្គាល់ការ អភិវឌ្ឍន៍​លឿន​ជាង​តំបន់​ប៉ែក​ខាង​ជើង​ ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្ត​ពួក​កុម្មុយនិស្ត​ខាង​ត្បូង​ មាន​ទឹក​មាត់​ប្រៃ​ឡើង​វិញ​។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រជាជន​វៀតណាម​នៅ​បរទេស​ កូន​ចៅ​របស់​ជនភៀស​ខ្លួន​Boat people ដែល​បាន​រៀន​សូត្រ​នៅ​អាមេរិក​ឬ​នៅ​អឺរ៉ុប​ ត្រឡប់​ចូល​មក​ក្នុង​មាតុ​ប្រទេស​វិញ​ ជា​ពិសេស​មករស់​នៅ​ទីក្រុង​សៃហ្កុង​ និង​រក​ស៊ី​មាន​បាន​ ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​សំខាន់ៗ​ ដែល​ពី​អំណើះ​ត​ទៅ​ គណបក្ស​កុម្មុយនិស្ត​វៀតណាម​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ