អានតួអត្ថបទ
កម្ពុជា

កម្មករ​ជួប​ជុំ​ ហែ​ក្បួន​ដាក់​ញត្តិ ​ទាម​ទារ​ប្រាក់​ខែ​សមរម្យ

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​រាប់​រយ​នាក់ ​ឈរ​លើ​ឡាន​អត់​ដំបូល ​ពាក់​អាវ​យឺត​ពណ៌​ផ្កាឈូក ​មាន​សរសេរ​អក្សរ​ថា ​"យើង​ត្រូវ​ការ​ប្រាក់​ឈ្នួល​សមរម្យ ​we need decent wage" ​ កាន់​បដា ​និង​ស្រែក​មេក្រូ ​បាន​បើក​ហែ​ក្បួន ​តាម​ដង​នានា ​ចេញ​ពី​តំបន់​រោងចក្រ​ ចូល​មក​កាន់​រាជធានី​ភ្នំពេញ។ ​ក្រុម​កម្មករ​រាប់រយ​នាក់​នោះ បាន​ត្រូវ​ជួប​ជុំ​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​តុលា​នេះ ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ។ ​ក្រោយ​ការ​ជួប​ជុំ ថ្លែង​ការណ៍​របស់​មេដឹកនាំ​សហព័ន្ធ​សហជីព ​ចំនួន​ ៦ ​រួច​មក​ ក្រុម​កម្មករ​បាន​ហែរ​ញត្តិ ​ទៅ​ដា​ក់​នៅ​ស្ថាន​ទូត​អាមេរិក​ ស្ថានទូត​សហភាព​អឺរ៉ុប​ និង​នៅ​រដ្ឋសភា។

ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​តុលានេះ​ នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១២​តុលានេះ​ នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោងទុក ក្រុមកម្មករ​រោងចក្រ​កាត់ដេរ​រាប់រយ​នាក់ ពាក់​អាវយឺត ពណ៌​ផ្កាឈូក បាន​ធ្វើ​ដំណើរ​តាម​ឡាន មក​ប្រមូលផ្តុំ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី១២តុលា។ ក្រុមកម្មករ បាន​លើក​បដា ស្រែក​មេក្រូ ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ។

បន្ទាប់ពី​ជួបជុំ លើក​បដា និង​ថ្លែងការណ៍ នៅ​ទីលាន​ប្រជាធិបតេយ្យ រួចហើយ ក្រុមកម្មករ បាន​ហែ​ក្បួន ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​អាមេរិក នៅ​សហភាព​អឺរ៉ុប និង​នៅ​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងបី ជួយ​ជំរុញ​ទៅកាន់​រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​អ្នកបញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ តម្លើង​ប្រាក់ខែ​សមរម្យ​ដល់​កម្មករ​រោងចក្រ។

ប្រាក់ខែ​កម្មករ​សមរម្យ ត្រូវបាន​លោក​ប៉ាវ​ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ជា​អ្នកដឹកនាំ​វេទិកា​ជួបជុំ ជាមួយនឹង​មេដឹកនាំ​សហជីព ៥ រូប​ផ្សេងទៀត នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​លើកឡើងថា សហជីព​កម្មករ លែង​និយាយ​ដល់​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ១៧៧ ដុល្លារ​ទៀតហើយ នៅពេលនេះ គឺ​ប្រាក់ខែ​សមរម្យ ត្រូវតែ​ឲ្យ​កម្មករ​ចំណាយ​គ្រប់គ្រាន់​ក្នុង​ជីវភាព​រស់នៅ ហើយ​ពេល​ឈឺ​មាន​លុយ មើលជំងឺ ជាដើម។
 
ជាការ​កត់សម្គាល់ វេទិកា​កម្មករ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហ​ជីព​​កម្មករ​ចំនួន ៦ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ គឺ​សហជីព​របស់លោក​អាត់​ធន់ លោក​រ៉ុង​ឈុន និង​លោក​ជា​មុនី មិន​ចូលរួម​ទេ ដោយ​សំអាងថា សហជីព​ទាំងបី រក្សា​ជំហរ​ទាមទារ​ឡើង​ប្រាក់​ខែ​កម្មករ ១៧៧ ដុល្លារ។

កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ ដំបូង​ឡើយ ថា​នឹង​ប្រជុំគ្នា នៅ​ថ្ងៃទី១០តុលា ដើម្បី​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​​ឆ្នាំ២០១៥។ តែ​កាលពី​ថ្ងៃទី៦តុលា ក្រសួង​បាន​ជូនដំណឹង លើក​ទៅធ្វើ​នៅ​ខែវិច្ឆិកា​វិញ។ កន្លងមក សហជីព​កម្មករ ទាមទារ​ឡើង​ប្រាក់ខែ ១៧៧ ដុល្លារ ក្រោយមក ចុះ​នៅត្រឹម ១៥០ ដុល្លារ។ រីឯ​ថៅកែ​រោងចក្រ ព្រម​ឡើង​ពី ១០០ ដុល្លារ នាពេល​សព្វថ្ងៃ ទៅ ១១០ ដុល្លារ ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​ប៉ាវ​ស៊ីណា រំពឹងថា នៅពេល​មេដឹកនាំ​សហជីព​កម្មករ​ទាំង ៨ ជួប​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​ការងារ នៅ​ថ្ងៃទី១៦តុលា តួលេខ​នៃ​ការ​តម្លើង​ប្រាក់ខែ​កម្មករ នឹងមាន​ការប្រែប្រួល អាច​ឡើង​លើសពី ១១០ ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ