អានតួអត្ថបទ
ចិន-សេណេហ្កាល់

ប្រមុខការទូត​ចិន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​សេណេហ្កាល់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច

ដើម្បី​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ចិន​ចំពោះ​ទ្វីបអាហ្រ្វិក លោក​ប្រមុខ​ការទូត​ចិន​បាន​ជ្រើសរើស​ទ្វីបអាហ្រ្វិក​ដើម្បី​បំពេញ​ទស្សនកិច្ច​សម្រាប់​ឆ្នំា​ថ្មី។ បន្ទាប់​ពី​ប្រទេស​អេត្យូពី ជីប៊ូទី និង​ប្រទេស​ហ្គាណា លោក​រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​សេណេហ្កាល់​ក្នុង​ថ្ងៃទី១០ និង​ទី១១ មករា​នេះ។ នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ លោក​ប្រមុខ​ការទូត​ចិន​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រមុខ​ការទូត លោក​នាយករដ្ឋមន្រ្តី និង​លោក​ប្រធានាធិបតី​សេណេហ្គាល់។ ទស្សនកិច្ច​ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​ដាកា។

លោក​ប្រមុខ​ការទូត​ចិន ​វ៉ាង អ៊ី (Wang Yi) នៅ​ពេល​ស្ថិត​ក្នុងប្រទេស​អេត្យូពី ដើម្បី​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​​នៅ​ស៊ូដង់​ខាង​ត្បូង
លោក​ប្រមុខ​ការទូត​ចិន ​វ៉ាង អ៊ី (Wang Yi) នៅ​ពេល​ស្ថិត​ក្នុងប្រទេស​អេត្យូពី ដើម្បី​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​​នៅ​ស៊ូដង់​ខាង​ត្បូង REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ប្រទេស​ទំាង​ពីរ​ចិន និង​សេណេហ្គាល់​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ជា​ថ្មី​កាល​ពី ៨ឆ្នំា​មុន​មក ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​សេណេហ្គាល់។ បច្ចុប្បន្ន​នេះ ចំណែក​ទីផ្សារ​ដែល​ចិន​ទទួល​បាន​ពី​សេណេហ្គាល់ គឺ​មាន​ប្រហាក់ប្រហែល​នឹង​ប្រទេស​បារំាង​ដែរ ពោល​មាន​ប្រមាណ​ជា ១១% ដោយ​មិន​រាប់បញ្ចូល​ផលិតផល​ប្រេងកាត​ទេ។ បើ​យោង​តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចំា​ទីក្រុង​ដាកា​ឲ្យ​ដឹង​ថា ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សេណេហ្គាល់​គិត​ត្រឹម​ខែ​សីហា ឆ្នំា ២០១៣ មាន​ប្រមាណ​ជា ៦៣៣លានដុល្លារ ពោល​មាន​ការ​កើន​ឡើង​ចំនួន ២០,៨% បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នំា ២០១២។ សព្វថ្ងៃ​នេះ ៩៥% នៃ​ផលិតផល​សេណេហ្គាល់​ដែល​នំា​ចូល​ប្រទេស​ចិន​មិន​មាន​បង់ពន្ធ​ទេ

 
អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា ទោះបី​ជា​បរិមាណ​នៃ​ការ​នំា​ផលិតផល​សេណេហ្គាល់​ចូល​ក្នុង​ប្រទេស​ចិន​នៅ​មាន​ចំនួន​តិច​ក៏​ដោយ ក៏​ចរន្ត​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទំាង​ពីរ​កំពុង​មាន​កំណើន​ទៅ​មុខ​ជា​ប្រចំា និង​ដោយ​មាន​ការ​គំាទ្រ​ពី​ជំនួយ​អភិវឌ្ឍន៍សាធារណៈ។ ជាមួយ​នឹង​ជំនួយ​ជាង ២០០លានដុល្លារ​ដែល​ចិន​ជួយ​សេណេហ្គាល់​ក្នុង​ឆ្នំា ២០១៣ ចិន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​ជំនួយ​ឲ្យ​សេណេហ្គាល់​លំដាប់​ទី៤។ ជំនួយ​នៅ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន និង​ផ្លូវ highway ជា​ដើម។ ក្រៅ​ពី​នោះ ចិន​ក៏​បាន​ផ្តល់​ជំនួយ​ជួយ​សាងសង់​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​កូនក្មេង​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ