អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​បាន​ជា​ថៃ​ព្យាយាម​រារាំង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ថៃ​បាន​ព្យាយាម​ក្នុងកា​ររារាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ នៅថ្ងៃចន្ទ​សបា្តហ៍​ក្រោយ​ ដោយ​បន្តគូស​បញ្ជាក់​ពីយន្តការ​ដោះស្រាយ​ជម្លោះ ឈរ​លើ​យន្តការ​ទ្វេភាគី។​ តើអ្វីដែ​ល​ជាមូលហេតុនៃ​ការរារាំង​នេះ?

ក្រុម​អាវលឿង​ថៃធ្វើ​បាតុកម្ម​ក្នុង​ក្រុង​បាងកក ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទាមទារ​យក​ទឹកដី​ពី​កម្ពុជា​វិញ
ក្រុម​អាវលឿង​ថៃធ្វើ​បាតុកម្ម​ក្នុង​ក្រុង​បាងកក ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទាមទារ​យក​ទឹកដី​ពី​កម្ពុជា​វិញ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា​-ថៃ ​នឹង​បង្ហាញ​គោលជំហរ​រួមនឹង​ភស្តុតាង​រៀងៗ​ខ្លួន​នៅថ្ងៃ​ចន្ទ​សបា្តហ៍​ក្រោយនេះ​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជុំវិញ​ការផ្ទុះ​សង្គ្រាម​នៅតំបន់​ព្រំដែន​ព្រះវិហារ​។ ប៉ុន្តែ​ពីពេលនេះ បន្តរហូតដល់មុនការបើកកិច្ចប្រជុំ​ ភាគី​ថៃ​ដែល​កម្ពុជា​បានចោទ​ប្រកាន់​ថា​ ឈ្លានពាន​ទឹកដីខ្លួន​ កំពុង​តែព្យាយាម​បញ្ចុះ​បញ្ចូល​សមាជិក​អាស៊ាន​ និង​ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​កុំឲ្យ​បើកកិច្ច​ប្រជុំនេះ។​ ហេតុអ្វី​បានជា​ថៃ​រារាំង​ និងខ្លាច​កិច្ចប្រជុំ​នេះ​ម្ល៉េះ?​

ក្រុមអ្នកវិភាគនយោបាយលើកឡើងថា បំណង​នៃការ​រារាំងនេះ​ទី​ ១ បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា ​ជម្លោះព្រំដែន​កម្ពុជា-ថៃ​ គឺអាច​ដោះ​ស្រាយ​ដោយ​យន្តការ​ទ្វេភាគី​បាន​។ ប៉ុន្តែ​យន្តការ​ទ្វេភាគី​ត្រូវបាន​កម្ពុជា​បិទទ្វា​រចោលបាត់ទៅ​​ហើយ គឺមានតែពហុភាគី។​ ទី២​ ​គឺ​ដោយ​សារថៃ​ខ្លាច​ពិភពលោក​ ​និង​អង្គការ​សហ​ប្រជាជាតិ​ដឹងពី​មហិច្ឆិតា​លោភ​លន់​ និង​ពុតត្បុត​អាក្រក់​ ​ល្មោភសង្គ្រាម និង​ឈ្លាន​ពានមក​លើទឹក​ដី​កម្ពុជា​។​​ បើតាម​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​អ្នកវិភាគ​នយោបាយ​ខ្លះ ​ការព្យាយាម​របស់​ថៃ​ មិនចង់ឲ្យ​មានកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិ​សុខ​ គឺគ្រាន់​តែ​ចង់បន្ត​បោកប្រាស់​មតិ​ជាតិ និងអន្តរជាតិ​ប៉ុណ្ណោះ ក៏ប៉ុន្តែលេសទាំងអស់នេះ គឺ​វា​ហួស​សម័យ​ទៅ​ហើយ។

ម្យ៉ាងទៀត​ថៃមិន​ចង់ឲ្យ​ជម្លោះនេះ​ធ្លាក់ទៅ​ក្នុងដៃ​អន្តរជាតិ​ជាថ្មីម្តង​ទៀត​ ព្រោះថា​ ខ្លួនមាន​បទពិសោធន៍​ យ៉ាង​អាម៉ាស់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេនៅ​ឆ្នាំ១៩៦២​ម្តងរួច​មកហើយ។​ ពេលនេះ​ទៀត ​កម្ពុជា​បានទាម​ទារនូវ​ការបកស្រាយ​ និង​អនុវត្ត​សាលក្រម​ឲ្យបាន​ពេញលេញ​ រួមទាំង​ស្នើសុំ​កិ​ច្ចអន្តរាគមន៍​ពីអន្តរ​ជាតិ​នានា​ គឺបាន​ធ្វើឲ្យ​ថៃ​វ័ណ្ឌក​ កាន់តែ​ខ្លាំង​ក្នុងសំណុំ​រឿងព្រំដែន​ជាមួយ​កម្ពុជា។​ ការរារាំង​នេះ​ក៏បង្ហាញ​កាន់តែ​ច្បាស់ថា​ ថៃពិត​ជាមិន​បានបំភ្លេច​ចោល​នូវ​ចេតនា​ចង់​បាន​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ និងទឹក​ដីខ្មែរ​នៅក្នុង​តំបន់​នោះដោយ​គូស​ និង​ប្រើប្រាស់​ផែនទី​ជាឯក​តោភាគី​របស់​ខ្លួន​ដើម្បី​យក​ទឹកដី​ខ្មែរ​ ប្រាស​ចាកពី​កិច្ចព្រម​ព្រៀង​អន្តរជាតិ​នានា​ដែល​ខ្លួន​បាន​យល់​ព្រម​ និង​អនុវត្ត​តាម។ ម្យ៉ាង​ទង្វើ​របស់​ថៃដែល​កំពុង​តែធ្វើ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កំពុង​តែ​រំលោភ​ច្បាប់​អន្តរជាតិនា​នា ​ក្នុងនោះ​មានកា​របាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​ បេតិក​ភណ្ឌ​ពិភព​លោក​ និង​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ដែល​ពិភពលោក​ហាមឃាត់​ជាដើម។

ដូច្នេះ​ការប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ​បញ្ជាក់​ឲ្យឃើញ​ច្បាស់ថា​ថៃកំពុង​តែ​បាក់​ មុខ​បាក់មាត់​នៅក្នុង​សហ​គមន៍​អន្ត​រជាតិ​ ដោយ​គេដឹងថា​ ថៃ​គឺជា​ប្រទេស​ឈ្លាន​ពាន​ប្រទេស​ជិតខាង​ខ្លួន​ និង​រំលោភ​ លើច្បាប់​អន្តរ​ជាតិ​នានា។​ ថៃគ្មានអ្វី​ក្រៅពីការ​លើកឡើង​ថា​ ការចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភ​ពលោក​ និង​គម្រោង​អភិវឌ្ឍន៍​តំបន់នោះ​បានបង្កភាព​តាន​តឹង ​និងជម្លោះប្រ​ដាប់អាវុធ​រវាង​កម្ពុជា​ថៃ។​ ការលើក​ឡើង​ ដែលគ្រាន់តែ​ជាសេស​ប៉ុណ្ណោះ ​ប៉ុន្តែតាម​ពិតក្រុម​អ្នកវិភាគ​បានលើក​ឡើង​ថា ​ថៃបានព្យាយាម​បង្វែរ​វិបត្តិ​នយោបាយ​ ផ្ទៃក្នុង​ខ្លួនមក​ជាយដែន​ ហើយបន្តម​ហិច្ឆតា​លេបត្របាក់​ទឹកដីខ្មែរ។

សម្រាប់​កម្ពុជា​ កិច្ច​ប្រជុំនេះ​គឺជាជោគ​ជ័យផ្នែ​កការងារ​ការទូត​មួយ​ប្រឆាំង​នឹង​ប្រទេ​សថៃ​ ដោយ​សារ​ថាថៃ​ កំពុង​តែបរាជ័យ​ជាបន្ត​បន្ទាប់​ក្នុង​នយោ​បាយការទូ​ត និង​មិនអា​ចបញ្ចុះបញ្ចូល​សមាជិក​នានា​លុប​ចោល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន។ ប៉ុន្តែ​សំណួរ​ចោទ​សួរថា​ តើកិច្ច​ប្រជុំក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិនេះ​នឹង​ជួយស្វែង​រកដំណោះ​ស្រាយចុង​ក្រោយមួយ​សម្រាប់​ជម្លោះព្រំ​ប្រទល់ដែន​រវាង​កម្ពុជា​-ថៃដែល​បានកើត​ឡើង​ជាយូរ​មកហើ​យនេះបាន​ឬទេ?​ លទ្ធផល​ពិតជាមិន​ទាន់ដឹង​នៅឡើយ​ទេ ​ដោយរង់​ចាំអ៊ុតមើល​លទ្ធផល​នៅថ្ងៃចន្ទ។

ប៉ុន្តែអ្វីដែល​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវពិនិត្យ​ គឺមិន​មែនត្រឹម​តែដើម្បី​បញ្ចប់​សង្គ្រាម​យោធារវាង​កម្ពុជា​ថៃ ​នៅតំបន់​ប្រាសាទ​ព្រះវិហារ​ទេ ​ប៉ុន្តែត្រូវ​មានការ​ធានាពី​អន្តរជាតិ​ចំពោះ​ប្រទេស​កម្ពុជា​ និង​ការពារ​មិនឲ្យ​មាន​ជម្លោះ​ ប្រដាប់​អាវុធ​ទាំងតូច​ទាំងធំតាម​បណ្តោយ​ព្រំដែន​រួមគ្នាជាង ​៨០០​ គីឡូម៉ែត្រ​ ព្រម​ទាំងការ​ប្រើប្រាស់​ផែនទី​ស្រប​ច្បាប់​ និងការ​បញ្ចប់ការ​បោះបង្គោល​ព្រំដែន​រួមផង​ដែរ។​ កម្ពុជា​ក៏ត្រូវបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ​រវាង​ខ្មែរ-ថៃ​ នៅតំបន់​ប្រាសាទ​ព្រះវិហារ​នេះដែរ​ ហើយក៏​ជា អ្វីដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន​ ព្រោះថា​កម្ពុជា​បាន​ទទួល​រងគ្រោះ​សង្គ្រាម​ជាង​៣០​ឆ្នាំមក​ហើយ​ មិនចង់​ឃើញ​ឡើយសង្គ្រាម​បង្ហូរឈាម​គ្នា។​ ចំណែក​ឯថៃក៏ត្រូវ​បង្ហាញ​ ឆន្ទៈធ្វើ​ជាអ្នកជិត​ខាងល្អ​ មិនបង្ក​សង្គ្រាម​ និង​ការឈ្លាន​ពាន​កម្ពុជា​ដែរ។

សុរប​មកវិញ​ អ្វីដែល​ថៃព្យាយាម​រារាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ គឺគ្រាន់​តែដើម្បី​ ពន្យារ​ពេល​ការរ​កដំណោះ​ស្រាយ​លើជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​ និង​ដើម្បី​បានផល​ចំណេញ​នយោបាយ​សម្រាប់​ក្រុម​ អាវលឿង​ និង​ប្រជា​ប្រិយ​ភាព​របស់​នាយ​ករ​ដ្ឋមន្ត្រី​អាភីស៊ីត​សម្រាប់​ការបោះ​ឆ្នោត​នាពេលខាង​មុខ​ ហើយ​នឹង​ការ​ប៉ុន​ ប៉ងម្តង​ហើយ​ម្តងទៀត​ដើម្បី​ទាមទារ​ទឹកដី​កម្ពុជា​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​មហិច្ឆតា​នេះត្រូ​វបានបរា​ជ័យ​នៅពេ​លដែលក​ម្ពុជា ​បាន​ផ្លាស់ប្តូ​រជំហ​រយ៉ាងលឿន​ពីយន្តការ​ទ្វេភាគី​មកដោះ​ស្រាយ​បញ្ហា​ដោយ​យន្តការ​អន្តរ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ