អានតួអត្ថបទ
ចិន

នាយករដ្ឋមន្រ្តី​ចិន៖ រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​អតិផរណា

នៅថ្ងៃ​អាទិត្យ ២៦ ធ្នូ ២០១០​នេះ លោក​វេន ជាប៉ាវ (Wen Jiabao) នាយករដ្ឋមន្រ្តី​ចិន​បាន​បាន​បង្ហាញ​នូវ​​ជំនឿចិត្ត​ថា ​រដ្ឋាភិបាលចិន​អាចនឹង​ដោះស្រាយ​បញ្ហា​អតិផរណា​បាន។ ការប្រកាស​ធានាបែបនេះ ត្រូវ​បាន​ធ្វើ​ឡើង មួយថ្ងៃ​ក្រោយ​ពីធនាគារ​កណ្តាល​ចិន​បាន​សម្រេច​ដំឡើង​អត្រាការប្រាក់ ចំនួន ០,២៥%។

លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តី​ចិន
លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តី​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីទៅ​ជា​ឫសគល់​នៃ​បញ្ហា​អតិផរណា​នៅចិន?
04:08

ការពន្យល់​របស់​សេង ឌីណា

វិធានការ ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ កាល​ពី​ខែ​កន្លងទៅ ពិត​ជា​បាន​បង្កើត​ផលផ្លែ​ជា​វិជ្ជមាន ក្នុង​ការ​ទប់ស្កាត់​ការឡើង​ថ្លៃ​ទំនិញ។ នេះ​បើ​តាម​ការ​អះអាង​​របស់​លោក​វេន ជាប៉ាវ នៅថ្ងៃ​អាទិត្យនេះ។

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ ត្រូវ​ចំ​នឹង​ថ្ងៃ​បុណ្យ​ណូអែល ធនាគារ​កណ្តាល​ចិន​បាន​ប្រកាស​ដំឡើង​អត្រាការប្រាក់​ជាលើក​ទី២ ក្រោយ​ពី​បាន​ដំឡើង​ម្តងរួចមកហើយ កាល​ពី​ខែ​តុលា​កន្លងទៅ។ មុននេះ ចិន​ក៏​បាន​សម្រេច​បង្កើន​ផលធៀប​ធនបម្រុង​ធនាគារ (Reserve Requirement Ratio) ចំនួន ៦លើក​រួចមកហើយ​ដែរ។

អ្នកវិភាគ​ជាច្រើន​យល់ថា ការ​ដែល​ធនាគារ​ចិន​បាន​សម្រេច​បង្កើន​អត្រាការប្រាក់ ជាលើក​ទី២ កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញនេះ បង្ហាញថា​ វិធានការ ដែល​ចិន​បាន​ដាក់​ចេញ​ នាពេល​កន្លង​ទៅ ទំនង​ជា​មិនមាន​ប្រសិទ្ធិភាព​​គ្រាប់គ្រាន់ ក្នុង​ការ​ទប់ទល់​នឹង​​នឹង​បញ្ហា​អតិផរណា​នោះទេ។
គិតមក​ត្រឹម​​​ខែ​វិច្ឆិកា​កន្លងទៅនេះ អត្រាអតិផរណា​មធ្យម​ប្រចាំ​ឆ្នាំ នៅ​ចិន ​បាន​កើន​ឡើង រហូត​ដល់ ៥,១%។ អត្រា​នេះ នៅមាន​កម្រិត​ទាបនៅឡើយ ធៀប​នឹង​ឆ្នាំ​២០០៨ ដែល​មាន​រហូត​ដល់​ទៅ ៨,៧%។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​បារម្ភ គឺ​ល្បឿន​នៃ​កំណើន​អតិផរណា។​ ក្នុង​ចន្លោះ ពីខែ​កញ្ញា ដល់​ខែ​វិច្ឆិកា​នេះ អត្រាអតិផរណា​បាន​កើន​ឡើង ជាមធ្យម ប្រមាណ​ជា ០,៨% ក្នុង​មួយខែ។

នៅពេលនេះ ការទប់ស្កាត់​ការឡើងថ្លៃ​ទំនិញ គឺ​ជា​អាទិភាព​ចម្បងបំផុត​របស់​រដ្ឋាភិបាល​ចិន។ ចិន​កំពុង​តែ​បារម្ភ​ខ្លាច បញ្ហា​អតិផរណា​បង្ក​ឲ្យ​មាន​ការ​បះបោរ​តវ៉ា ពីសំណាក់​ប្រជាជន​ទូទៅ ជាពិសេស ប្រជាជន​ក្រីក្រ និង​ប្រជាជន​ថ្នាក់​កណ្តាល ដែល​ជាអ្នក​​ត្រូវ​រងគ្រោះ​មុន​គេ នៅពេល​ទំនិញ​សព្វសារពើ​ឡើង​ថ្លៃ​កប់ពពក។

បន្ទាប់​ពី​ការ​ឡើង​ថ្លៃ​​គ្រឿង​ឧបភោគ-បរិភោគ តម្លៃ​អចលន​វត្ថុ​ នៅចិន ក៏​ចាប់​ផ្តើម​​​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ។ លោក​វេន ជាប៉ាវ បាន​ថ្លែង​ថា នៅក្នុង​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​ចិន​មាន​គម្រោង​សាងសង់​លំនៅដ្ឋាន ចំនួន ១០លាន​ សម្រាប់​លក់ ឬ​ជួល​ក្នុង​តម្លៃ​ថោកសមរម្យ។ ឥណទាន​ធនាគារ​​ក្នុង​វិស័យ​អចលនវត្ថុ​ ព្រមទាំង​ការប្រើប្រាស់ដីធ្លី ដើម្បី​សាងសង់​ផ្ទះលក់ ក៏​នឹង​ត្រូវ​រឹតបន្តឹង​ផងដែរ ដើម្បី​ទប់ស្កាត់​នឹង​​ការកើនឡើង​​នៃ​តម្លៃ​អចលន​វត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ