អានតួអត្ថបទ
កូរ៉េខាងត្បូង

សម្តេចប៉ាប​ហ្រ្វង់ស័រ​យាង​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​នៅ​កូរ៉េខាងត្បូង

ប្រមុខ​សង្ឃ​សាសនា​កាតូលិក សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ សីហា​នេះ។ គឺ​ជា​ទស្សនកិច្ច​លើកទី១​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ តំាង​ពី​ព្រះអង្គ​បាន​ក្លាយ​ជា​សម្តេច​ប៉ាប​មក។ នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង សម្តេច​ប៉ាប​ហ្រ្វង់ស័រ​នឹង​យាង​ចូលរួម​នៅ​ក្នុង​ទិវា​យុវជន​កាតូលិក​អាស៊ី​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​យុវជន​អាស៊ី​ពី​ជាង ២០ប្រទេស​ក្នុង​តំបន់។ ដោយឡែក និង​ក្រៅ​ពី​ការ​ពង្រឹង​វិស័យ​សាសនា​កាតូលិក​នៅ​អាស៊ី សម្តេច​ប៉ាប​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ពិសេស​ការ​បង្រួបបង្រួម​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ដែរ។

សម្តេចប៉ាប​ហ្រ្វង់ស័រ​យាង​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​នៅ​កូរ៉េខាងត្បូង
សម្តេចប៉ាប​ហ្រ្វង់ស័រ​យាង​បំពេញ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​នៅ​កូរ៉េខាងត្បូង REUTERS/Hwang Gwang-mo/Yonhap
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១ ក្នុង​រយៈពេល ២៥ឆ្នំា​កន្លង​ទៅ​ដែល​ទើប​មាន​សម្តេចប៉ាប​មួយ​អង្គ​បាន​ដាក់​ជើង​ជាន់​លើ​ទឹកដី​កូរ៉េខាងត្បូង។ សម្តេចប៉ាប​ហ្រ្វង់ស័រ​ត្រូវ​បាន​ទទួល​ដោយ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហ៊ឺ​នៅ​ឯ​អាកាសយានដ្ឋាន​អ៊ីនឆុង​ក្នុង​ទីក្រុង​សេអ៊ូល។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង សម្តេចប៉ាប​នឹង​ត្រូវ​ទទួល​ជួប​សន្ទនា​ដោយ​ថ្នាក់ដឹកនំា​កូរ៉េខាងត្បូង ក្រុម​អង្គការ​សង្គមស៊ីវិល ព្រម​ទំាង​ស្ថានប័ន​សាសនា​កាតូលិក​នៅ​ទូទំាង​ប្រទេស។ ដោយឡែក ព្រះអង្គ​ក៏​ត្រូវ​យាង​ចូលរួម​នៅ​ក្នុង​ទិវាយុវជនកាតូលិក​អាស៊ី​លើកទី៦ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​យុវជន​កាតូលិក​អាស៊ី​ជាង ២០ប្រទេស​នៅ​ក្នុង​តំបន់។

គួរ​រម្លឹក​ជូន​ថា កាល​ពី ២៥ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ១៩៨៩ ក៏​ធ្លាប់​មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​សង្ឃ​កាតូលិក​មួយ​អង្គ​ដែរ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង គឺ​សម្តេចប៉ាប​ហ្សង់ប៉ូលទី២។ បើ​ធៀប​នឹង​ប្រទេស​អាស៊ី​ផ្សេង​ទៀត កូរ៉េខាងត្បូង​ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​កាន់សាសនា​កាតូលិក​ច្រើន​ជាង​គេ និង​ដែល​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នំា​ទៅ​មួយ​ឆ្នំា។ បច្ចុប្បន្ន​នៅ​កូរ៉េខាងត្បូង មាន​អ្នក​កាន់សាសនា​កាតូលិក​ប្រមាណ​ជា ៥លាននាក់ ពោល​ស្មើ​នឹង ១០% នៃ​ប្រជាជន​សរុប។ បើ​ធៀប​នឹង​សាសនា​ផ្សេង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ តែ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ១០ម៉ឺននាក់​ជា​រៀងរាល់​ឆ្នំា។ នៅ​កូរ៉េខាងត្បូង សាសនា​កាតូលិក ជា​សាសនា​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លំាង​នៅ​ក្នុង​ផ្នែក​នយោបាយ បញ្ញវន្ត និង​សេដ្ឋកិច្ច។ តំណាងរាស្រ្ត​កូរ៉េខាងត្បូង​ចំនួន ២០% ជា​អ្នកកាន់​សាសនា​កាតូលិក ហើយ​រូប​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហ៊ឺ​ក៏​ជា​អ្នក​កាន់​សាសនា​កាតូលិក និង​ធ្លាប់​បាន​សិក្សា​នៅ​ក្នុង​សកលវិទ្យាល័យ​កាតូលិក​ក្នុង​ទីក្រុង​សេអ៊ូល​ដែរ។

ក្រៅ​ពី​កម្មវត្ថុ​ពង្រឹង​វិស័យ​សាសនា​កាតូលិក​នៅ​កូរ៉េខាងត្បូង សម្តេចប៉ាប​ហ្រ្វង់ស័រ​ក៏​គ្រោង​នឹង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ពិសេស​ការ​បង្រួបបង្រួម​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។ តែ​កូរ៉េខាងជើង​បាន​ឆ្លើយ​តប​ដោយ​បាន​បាញ់​គ្រាប់មីស៊ីល​ចម្ងាយ​ខ្លី​ចំនួន ៣ដើម​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន នៅ​ក្រោយ​ការ​យាង​មក​ដល់​របស់​សម្តេចប៉ាប​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ