អានតួអត្ថបទ
កម្ពុជា-អប់រំ

ធនាគារ​ពិភព​លោក ផ្តល់​ហិរញ្ញប្បទាន​៩០​លាន​ដុល្លារ ដើម្បី​បង្កើន​គុណភាព​អប់រំ​របស់​កម្ពុជា

ធនាគារ​ពិភព​លោក កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​អនុម័ត​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹក​ប្រាក់​៩០​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​បង្កើន​គុណភាព​អប់រំ​ឧត្តម​សិក្សា និង​ការងារ​ស្រាវ​ជ្រាវ​ និង​បង្ក​លទ្ធភាព​ដល់​សិស្ស​ក្រីក្រ​ឲ្យ​ទទួល​បាន​ការ​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា។​ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ស្វាគមន៍​ការ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​លើ​គម្រោង​នេះ​។

និស្សិត​នៅ​សកលវិទ្យាល័យ​ភ្នំពេញ
និស្សិត​នៅ​សកលវិទ្យាល័យ​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

គម្រោង​ខាង​លើ​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិត​សាស្ត្រ (STEM) និង​កសិកម្ម ហើយ​ត្រូវ​បាន​រំពឹង​ថា​និស្សិត​កម្ពុជា ដែល​បញ្ចប់​ការ​សិក្សា​នឹង​ទទួល​បាន​ជំនាញ និង​ចំណេះ​ដឹង ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ និង​មាន​ជំនាញ​ងាយ​ផ្ទេរ​បន្ត​ជាង​មុន ដែល​អាច​ជួយ​ប្រទេស​ធ្វើ​អន្តរកម្ម​ចេញ​ពី​សេដ្ឋកិច្ច​ផ្អែក​លើ​ការ​ប្រើ​ពលកម្ម​តាម​បែប​ប្រពល​វប្បកម្ម ឱ្យ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​មួយ​ដែល​ផ្អែក​លើ​ជំនាញ​ និង​ចំណេះ​វិញ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនគារពិភព​លោក​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​មេសា។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ថ្លែង​ថា គម្រោង​នេះ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​បង្កើន​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ឧត្តម​សិក្សា ដើម្បី​ជួយ​ឲ្យ​និស្សិត​កម្ពុជា ដែល​បញ្ចប់​ការ​សិក្សា​មាន​សមត្ថភាព​ឆ្លើយ​តប​នឹង​តម្រូវការ​កាន់​តែ​ខ្លាំង​របស់​ទីផ្សារ​ការងារ និង​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ធ្វើ​ការ​ចល័តទី និង​ផ្ទេរ​បច្ចេក​វិទ្យា​នៅ​ក្នុង​រង្វង់​សេដ្ឋកិច្ច​អាស៊ាន និង​លើស​ពីតំបន់​នេះ​ទៅ​ទៀត​។

លោក​ស្រី អ៊ីហ្គូ​ណា ដូបា្រ​ចា នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា ថ្លែង​ថា ការ​កសាង​សមត្ថភាព​ស្រាវជ្រាវ​មាន​គុណភាព​ខ្ពស់​មួយ និង​ការ​ត្រៀម​ឲ្យ​និស្សិត​ ដែល​បញ្ចប់​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​មាន​ជំនាញ​ខ្ពស់ គឺ​ជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា និង​ធនាគារ​ពិភព​លោក។ លោក​ស្រី​បន្ថែម​ថា ការ​ចាប់​ផ្តើម​សកម្មភាព​ពី​ពេល​នេះ​តទៅ អាច​ជួយ​កម្ពុជា​មាន​ភាព​ឈាន​មុខ​ក្នុង​ទុន​មនុស្ស និង​ពង្រឹង​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ឧត្តម​សិក្សា។

សូម​ជម្រាប​ជូន​ថា​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភព​លោក​សម្រាប់​គម្រោង​រយៈពេល​៦ឆ្នាំ​ខាង​មុខ​នេះ គឺបន្ត​ពី​គម្រោង​បង្កើន​គុណភាព និង​សមត្ថភាព​ឧត្តម​សិក្សា​នៅ​កម្ពុជា​ ពីឆ្នាំ ២០១០ ​ដល់​ឆ្នាំ​២០១៧ កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ